ក្រុងសេអ៊ូលៈ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍បានថ្លែងបែបភាពផ្សះផ្សាទៅកាន់ប្រទេសជប៉ុនដោយផ្តល់ «ការចូលរួមសហការ» ប្រសិនបើទីក្រុងតូក្យូ ជ្រើសរើសយកការសន្ទនាគ្នា ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំង ២ ធ្លាក់ចុះក្នុងស្ថានភាពវិបត្តិ។
ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូដែលប្រទេសទាំង ២ នេះប្រកាន់យករបបដឹកនាំប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារកំពុងស្ថិតក្នុងជម្លោះមួយជុំវិញការប្រើកម្លាំងពលកម្មដោយបង្ខំដោយប្រទេសជប៉ុនក្នុងអំឡុងពេលពាក់កណ្តាលទី ១ នៃសតវត្សរ៍ទី ២០។
ប្រទេសជិតខាងទាំង ២ បានពាក់ព័ន្ធក្នុងសង្គ្រាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមកមួយដែលបានមើលឃើញថាប្រទេសទាំង ២ បានដកឈ្មោះគ្នាទៅវិញទៅមកចេញពីបញ្ជីដៃគូពាណិជ្ជកម្មទុកចិត្តបំផុតរបស់ខ្លួននៅខែនេះ ដែលបង្កើនក្តីបារម្ភជុំវិញចង្វាក់ផ្គត់ផ្គង់ពិភពលោក។
ការដកឈ្មោះប្រទេសចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលទុកចិត្តបំផុតនេះ កើតមានឡើងបន្ទាប់ពីទីក្រុងតូក្យូបានដាក់ការរឹតបន្តឹងលើការនាំចេញផលិតផលសំខាន់ៗទៅកាន់ក្រុមហ៊ុនបច្ចេកទេសធំៗដូចជា ក្រុមហ៊ុន Samsung កាលពីខែមុន បន្ទាប់ពីតុលាការរបស់ប្រទេសកូរ៉េខាងត្បូងបានចេញសាលក្រមជាបន្តបន្ទាប់ ដោយបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងសំណងដល់ពលករកូរ៉េខាងត្បូងដែលបង្ខំឲ្យធ្វើការនៅសម័យសង្គ្រាម។
ប៉ុន្តែលោក មូន បានស្វែងរកការបន្ធូរបន្ថយស្ថានភាពកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ទីក្រុងសេអ៊ូលមានឆន្ទៈធ្វើការងារជាមួយទីក្រុងតូក្យូ ដើម្បីធានាបាន «កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មស្មើភាព» ក្នុងតំបន់។
លោក មូន បានថ្លែងក្នុងសុន្ទរកថាមួយ ដើម្បីរំឭកខួបអនុស្សាវរីយ៍នៃការរំដោះប្រទេសកូរ៉េចេញពីការគ្រប់គ្រងរបស់ជប៉ុនចាប់ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ថា៖ «ប្រសិនបើប្រទេសជប៉ុនជ្រើសយកផ្លូវសន្ទនា និងកិច្ចសហប្រតិបត្តិការ យើងនឹងរីករាយចូលរួមសហការ»។
លោក មូន ដែលនៅដើមខែនេះបានប្តេជ្ញាថា កូរ៉េខាងត្បូងនឹង «មិនត្រូវបានបំបាក់ជាថ្មីម្តងទៀតដោយប្រទេសជប៉ុន» នោះបានទទូចថា ទីក្រុងសេអ៊ូល «មិនរស់នៅជាមួយនឹងអតីតកាលឡើយ»។
លោកថ្លែងថា៖ «ការសម្លឹងមើលទៅកាន់អតីតកាលមិនមែនមានន័យថាជាការឱបក្រសោបអតីតកាលនោះទេ ប៉ុន្តែជម្នះអ្វីដែលបានកើតឡើង និងដើរទៅមុខឆ្ពោះទៅរកអនាគត»។ លោកបានបន្ថែមថា៖ «យើងសង្ឃឹមថា ជប៉ុននឹងដើរតួនាទីដឹកនាំមួយរួមគ្នាក្នុងការផ្សះផ្សាសន្តិភាព និងសុខុមាលភាពក្នុងតំបន់អាស៊ីបូព៌ា»៕ KC