ទីក្រុងគូឡាឡាំពូៈ លោក​ ស៊ី ជីនភីង ប្រធានាធិបតី​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានចាត់ទុក​ប្រទេស​ខ្លួន​ជា​ចំណុច​ស្នូល​សម្រាប់​ពាណិជ្ជកម្ម​សេរី​សកល​ដោយ​ប្តេជ្ញា​រក្សា​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ធំ​ទូលាយ​ និង​ព្រមាន​ប្រឆាំងនឹង​ការគាំពារ​និយម​នៅក្នុង​សេដ្ឋកិច្ច​សកល​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

ដោយមាន​ការចុះហត្ថលេខា​លើ​កតិកាសញ្ញា​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ចុង​សប្តាហ៍​លោក​ស៊ី​បាន​និយាយថា​៖ «​អាស៊ីប៉ាស៊ីហ្វិក​ឈានមុខ​គេ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​» នៅក្នុង​ពិភពលោក​ដែល​រង​ការវាយប្រហារ​ដោយ​បញ្ហា​ប្រឈម​ជាច្រើន​រួមទាំង​វីរុស​កូរ៉ូណា​។

លោក​បាន​សន្យា​ចំពោះ​ភាព​បើកចំហ​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​បដិសេធ​នូវ​លទ្ធភាព​នៃ​ការបំបែក​នៃ​សេដ្ឋកិច្ច​ចិន ដែល​បានលើកឡើង​នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​របស់​លោក​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​អរិភាព​នៃ​គោលនយោបាយ​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន ជាមួយ​នឹង​ពន្ធ និង​ការរឹតត្បិត​បច្ចេកវិទ្យា​។

វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) បាន​ប្រជុំ​តាម​អនឡាញ​នៅ​ឆ្នាំនេះ ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា ដោយ​ជួបប្រជុំ​ប្រទេស​ទាំង​ ២១ ​រួមទាំង អាមេរិក​ និង​ចិន និង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ ២ និង​មាន​ចំណែក​ប្រហែល​ ៦០ ​ភាគរយ​នៃ​ GDP ​ពិភពលោក​។

វា​មិនទាន់​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ លោក​ ត្រាំ ដែល​ឈឺចាប់​ដោយសារ​ការចាញ់ឆ្នោត​នឹងត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ឬ​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​របស់គាត់​នោះ​។

នៅក្នុង​សុន្ទរកថា​មួយ​ដែល​លើកឡើង​ពី​ភាពជោគជ័យ​លើ​សេដ្ឋកិច្ច​ «​ភាពធន់​និង​ភាពរឹងមាំ​» ​នៃ​សេដ្ឋកិច្ច​របស់​ចិន​ក្នុងការ​ត្រឡប់មកវិញ​ក្រោយ​វិបត្តិ​វីរុស​ដែល​បាន​លេចចេញ​ជា​លើកដំបូង​នៅ​កណ្តាល​ទីក្រុង​វូហាន លោក​ ស៊ី ​បាន​ព្រមាន​ដល់​បណ្តា​ប្រទេស​ដែល​ប្រកាន់​មាំ​លើ​របាំង​ពាណិជ្ជកម្ម​ថា នឹង រងរបួស​ដោយ​ខ្លួនឯង​វិញ​។

លោក​និយាយ​ថា​៖ «​ភាពបើកចំហ​ធ្វើឱ្យ​ប្រទេស​វិវឌ្ឍ​ទៅមុខ ខណៈ​ដែល​ការគាំពារ​ធ្វើឱ្យ​វា​ថយក្រោយ​»​។

លោក​បន្ថែមថា​៖ «​ប្រទេស​ចិន​ នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាងសកម្ម​ជាមួយ​ប្រទេស​នានា តំបន់​ និង​សហគ្រាស​ទាំងអស់​ដែល​ចង់​ធ្វើ​ដូច្នេះ​។ យើង​នឹង​បន្ត​លើកស្ទួយ​ភាព​បើក​ទម្លាយ និង​កិច្ចសហប្រតិបត្តិការ​»​។

នៅក្នុង​តំបន់​ APEC ការនាំចេញ​របស់​អូស្ត្រាលី​រួមមាន​សាច់គោ ស្រា និង​ស្រូវ​សាលី​ត្រូវបាន​រំខាន​ដល់​ទីផ្សារ​ធំ​បំផុត​របស់​ពួកគេ​ដោយសារ​តែមាន​ការជជែក​វែកញែក​ខាង​ការទូត​ជុំវិញ​ការ​ឈានដល់​ចំណុចកំពូល​នៃ​ជំងឺ​រាតត្បាត​ក៏ដូចជា​ការប្រឆាំង​នឹង​ការចោទប្រកាន់​របស់​ចារកម្ម​ទៅវិញ​ទៅមក​៕ RR