ក្រុងសេអ៊ូលៈ ប្រធាន​ក្រុមហ៊ុន LG Group បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ ៧៣ ឆ្នាំ​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏ធំ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​កាលពី​ថ្ងៃអាទិត្យ​។

លោក Koo Bon-moo ត្រូវ​បាន​គេ​ទទួល​ស្គាល់​ដោយសារ​ការពង្រីក​អាណាចក្រ​អាជីវកម្ម​នេះ​ដែល​ភាគច្រើន​ផ្តោត​លើ​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់ អេក្រង់ និង​សារធាតុគីមី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជីតា​របស់​លោក​ក្នុង​ឆ្នាំ​ ១៩៤៧​។

ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​នៃ​ការដឹកនាំ​របស់​លោក Koo ក្នុង​នាម​ជា​មន្ត្រី​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន LG Group ការ​លក់​បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​ប្រាក់​ចំណូល​ចំនួន ១៦០ ពាន់​ពាន់​លាន​វ៉ុន (១៤៨ ពាន់​លាន​ដុល្លារ​អាមេរិក​) ពី​ការលក់​កាលពី​ឆ្នាំ​មុន​ពោល​គឺ​កើនឡើង​ធៀប​នឹង​ប្រាក់​ចំណូល​ប្រមាណ ៣០ ពាន់​ពាន់​លាន​វ៉ុន​ក្នុង​ឆ្នាំ ១៩៩៤​។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង​បាន​ដកស្រង់​សម្តី​មន្ត្រី​ក្រុមហ៊ុន​នេះ​ខណៈ​ថ្លែង​ថា សហគ្រិន​រូប​នេះ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​បាន​ឆ្លងកាត់​ការវះកាត់​ខួរក្បាល​។

លោក Koo ត្រូវ​បាន​គេ​រាយការណ៍​ថា​លោក​បាន​ស្នើសុំ​ឲ្យ​កូនប្រុស​ចិញ្ចឹម​របស់​លោក​គឺ​លោក Koo Kwang-mo ទទួល​តំណែង​បន្ត​ពី​រូប​លោក​ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​ដ៏ធំ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គ្រួសារ​មួយ​នេះ​។

លោក Koo Kwang-mo វ័យ ៤០ ឆ្នាំ​គឺជា​កូនប្រុស​ច្បង​របស់​ប្អូនប្រុស​លោក Koo Bon-moo តែ​ត្រូវ​បាន​សហគ្រិន​រូប​នេះ​យក​មក​ចិញ្ចឹម​ក្នុង​ឆ្នាំ ២០០៤ បន្ទាប់ពី​លោក​បាន​បាត់បង់​កូនប្រុស​បង្កើត​របស់​លោក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០៕ BP