The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រាក់​ចំណូល​ក្នុង​វិស័យ​ធានារ៉ាប់​រង ​មាន​កំណើន​ជិត​ ៣០​%

ប្រាក់​ចំណូល​ក្នុង​វិស័យ​ធានារ៉ាប់​រង ​មាន​កំណើន​ជិត​ ៣០​%

Content image - Phnom Penh Post
បុគ្គលិកក្រុមហ៊ុន​ Manulife ប្រាប់អតិថិជនរបស់ខ្លួនទាក់ទងនឹងសេវាធានារ៉ាប់រង។ ភ្នំពេញ ប៉ុសិ៍្ត

ប្រាក់​ចំណូល​ក្នុង​វិស័យ​ធានារ៉ាប់​រង ​មាន​កំណើន​ជិត​ ៣០​%

ភ្នំពេញៈ ប្រាក់​ចំណូល​សរុប​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ ​២០១៨ បាន​កើន​ឡើង​ជិត ​៣០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដែល​ភាគ​ច្រើន​បាន​មក​ពី​កំណើន​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានា​រ៉ាប់រង​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​​​​​កាល​ពី​​ម្សិលមិញ​បាន​ឲ្យ​ដឹង​​ថា ក្នុង​ឆ្នាំ ​២០១៨ ​ប្រាក់​បុព្វលាភ​រ៉ាប់រង​​ដុល​ ដែល​​ទទួល​បាន​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​​​មាន​ចំនួន ១៩៦,៤​ លាន​ដុល្លារ​ ​​កើន​ពី​ចំនួន ១៥១,៦ ​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ​២០១៧។

ទិន្នន័យ​បង្ហាញ​ថា វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​​កំណើន​រហូត​ដល់​ ៥០,៦ ភាគរយ ខណៈ​ការ​ធានា​រ៉ាប់រង​ទូទៅ​មាន​កំណើន ​១៥ ​ភាគរយ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

គិត​ត្រឹម​ឆ្នាំ ​២០១៨​ មាន​​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​សរុប​ ១២​​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ ​៨​ ​ដែល​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។​ សមាគម​ធានា​រ៉ាប់រង​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ​កំណើន​ប្រាក់​ចំណូល​​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ ​២០១៣​ ដល់​​ឆ្នាំ ​២០១៨​ ស្ថិត​​ក្នុង​អត្រា​​ ១៥,៧ ​ភាគរយ​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​ និង​ ​១២០​,​៥៥ ​​ភាគរយ​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​។

លោក​ ហ៊ុយ​ វ៉ាថារ៉ូ​ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បាន​និយាយ​ថា ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​ជា​រៀងរាល់​ឆ្នាំ​ ដោយ​កំណើន​នេះ​មាន​ការ​រួម​ចំណែក​ពី​ធានា​រ៉ាប់រង​យានយន្ត​ ធានា​រ៉ាប់រង​ទ្រព្យ​សម្បត្តិ ឬ​អគ្គិភ័យ និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុគ្គល និង​សុខភាព​។ លោក​បន្ត​ថា កាល​ពី​ឆ្នាំ ​២០១៨ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​បាន​ផ្តល់​សំណង​ជា​ទឹក​ប្រាក់​​ជាង ២២,៣ ​លាន​ដុល្លារ។​

លោក​បន្ត​ថា៖ ​«​ដោយសារ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ធានា​រ៉ាប់រង​ ហេតុ​នេះ​វិស័យ​នេះ​នឹង​នៅ​តែ​បន្ត​រីក​ចម្រើន​ខ្លាំង​ក្នុង​​ឆ្នាំ ​២០១៩​ និង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​»។​

លោក​បន្ត​ថា សមិទ្ធផល​នៃ​វិស័យ​ធានា​រ៉ាប់រង​កាល​​ពី​ឆ្នាំ​ ​២០១៨​ ធ្វើ​ឲ្យ​លោក​កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​វិវឌ្ឍ​​របស់​វិស័យ​​នេះ​​នៅ​កម្ពុជា។

លោក​ Robert Elliott​ អនុ​ប្រធាន​នៃ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​បាន​ឲ្យ​ដឹង​​​ថា ​ពេល​ដែល​ក្រុម​គ្រួសារ​​កាន់​តែ​ច្រើន​ទទួល​បាន​ការ​ការពារ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​​នោះ​ អនាគត​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​នឹង​មាន​សុវត្ថិភាព និង​កាន់​តែ​ប្រសើរ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ឆ្នាំ​ ​២០១៨​ វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ បាន​ផ្ដល់​សំណង​ជា​ទឹក​ប្រាក់​ជាង​ ២,៣ ​លាន​ដុល្លារ​​ទៅ​​​កាន់​អតិថិជន​នៅ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ខណៈ​កាល​ពី​ឆ្នាំ ​២០១៧ វិស័យ​នេះ​បាន​ផ្តល់​សំណង​ដែល​មាន​ទឹក​ប្រាក់​តែ​ជាង ​១ ​លាន​ដុល្លារ​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