ក្រុងបាងកកៈ ទំហំ​នៃ​ការទិញ​ដែល​ចុះខ្សោយ​ដោយសារ​ប្រាក់ចំណូល​គ្រួសារ​កាន់តែ​ទាប​ក្នុង​វិស័យ​កសិកម្ម និង​មិនមែន​កសិកម្ម បាន​រារាំង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ទូលំ​ទូលាយ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ធនាគារ​កណ្តាល​ថៃ​។

លោក Don Nakornthab នាយក​ជាន់ខ្ពស់​ទទួល​បន្ទុក​គោលនយោបាយ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​បាន​ថ្លែង​ថា អំណាច​ទិញ ជាពិសេស​សម្រាប់​ប្រជាជន​នៅក្នុង​ផ្នែក​ប្រាក់​ចំណូល​ទាប នៅ​តែ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ​កាលពី​ខែ​កុម្ភៈ ខណៈ​ប្រាក់​ចំណូល​គ្រួសារ​បាន​ធ្លាក់​ចុះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក​ថ្លែង​ថា​បើ​ទោះ​ជា​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុង​ខែ​កុម្ភៈ​បាន​កើនឡើង​ក៏ដោយ ក៏​តម្លៃ​ជាពិសេស​តម្លៃ​ដូងប្រេង និង​កៅស៊ូ​បាន​ធ្លាក់​ចុះ​ពី ៤០-៥០​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ប្រាក់​ចំណូល​ពី​វិស័យ​កសិកម្ម​បាន​ថយចុះ​ចាប់​តាំងពី​ឆមាស​ទី​ ២ ​ឆ្នាំ​មុន ហើយ​ប្រាក់​ចំណូល​ពី​វិស័យ​មិនមែន​កសិកម្ម ដោយ​មិន​រាប់​បញ្ចូល​អ្នក​រក​បាន​ប្រាក់ចំណូល​មធ្យម និង​កម្លាំង​ពលកម្ម​ដែល​ទទួល​បាន​ប្រាក់ខែ​ក៏​ធ្លាក់​ចុះ​ផង​ដែរ​។

លោក Don បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច នៅ​តែ​មិន​ទាន់​មាន​តុល្យភាព ហើយ​ការប្រើប្រាស់​ក្នុង​ស្រុក​នៅ​តែ​ខ្សោយ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​បន្ត​ពិនិត្យ​តាមដាន​ស្ថានភាព​នេះ​បន្ត​ទៀត​។ សេចក្តី​ថ្លែងការណ៍​នាពេល​ថ្មីៗ​នេះ​របស់​គណៈកម្មាធិការ​គោល​នយោបាយ​រូបិយវត្ថុ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា វា​ជា​បញ្ហា​រចនាសម្ព័ន្ធ​។ ទោះ​ជា​យ៉ាង​ណា ការប្រើប្រាស់​ឯកជន​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាពប្រសើរ​ឡើង​ហើយ​រំពឹង​ថា​នឹង​កើន ៣,៣ ភាគរយ​នៅ​ឆ្នាំ​នេះ​»៕ KC