The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានបទ​ទី​ ២៖ អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា

ប្រធានបទ​ទី​ ២៖ អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា

Content image - Phnom Penh Post
ឯកឧត្តម ស៊ូ សុជាតិ ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ដល់​លោកស្រី សោម នី ជយលាភី​លេខ​​ ២ ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​។

ប្រធានបទ​ទី​ ២៖ អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា

ទីផ្សារ​មូលបត្រ គឺជា​សរសៃឈាម​ដ៏សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ដែល​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ និង​វិនិយោគិន​ជា​អ្នកដើរ​តួនាទី​ស្នូល​។ គ្រប់​ប្រទេស​ទាំងអស់​នៅលើ​សកលលោក​តែងតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការបង្កើត និង​អភិវឌ្ឍ​ទីផ្សារ​នេះ ដើម្បី​ធានា​បាន​នូវ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពរឹងមាំ និង​ចីរភាព​ក្នុង​ទិសដៅ​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ដូច្នេះ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចតទៅ​៖

១. សម្រាប់​វិនិយោគិន

ការធ្វើ​ពិពិធកម្ម​៖ វិនិយោគិន​អាច​វិនិយោគ និង​ជួញដូរ​បាន​ទៅ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា មូលបត្រ កម្មសិទ្ធិ (​ភាគហ៊ុន​) មូលបត្រ​បំណុល (​សញ្ញាបណ្ណ​សាជីវកម្ម​) គម្រោង​វិនិយោគ​រួម កិច្ចសន្យា​គម្លាត​ថ្លៃ​រូបិយប័ណ្ណ លោហធាតុ​មាន​តម្លៃ ប្រេងឆៅ និង​កិច្ចសន្យា​គម្លាត​ថ្លៃ​ខុម៉ូឌីធី (​ផលិតផល​កសិកម្ម​) និង​សន្ទស្សន៍​ទីផ្សារ (Market Index) ជាដើម​។

ផល​ត្រឡប់​មក​វិញ (Return)៖ វិនិយោគិន​មូលបត្រ​អាច​ទទួល​បាន​នូវ​ផលតបស្នង​មកវិញ​ដូចជា ចំណេញ​មូលធន (Capital gain) ភាគលាភ (Dividend) ការប្រាក់ (Interest) ទៅតាម​ប្រភេទ​ផលិតផល​ហិរញ្ញវត្ថុ​ដែល​ពួកគេ​បាន​វិនិយោគ ហើយ​បច្ចុប្បន្ននេះ​លោក-អ្នក​អាច​វិនិយោគ​បាន​ទៅលើ​មូលបត្រ​កម្មសិទ្ធិ​ចំនួន​ ៦ និង​មូលបត្រ​បំណុល​ចំនួន​ ៧ ​ដែល​បាន​ចុះបញ្ជី​លក់​នៅ​ផ្សារមូលបត្រ​កម្ពុជា​។

សន្ទនីយភាព​ខ្ពស់ (High Liquidity)៖ សន្ទនីយ​ភាព​សំដៅ​ដល់​ភាពងាយស្រួល​ក្នុងការ​បំប្លែង​ទៅជា​សាច់ប្រាក់​។ វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ​ដែល​បាន​ទិញ​ភាគហ៊ុន ឬ​សញ្ញា​បណ្ណ​អាច​ធ្វើការ​លក់​មូលបត្រ​របស់ខ្លួន​វិញ​បាន​គ្រប់ពេល​នៅក្នុង​ទីផ្សារ ដើម្បី​ទទួល​បាន​សាច់ប្រាក់​ត្រឡប់​មក​វិញ​នៅពេល​ដែល​ពួកគេ​ត្រូវការ​។

