ក្រុង​ប៉ា​រីសៈ ប្រព័ន្ធ​ផ្ទេរ​ប្រាក់ SWIFT បាន​ក្លាយ​ជា​ឆ្អឹង​ខ្នង​នៃ​ហិ​រញ្ញ​វត្ថុ​អន្តរ​ជាតិ​យ៉ាង​ស្ងៀម​ស្ងាត់ ​ខណៈ​តួ​នាទី​របស់​ប្រ​ព័ន្ធ​នេះ​​​ ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​​ឡើង​វិញ​របស់​អា​មេ​រិក​ទៅ​លើ​អុីរ៉ង់​ បាន​បង្ហាញ​ចេញ​ឡើង។

នៅ​សប្តាហ៍​មុន​ ក្រុម​ហ៊ុន​ SWIFT ​បាន​ប្រ​កាស​ថា​ ខ្លួន​បាន​ផ្អាក​ធនា​គារ​អុីរ៉ង់​ជា​ច្រើន​ពី​សេ​វា​កម្ម​របស់​ខ្លួន​បន្ទា​ប់​ពី​សហ​រដ្ឋ​អា​មេ​រិក​បាន​​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​ លើ​អុីរ៉ង់​ទាក់​ទង​នឹង​កម្ម​វិធី​អា​វុធ​នុយ​ក្លេ​អ៊ែរ។

ក្រុម​ហ៊ុន​របស់​ប្រ​ទេស​​ បែ​ល​ហ្ស៊ិ​ក មួយ​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ទូ​លំ​ទូ​លាយ​ឡើយ​ក្នុង​​​ចំ​ណោម​សាធា​រណ​ជន​​ទូ​ទៅ​​ ហើយ​កម្រ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ណាស់​ ប៉ុន្ដែ​ប្រ​ព័ន្ធ​ផ្ញើ​សារ​ដ៏​មាន​សុ​វត្ថិ​ភាព​របស់​ក្រុម​ហ៊ុន​នេះ ​គឺ​ជា​កូន​សោ​គន្លឹះ​មួយ​​សម្រាប់​ធនា​គារ​នា​នា​ក្នុង​ការ​ ផ្ទេរ​​ប្រាក់​ក្នុង​ចំ​ណោម​ធនា​គារ​ទាំង​នោះ។ ​ដូ​ច្នេះ​ហើយ​វា​ផ្តល់​ឲ្យ​​ក្រុម​ហ៊ុន​នេះ​​នូវ​ទី​តាំង​ដ៏​សំ​ខាន់​​​មួយ​​​ក្នុង​ប្រ​ព័ន្ធ​ហិ​រញ្ញ​វត្ថុ​អន្តរ​ជាតិ។

បើ​គ្មាន​សេ​វា​កម្ម​របស់ ​SWIFT ទេ ធនា​គារ​អុីរ៉ង់​នឹង​ជួប​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​ជា​មួយ​នឹង​អតិ​ថិ​ជន​ណា​ដែល​ត្រៀម​ខ្លួន​ប្រ​ឆាំង​នឹង​ទណ្ឌ​កម្ម​អា​មេ​រិក​ដើ​ម្បី​រក្សា​ទំ​នាក់​ទំ​នង​ជា​មួយ​ទី​ក្រុង​តេ​អេ​រ៉ង់។

បង្កើត​ឡើង​​ក្នុង​ឆ្នាំ ១៩​៧៣​ ​SWIFT ដែល​មក​ពី​ពាក្យ​​ថា Society for Worldwide Interbank Financial Telecommunication ​តាម​ពិត​ទៅ​​​មិន​គ្រប់​គ្រង​ការ​ផ្ទេរ​មូល​និ​ធិ​​ណា​មួយ​​ដោយ​ខ្លួន​ឯង​ទេ។

ប៉ុន្តែ​ប្រ​ព័ន្ធ​ផ្ញើ​សារ​របស់ SW​IFT ​ដែល​​​បង្កើត​​​នៅ​​ទសវត្ស​ឆ្នាំ​ ១៩៧០ គឺ​ដើ​ម្បី​ជំ​នួស​​ឲ្យ​ការ​ ពឹង​ផ្អែក​​​លើ​ម៉ា​ស៊ីន​ផ្ញើ​សារ Telex ផ្តល់​ឲ្យ​ធនា​គារ​នូវ​មធ្យោ​បាយ​ក្នុង​ការ​ទាក់​ទង​បាន​ឆាប់​រហ័ស​ប្រ​កប​ដោយ​​ទំ​នុក​ចិត្ត​និង​មាន​តម្លៃ​ថោក។

