ភ្នំពេញ: ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ ៦ ​នាពេល​នេះ​នឹង​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ចន្ទ ទី​ ១៥ ​ខែមិថុនា ខណៈ​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ធុរជន​សុទ្ធតែ​យល់ឃើញ​ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​រួមចំណែក​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​លើក​កម្ពស់​ការចុះបញ្ជី និង​កាត់បន្ថយ​អំពើពុករលួយ​។

ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំង ៦ ​រួមមាន ក្រសួង​មហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Business registration system on information technology platform) កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីស្តីការ​ក្រសួង​ថា រដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែង និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​ដែល​អនុញ្ញាត​ឲ្យ​ធុរជន​អាច​ធ្វើការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធ្វើ​សេចក្តី​ប្រកាស​ផ្តល់ដំណឹង​បើក​សហគ្រាស​ជូនទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពេល​តែមួយ​ដោយ​ត្រូវ​ចំណាយពេល​យ៉ាងយូរ​ត្រឹម ៨ ​ថ្ងៃ​ប៉ុណ្ណោះ​»​។

លោក​បាន​បន្តថា កំណែទម្រង់​នេះ​នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ភាពទាក់ទាញ​របស់​កម្ពុជា ដោយ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ទិសដៅ​វិនិយោគ​ប្រកប​ដោយ​សក្តានុពល ជាពិសេស​នៅក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ខ្សែចង្វាក់​ផលិតកម្ម​សកល និង​ការផ្លាស់ប្តូរ​ទីតាំង​របស់​រោងចក្រ​។

លោក​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ និង​លើកទឹកចិត្ត​ឲ្យ​ធុរជន​ប្រើប្រាស់ និង​ទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ និង​យន្តការ​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​ឲ្យ​អស់ពី​សក្តានុពល​»​។

លោក ផាន ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​និយាយថា ប្រព័ន្ធ​ចុះបញ្ជី និង​ការបង្កើត​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​គឺជា​ប្រព័ន្ធ​ទី​ ១ របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​អន្តរក្រសួង ហើយ​ទិន្នន័យ​ទាំងអស់​នឹងត្រូវ​បញ្ជូន​ដោយ​ស្វ័យ​ប្រវត្ថិ​ទៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។

លោក​ថ្លែងថា​៖ «​រាល់​ដំណើរការ​​ទាំងអស់​នឹង​ធ្វើ​ឡើង​ទាំងស្រុង​តាម​អនឡាញ ពុំមាន​ការប្រើប្រាស់​ឯកសារ​រូបី​ទេ ការបង់ថ្លៃ​សេវា​ក៏ត្រូវ​ធ្វើឡើង​តាម​អនឡាញ​ដែរ ហើយ​ឯកសារ​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ក្រសួង​សា្ថប័ន​ក៏​នឹង​ផ្តល់ជូន​ជា​ទម្រង់​ឌីជីថល​ដែល​អាច​បោះពុម្ព​ដោយ​ខ្លួនឯង​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​»​។

លោក​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​នូវ​ស្មារតី​កែទម្រង់​មុត​ស្រួច​របស់​រដ្ឋាភិបាល​តាមរយៈ​ការកាត់បន្ថយ​អតិបរមា​នូវ​នីតិវិធី​ស្មុគស្មាញ ពេលវេលា និង​ចំណាយ​ដោយ​តម្រូវ​ឲ្យ​អ្នក​ចុះបញ្ជី​តែ​ ១ ​លើក​គត់​។

លោក​និយាយថា​៖ «​ជាក់ស្តែង​ការចំណាយ​ចុះបញ្ជី​ក្នុង​យន្តការ​ថ្មី​នេះ​គឺ ក្រសួង​ពាណិជ្ជកម្ម​បាន​កាត់បន្ថយ​ចំណាយ​ប្រមាណ ៤០ ​ភាគរយ​ ការបង់ពន្ធ​ប៉ាតង់​សម្រាប់​ឆ្នាំ​ដែល​ធ្វើការ​ចុះបញ្ជី​បាន​កាត់បន្ថយ ៥០ ​ភាគរយ ហើយ​ការបង់ពន្ធ​ប្រថាប់ត្រា​នៃ​ឯកសារ​ចុះបញ្ជី​ថ្មី​នេះ​ត្រូវបាន​លើកលែង និង​មិន​តម្រូវ​ឲ្យ​ធុរជន​ថតរូប​ស្កេន​ម្រាមដៃ ក្រោយពី​ចុះបញ្ជី​អាជីវកម្ម​ភ្លាមៗ​ឡើយ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​នេះ​ដែល​ទើប​ប្រកាស​ឲ្យ​ដំណើរការ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការិយាធិបតេយ្យ និង​អំពើពុករលួយ​។

លោក​ថ្លែងថា​៖ «​វិស័យ​ឯកជន សូម​ស្វាគមន៍ និង​គាំទ្រ​យ៉ាងខ្លាំង​។ ប្រព័ន្ធ​ចុះបញ្ជី​នេះ​នឹង​រួមចំណែក​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ថែមទៀត​មក​វិនិយោគ​នៅ​កម្ពុជា​»​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទន្ទឹមនឹង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​នេះ​ផ្តល់​អត្ថប្រយោជន៍​ទូលំទូលាយ រដ្ឋាភិបាល​ក៏​គួរផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការពង្រឹង​ធនធាន​មនុស្ស​ឲ្យ​បាន​យល់​ពី​ប្រព័ន្ធ​ចុះបញ្ជី​នេះ ហើយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ចុះបញ្ជី​នេះ តែ​យើង​សូម​ឲ្យ​ក្រសួង​បើក​វគ្គ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ប្រព័ន្ធ​នេះ​»៕ LA