ទទួល​បាន​ព័ត៌មាន​ប្រកប​ដោយ​សមធម៌​៖ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ទាំងអស់​ត្រូវ​ផ្តល់ និង​បង្ហាញ​ព័ត៌មាន​ទាន់​ពេល​ដល់​សាធារណជន​ក៏ដូចជា​វិនិយោគិន​ទូទៅ​នូវ​របាយការណ៍​ទាន់ពេល ព័ត៌មាន​អំពី​សកម្មភាព​អាជីវកម្ម និង​អភិបាលកិច្ច​សាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់ខ្លួន​ទៅ​តាម​ពេលវេលា​កំណត់​ដែល​ត្រូវបាន​ត្រួតពិនិត្យ ទទួលស្គាល់ និង​អនុញ្ញាត​ដោយ​និយតករ​មូលបត្រ (​គ.ម.ក.) ដែល​សាធារណជន និង​វិនិយោគិន​អាច​ជឿ​ទុកចិត្ត​បាន​។

ការលើក​ទឹកចិត្ត​ពន្ធដារ​៖ វិនិយោគិន​មូលបត្រ​ត្រូវ​ទទួល​បាន​ការបន្ថយ​ពន្ធ​កាត់​ទុក ៥០% លើ​ការប្រាក់ និង​/​ឬ​ភាគលាភ ដែល​បាន​មកពី​ការកាន់កាប់​មូលបត្រ​រដ្ឋ មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​។

Content image - Phnom Penh Post
ថ្ងៃ​ចុះបញ្ជី​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា នៅ​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២០​។

២. សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ (Issuers)

ការពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​៖ តាមរយៈ​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន​បោះផ្សាយ​នឹង​មាន​លទ្ធភាព​បង្កើន​ដើមទុន​របស់​ខ្លួន​ដោយ​ទទួល​បាន​ដើមទុន​ទៅ​តាម​តម្រូវការ និង​មាន​រយៈពេល​វែង​ដែល​អាចមាន​លទ្ធភាព​ក្នុង​ការពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​តាមរយៈ​ការបង្កើន​ផលិតកម្ម​ទំនិញ​/​សេវាកម្ម និង​/​ឬ ទិញ​អាជីវកម្ម​ផ្សេងៗ ដើម្បី​ពង្រីក​ទំហំ​ក្រុមហ៊ុន និង​បង្កើន​ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​ផងដែរ​។

ទទួល​បាន​កេរ្តិ៍ឈ្មោះ​៖ ក្រុមហ៊ុន​បោះផ្សាយ​នឹង​ត្រូវបាន​សាធារណជន​ទូទៅ​ស្គាល់​បាន​យ៉ាង​ទូលំទូលាយ តាមរយៈ​ការបោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ពីព្រោះ​ថា គ.ម.ក. ផ្ដល់​ការអនុញ្ញាត​ឱ្យ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​ណា​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​តែប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​សាធារណជន​ទទួលស្គាល់​កេរ្តិ៍ឈ្មោះ កិត្យានុភាព និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​បាន​ល្អ​ប្រសើរ​របស់​ក្រុមហ៊ុន​។

យុទ្ធសាស្ត្រ​ចាកចេញ​៖ ស្ថាបនិក​ក្រុមហ៊ុន ឬ​ភាគហ៊ុនិក​អាច​លក់​ភាគហ៊ុន​របស់ខ្លួន ១០០% នៅលើ​ទីផ្សារ ដើម្បី​ចាកចេញ​ពី​ទីផ្សារ និង​ទទួល​បាន​សាច់ប្រាក់​ទាំងអស់​។

ការទាក់ទាញ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​៖ ក្រុមហ៊ុន​បោះផ្សាយ​ជា​ក្រុមហ៊ុន​ដែល​មាន​ភាពខ្លាំង និង​រឹងមាំ ព្រមទាំង​មាន​ការទទួល​ស្គាល់​ពី​សាធារណជន​ទូទៅ​តាមរយៈ​ការធ្វើ IPO ដែល​មាន​ភាពទាក់ទាញ​ដល់​នាយក​ប្រតិបត្តិ​ឆ្នើមៗ និង​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​ជំនាញ​ឱ្យចូល​រួមជាមួយ​ក្រុមហ៊ុន​បាន​ច្រើន​។