ធនា​គារ​​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្ញើ​សារ SWIFT នេះ​ដើ​ម្បី​​ផ្ញើ​សារ​ដែល​មា​ន​ស្តង់​ដារ​អំ​ពី​ការ​ផ្ទេរ​​ប្រាក់​ក្នុង​ចំ​ណោម​ធនា​គារ​ទាំង​នោះ និង​ការ​ផ្ទេរ​​​ប្រាក់​ស​ម្រា​ប់​អ​តិ​ថិ​ជន​ និង​ការ​បញ្ជា​ទិញ​ឬ​លក់​ទ្រព្យ​សកម្ម​ជា​ដើម។

ស្ថាប័ន​នា​នា​នឹង​ទទួល​បាន​នូវ​​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​កូដ SWIFT ឬក៏​លេខ​សម្គាល់​អត្ត​សញ្ញាណ​ពា​ណិជ្ជ​កម្ម (BIC) ដែល​ជា​លេខ​កូដ​មាន​ចាប់​ពី ៨ ​ទៅ​ដល់​ ១១ ​ខ្ទង់ ក្នុង​នោះ ​រួម​​មាន​​​ ឈ្មោះ​ និង​ប្រ​ទេស​ ដើម​ផង​ដែរ។

ក្រុម​ហ៊ុន SWIFT បាន​ឲ្យ​ដឹង​​តាម​រយៈ​គេ​ហ​ទំ​ព័រ​របស់​ខ្លួន​ថា៖ «សេ​វា​ផ្ញើ​សារ​របស់ SWIFT ត្រូវ​បាន​ប្រើ​ប្រាស់ និង​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ស្ថា​ប័ន​ហិ​រញ្ញ​វត្ថុ​ជាង ១១,០០​០ ស្ថា​ប័ន​ក្នុង​ប្រ​ទេស​ជាង ២០០ ជុំ​វិញ​ពិ​ភព​លោក»។

ក្រុម​ហ៊ុន​​ឲ្យ​ដឹង​ទៀត​ថា៖ «រួម​ជាមួយ​នឹង​តួ​នា​ទី​របស់​​យើង​ក្នុង​ការ​ធ្វើ​ស្តង់​ដារ​នីយ​កម្ម SWIFT អាច​ធា​នា​បាន​នូវ​ការ​ប្រា​ស្រ័យ​ទាក់​ទង​ហិ​រញ្ញ​វត្ថុ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព រលូន និង​ដោយ​ស្វ័យ​ប្រ​វត្តិ​រវាង​អ្នក​ប្រើ​ប្រាស់»។

លោក Guntram Wolff នា​យក​ក្រុម​បង្កើត​គោល​នយោ​បាយ Bruegel ដែល​មាន​មូល​ដ្ឋាន​នៅ​​ទី​ក្រុង​ប្រ៊ុច​សែល បាន​មាន​ប្រ​សាសន៍​ថា៖ «វា​ពិត​​ជា​បណ្តាញ​​សកល​លោក​សម្រាប់​ផ្ទេរ​ព័ត៌​មាន​រវាង​ធនា​គារ​នៅ​ជុំ​វិញ​ពិ​ភព​លោក។ វា​ជា​សេវា​ទូរ​គម​នា​គមន៍​មួយ​ដែ​ល​​​ជួយ​ឲ្យ​​ការ​ចំ​ណាយ​​ឈាន​​ទៅ​ដល់​ធនា​គារ​ត្រឹម​ត្រូវ»។

លោក Wolff ថ្លែង​ថា៖ «មា​ន​​ការ​ប៉ុន​ប៉ង​មួយ​ចំ​នួន​ក្នុង​ការ​ បង្កើត​​បណ្តាញ​ប្រ​កួត​ប្រ​ជែង ឬ​​​ជំ​នួស​នា​នា ប៉ុន្តែ​​នៅ​តែ​មាន​ការ​ពិ​បាក​ខ្លាំង​ ក្នុង​ការ​ធ្វើ​វា» ដោយ​សារ​គ្រប់​គ្នា​កំពុង​ប្រើ​ប្រាស់ SWIFT ដែល​ធ្វើ​ឲ្យ​វា​ស្ទើរ​តែ​ក្លាយ​ជា​បណ្តាញ​ផ្តាច់​មុខ​ទៅ​ហើយ៕ AFP/ NS