អ្វី​ទៅជា​ស្តង់ដា​គណនេយ្យ?

ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

ស្តង់ដា​គណនេយ្យ គឺជា​ឯកសារ​គោលនយោបាយ​មូលដ្ឋាន​មួយ និង​ជា​សំណុំ​ទូទៅ​នៃ​គោលការណ៍​បទដ្ឋាន នីតិវិធី​កំណត់​អំពី​ការអនុវត្ត​ជា​មូលដ្ឋាន ព្រមទាំង​ជា​គោលនយោបាយ​គណនេយ្យ​ហិរញ្ញវត្ថុ​។ ស្តង់ដា​គណនេយ្យ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អ្នកជំនាញ​ផ្នែក​គណនេយ្យ ឬ​រាជរដ្ឋាភិបាល​ដែល​ដើរតួនាទី​ជា​និយតករ​រៀបចំ​ស្តង់ដា ដូចជា​ក្រុមប្រឹក្សា​ស្ដង់ដា​គណនេយ្យ​ហិរញ្ញវត្ថុ (FASB) និង​ក្រុមប្រឹក្សា​ស្តង់ដា​គណនេយ្យ​អន្ដរជាតិ​ (IASB)​។ ស្តង់ដា​គណនេយ្យ​នឹងមាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការទទួលស្គាល់ ការកត់ត្រា​ការវាស់វែង​ការកែសម្រួល និង​ការបង្ហាញ​ពី​ប្រតិបត្តិការ​គណនេយ្យ​ដែលមាន​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​។

ស្ដង់ដារ​គណនេយ្យ​នឹង​ជួយ​ពង្រឹង​ដល់​តម្លាភាព​នៃ​ការរាយការណ៍​ហិរញ្ញវត្ថុ​ជា​សកល និង​ផ្ដល់​ជា​បទដ្ឋាន​មួយ​ច្បាស់លាស់​សម្រាប់​ការអនុវត្ដ​គណនេយ្យ​ដោយ​ផ្ដល់​ភាពងាយស្រួល និង​មាន​ទំនុកចិត្ត​សម្រាប់​ក្រុមហ៊ុន​/​សហគ្រាស វិនិយោគិន​និង​អ្នកប្រើប្រាស់​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងអស់​។ ការកំណត់​ឱ្យមាន​ស្តង់ដា​គណនេយ្យ​នេះ នឹង​ធ្វើឱ្យ​ប្រទេស​នានា​នៅលើ​ពិភពលោក​អាចអនុវត្ត​រួមគ្នា​នូវ​ពាក្យ​បច្ចេកទេស ទម្រង់ និង​ការគណនា​តួលេខ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងមូល ដូចជា​តួលេខ​ដែល​បង្ហាញ​ក្នុង​របាយការណ៍​ស្ថានភាព​ហិរញ្ញវត្ថុ និង​របាយការណ៍​លទ្ធផល​ជាដើម​។

ហេតុអ្វី​បានជា​ស្តង់ដា​គណនេយ្យ​មាន​សារៈសំខាន់?

ការអនុវត្ដ​ស្តង់ដា​គណនេយ្យ​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ក្រុមហ៊ុន និង​វិនិយោគិន​រួមមាន​៖

១. ស្តង់ដា​រួម​តែមួយ៖

ផ្ដោតលើ​ការតម្រូវ​ឱ្យ​ក្រុមហ៊ុន​/​សហគ្រាស អនុវត្ត​ដូចគ្នា​នូវ​ការកត់ត្រា​គណនេយ្យ​ដោយ​ស្របតាម​ក្របខ័ណ្ឌ​គណនេយ្យ​ពាក់ព័ន្ធ​ផ្សេងៗ​។ ក្រុមហ៊ុន​/​សហគ្រាស គួរប្រកាន់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​រាល់​ការកត់ត្រា​គណនេយ្យ​ដែល​បាន​ធ្វើឡើង​ស្របតាម​ស្តង់ដា ដូចៗ​គ្នា​។ នៅពេល​ដែល​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​អនុលោម​តាម​ស្តង់ដា​តែមួយ ធ្វើឱ្យ​ភាគី​ពាក់ព័ន្ធ​ងាយស្រួល​ក្នុង​ការពិនិត្យ និង​ប្រៀបធៀប​លទ្ធផល​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ប្រកបដោយ​ទំនុកចិត្ត​។

២. ការពង្រឹង​ទំនុកចិត្ត​លើ​របាយការណ៍​ហិរញ្ញវត្ថុ​៖

ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្រុមហ៊ុន​អាច​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​ក្រុមហ៊ុន​បាន​តាមរយៈ​របាយការណ៍​ហិរញ្ញវត្ថុ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងនេះ​អាច​ធ្វើការ​សម្រេចចិត្ត​ទៅបាន​ក៏​តាមរយៈ​ការបង្ហាញ ឬ​ទិន្នន័យ​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​បានរៀបចំ​នេះដែរ​។ បន្ថែម​ពីនេះ វិនិយោគិន​សក្ដានុពល​មួយចំនួន​ធំ​អាច​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​តាមរយៈ​ការទទួល​បាន​ព័ត៌មាន​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ដូចគ្នា​។

