ភ្នំពេញ: រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (​រ.ទ.ស.ភ) ​ដែល​ចុះបញ្ជី​គ្រប់គ្រង​ដោយ​រដ្ឋ និង​ជា​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​យ៉ាងច្រើន​កាលពី​ឆ្នាំ​ ២០១៩ នៃ​ប្រាក់ចំណូល​សរុប​ប្រាក់​ចំណេញ​ប្រតិបត្តិការ និង​ប្រាក់ចំណេញ​សុទ្ធ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ រ.ទ.ស.ភ ដែល​បានដាក់​ជូនទៅ​ CSX កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ឆ្នាំ​សារពើពន្ធ​ ២០១៩ ប្រាក់ចំណូល​របស់ រ.ទ.ស.ភ បាន​ធ្លាក់ចុះ ១៨,៣៣ ​ភាគរយ​មក​នៅ​ត្រឹម​ជាង ២១៦ ​លាន​រៀល​ធៀប​នឹង​ជាង ២៦៥ ​លាន​រៀល​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​ប្រាក់ចំណេញ​ប្រតិបត្តិការ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ជាង ៤៥ ​ភាគរយ​មក​ជិត ៥២ លាន​រៀល​ធៀប​នឹង​ជិត ៩៥ ​លាន​រៀល និង​ប្រាក់ចំណេញ​សុទ្ធ​បាន​ធ្លាក់ចុះ ៥៤,៧៧ ​ភាគរយ​ពី​ចំនួន​ជិត ៧៤ ​លាន​រៀល​មក​នៅ​ជាង ៣៣ ​លាន​រៀល​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​៖ «​មូលហេតុ​នៃ​ការថយចុះ​នៃ​ចំណូល ចំណេញ​ប្រតិបត្តិការ និង​ចំណេញ​សុទ្ធ​ដោយសារ ១. ការកត់ត្រា​លើស​នៃ​ចំណូល​បង្គរ ២. ការកើនឡើង​នៃ​ចំណូល​ផ្សេងៗ ដោយសារ រ.ទ.ស.ភ បាន​កត់ត្រា​ផលចំណេញ ដែល​កើតឡើង​ពី​ការទូទាត់​នៃ​កាតព្វកិច្ច​សោធនិវត្តន៍​ចំនួន ៣២,៩ ​ពាន់​លាន​រៀល​នៅក្នុង​ឆ្នាំ​ ២០១៨»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ ៥៤ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ សម្រាប់ រ.ទ.ស.ភ មិនមែន​ដោយសារ​តែ​ការធ្លាក់ចុះ​ខ្លាំង​នៃ​ការលក់​នោះទេ ប៉ុន្តែ​ដោយសារ​តែ​ការធ្លាក់ចុះ​ប្រាក់​ចំណូល​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​តម្លៃ​ភាគហ៊ុន​បច្ចុប្បន្ន​របស់ រ.ទ.ស.ភ មាន​តម្លៃ​ទាប​រួចទៅ​ហើយ អាស្រ័យ​ហេតុនេះ ខ្ញុំ​មិន​រំពឹង​ថា​នឹង​មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ទៀត​ទេ ហើយ​តម្លៃ​នេះ​នឹង​ត្រឡប់​ទៅរក​ការកើនឡើង​វិញ​ស្របតាម​ការអភិវឌ្ឍ​ផ្សារហ៊ុន និង​សេដ្ឋកិច្ច​»​។

លោក Jong Weon Ha លើកឡើង​ថា ក្រុម​វិនិយោគិន​ជាច្រើន​បាន​យល់ថា រ.ទ.ស.ភ ជា​ភាគហ៊ុន​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​បំផុត ដោយសារ​តែ​វា​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ​ជាមួយ​នឹង​កំណើន​ប្រាក់ចំណូល​ស្ថិរភាព​បំផុត​។

លោក​បន្តថា ​វិនិយោគិន ថែមទាំង​មើលឃើញ​ភាគហ៊ុន​នេះ​កាន់តែ​ទាក់ទាញ​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ទឹក​គឺជា​តម្រូវការ​មូលដ្ឋាន​របស់​ប្រជាជន ហើយ​ការប្រើប្រាស់​ទឹក​របស់​ប្រជាជន​នឹង​មិន​ធ្លាក់ចុះ​នោះ​ទេ ទោះបី​ជា​ប្រាក់ចំណូល​ធ្លាក់ចុះ​ក៏ដោយ​។ ទោះយ៉ាងណា ប្រាក់​ចំណូល​បាន​ពី រ.ទ.ស.ភ ភាគច្រើន​មកពី​ការប្រើប្រាស់​ពាណិជ្ជកម្ម​»​។

លោក​ពន្យល់ រ.ទ.ស.ភ យក​ថ្លៃ​ទឹក​គឺ​តិច​បំផុត​ចំពោះ​ការប្រើប្រាស់​លក្ខណៈ​គ្រួសារ និង​កាន់តែ​ទាប​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទឹក​គិត​ជា​លីត្រ​ក្នុង​ ១ ​ខែ​។ នេះ​គឺ​ដោយសារ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​។

រ.ទ.ស.ភ គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​ដំបូង​គេ​លើ CSX ចាប់​តាំងពី​ ២០១២​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​បិទ​ការជួញដូរ​ក្នុងតម្លៃ ៥ ៥៦០ ​រៀល​ក្នុង​ ១ ​ហ៊ុន ជាមួយ​នឹង​ទំហំ​ជួញដូរ ៧ ០២៨​។ នេះ​បើ​តាម​ទិន្នន័យ​ពី CSX៕ LA