ការលើក​ទឹកចិត្ត​ពន្ធដារ​៖ ក្រុមហ៊ុន​បោះផ្សាយ​ត្រូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធដារ​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល ៥០% នៃ​ពន្ធ​លើ​ប្រាក់ចំណូល​ត្រូវ​បង់​ក្នុង​រយៈពេល​នៃ​ការទទួល​បាន​ការលើក​ទឹកចិត្ត​ពន្ធដារ​។

៣. សម្រាប់​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ

កំណើន​សេដ្ឋកិច្ច​ជាតិ​៖ ក្រុមហ៊ុន​បោះផ្សាយ​អាច​ជំរុញ​ការវិនិយោគ​បន្ថែម​របស់ខ្លួន​តាមរយៈ​ការបង្កើន​ទុន​ពី​ទីផ្សារ​មូលបត្រ​សម្រាប់​អនុវត្ត​គម្រោង​វិនិយោគ​ដែល​មាន​ផលិតកម្ម​ខ្ពស់​ដែល​អាចឈាន​ទៅ​ដល់​ការបង្កើន មូលធន និង​នាំឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។

ការអនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​៖ តាមរយៈ​ទីផ្សារ​មូលបត្រ រាជរដ្ឋាភិបាល​អាចដាក់​ចេញ​នូវ​គោលនយោបាយ​នានា​របស់​ខ្លួន ជាក់ស្តែង​ដូចជា​ការធ្វើ​ឯកជនូបនីយកម្ម​សហគ្រាស​រដ្ឋ​រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជាដើម​។

បង្កើត​ការងារ​៖ ទន្ទឹម​នឹង​នេះ​នៅពេល​ក្រុមហ៊ុន​បោះផ្សាយ​ទទួល​បាន​ទុន​បន្ថែម​សម្រាប់​ពង្រីក​ប្រតិបត្តិការ អាជីវកម្ម​របស់​ខ្លួន តម្រូវការ​បុគ្គលិក​សម្រាប់​បំពេញការងារ​បន្ថែម​គឺ​ពិតជា​មិន​អាច​ខ្វះ​បាន ដែល​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​កំណើន​ភាព​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ក៏​ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​ផងដែរ​។

ការប្រមូលផ្តុំ​ទុន​៖ អ្នកមាន​ទុន​តិច​ក៏​អាច​វិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ​បាន​ដែរ ដែល​វា​ផ្តល់​លទ្ធភាព​ដល់​ក្រុម​អ្នកមាន​ទុន​តិច​អាច​កៀរគរ និង​ប្រមូលផ្តុំ​សម្រាប់​វិនិយោគ​។ ដូច្នេះ​ទុនតិច​ត្រូវ​បាន​ប្រមូលផ្តុំ​សម្រាប់​អ្នក​ត្រូវការ​ទុន​នៅក្នុង​ទីផ្សារ​មូលបត្រ​ដែល​ធ្វើឱ្យ​ចរន្ត​សាច់ប្រាក់​មាន​ភាពរស់រវើក​ជា​ជាង​ការទុក​សាច់ប្រាក់​នៅ​មួយ​កន្លែង ឬ វិនិយោគ​ជាមួយ​ទ្រព្យ​ដែល​គ្មាន​ផលិតកម្ម​ដូចជា មាសពេជ្រ​ជាដើម ៕

រៀបរៀង​ដោយ​៖ គណៈកម្មការ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ មូលបត្រ និង​ទំនាក់ទំនង​អន្តរជាតិ
អ៊ីមែល​៖ edu@secc.gov.kh
ទូរស័ព្ទ​លេខ​៖ 023 885 611

អត្ថបទគួរចាប់អារម្មណ៍