៣.ការផ្ដល់​ជា​ជំនួយ​សម្រាប់​សវនករ៖

ស្តង់ដា​គណនេយ្យ​បាន​បញ្ចូល​គ្នា​រាល់​គោលនយោបាយ ច្បាប់​និង​បទប្បញ្ញត្តិ​គណនេយ្យ​នៅក្នុង​ទម្រង់​សរសេរ​តែមួយ ដែល​គោលនយោបាយ​ទាំងនោះ​ត្រូវតែ​អនុវត្តតាម​។ ករណី​សវន​ករ​ពិនិត្យ​ឃើញ​ថា​គោលនយោបាយ​ទាំងនោះ​ត្រូវបាន​អនុវត្តន៍​តាម​ត្រឹមត្រូវ សវនករ​អាច​បញ្ជាក់​បាន​ថា​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បានរៀបចំ​ឡើង​នោះ​គឺមាន​ភាព​ត្រឹមត្រូវ​។ ដោយឡែក ករណី​ការកត់ត្រា ឬ​ការរាយការណ៍​គណនេយ្យ​បាន​ធ្វើ​ឡើង​ដោយ​មិន​ស្របតាម​ស្តង់ដា​ដែល​មាន​ជា​ធរមាន សវនករ​អាច​ធ្វើការ​វិនិច្ឆ័យ​បាន​ថា ទិន្នន័យ​ដែល​បានបង្ហាញ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​អាចមាន​បញ្ហា​។

៤. អនុលោមភាព​តាម​បទប្បញ្ញត្ដិ៖

និយតករ​របស់​រាជរដ្ឋាភិបាល​កំណត់​ថា រាល់​ក្រុមហ៊ុន​/​សហគ្រាស​ត្រូវតែ​អនុវត្តតាម​ស្តង់ដា​គណនេយ្យ​ដែល​មាន​ជា​ធរមាន​។ ការអនុវត្ត​តាម​ស្តង់ដា​គណនេយ្យ​ផ្ដល់​ជា​អត្ថប្រយោជន៍​ជូន​ដល់​វិនិយោគិន ឬ​ម្ចាស់​អាជីវកម្ម តាមរយៈ​ការការពារ​ពី​កំហុសឆ្គង​ដែល​អាច​កើតមានឡើង​ក្នុង​ក្រុមហ៊ុន​/​សហគ្រាស​។ ជាមួយ​គ្នា​នេះ​ការអនុវត្តតាម​ស្តង់ដា​ក៏​ជួយ​ពង្រីក​នូវ​តម្លាភាព​ប្រតិបត្តិការ​អាជីវកម្ម​ដែលជា​កត្តា​មួយ​ពង្រឹង​ដល់​ទីផ្សារ​របស់​ក្រុមហ៊ុន​/​សហគ្រាស​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ស្តង់ដា​គណនេយ្យ​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​នៅ​កម្ពុជា​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ (NAC) ជា​និយតករ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង ពង្រឹង និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម ព្រមទាំង​ជា​សេនាធិការ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើ​បេសកកម្ម​គ្រប់គ្រង​ និង​អភិវឌ្ឍ​វិស័យ​គណនេយ្យ និង​សវនកម្ម​តាមរយៈ​ការរៀបចំ​ការអនុវត្ត ការត្រួតពិនិត្យ​ និង​ការវាយតម្លៃ​នូវ​គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​។

យោងតាម​ប្រកាស​លេខ ០៦៨ ស.ហ.វ/ប្រ.ក ចុះ​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០០៩ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ចែងថា “​រាល់​ក្រុមហ៊ុន​/​សហគ្រាស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​អនុវត្តតាម​ទាំងស្រុង​នូវ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ (IFRSs)” ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​ស្តង់ដា​គណនេយ្យ​អន្ដរជាតិ (IASB) ដោយ​រួមទាំង​ការបកប្រែ និង​ការកែសម្រួល​ស្តង់ដា​។

កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០០៩ ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ (NAC) បានចេញ​សេចក្ដី​ជូន​ដំណឹង​លេខ ០៩៧/០៩ ស.ហ.វ-ក.ជ.គ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា (CIFRS) និង​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (CIFRS for SMEs)​។

បន្ថែម​លើ​នេះ​យោង​តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ ១០១ ស.ហ.វ.ប្រ.ក ចុះ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០១១ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​បាន​ចែងថា​៖ “​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ត្រូវ​អនុវត្តតាម​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ​នៃ​កម្ពុជា (CIFRS) ដូច​មានកំណត់​ក្នុង​ប្រកាស​លេខ ០៦៨ ​ស.ហ.វ/ប្រ.ក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០០៩ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​កម្ពុជា (​ស.រ.ហ.ក) និង​សេចក្ដី​ជូនដំណឹង​លេខ ០៩៧/០៩ សហវ/ក.ជ.គ ចុះ​ថ្ងៃទី​ ២៨ ខែ​ សីហា ឆ្នាំ​ ២០០៩ ស្ដីពី​ការដាក់​ឱ្យប្រើ​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ​នៃ​កម្ពុជា និង​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្ដរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម​ (CIFRS for SMEs)​។ ក្នុងន័យនេះ រាល់​ក្រុមហ៊ុន/សហ គ្រាស ដែល​មាន​គោលបំណង ឬ​ចង់​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​តែ​អនុវត្តតាម​ស្តង់ដា និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ដទៃទៀត​ដែល​មាន​ជា​ធរមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

រៀបរៀង​ដោយ៖ គណៈកម្មការ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​គ្រប់គ្រង​ការបោះ​ផ្សាយ​លក់​មូលបត្រ

អ៊ីមែល៖ issuance@secc.gov.kh

ទូរស័ព្ទ​៖ 023 885 611