ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​កំណើន​ប្រាក់ចំណូល​ដ៏រឹងមាំ​ជាមួយ​នឹង​កំណើន​ ១៧,៥ ​ភាគរយ ​កាលពី​ឆ្នាំមុន​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​បាន​មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​នេះ​បាន​កើនឡើង​ដល់​ប្រហែល ៨០ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩ កើនឡើង​ ១៧,៥ ​ភាគរយ​ធៀប​នឹង​ប្រហែល ៦៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

លោក Jong Weon Ha អ្នក​យុទ្ធសាស្ដ្រ​ទីផ្សារ និង​ជា​ប្រធាន​ប្រតិបត្តិការ CSX បាន​ឲ្យ​ដឹងថា កំណើន​របស់ PAS នឹង​ផ្ដល់​ផល​វិជ្ជមាន​លើ​ការជួញដូរ​មូលបត្រ​របស់​កំពង់ផែ​នេះ​ហើយ​នឹង​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បន្តថា​៖ «​រាល់​កំណើន​វិជ្ជមាន​របស់​ក្រុមហ៊ុន​បាន​ជះឥទ្ធិពល​ទៅលើ​ទីផ្សារ​ភាគហ៊ុន​។ ក្រុម​វិនិយោគិន​ពឹង​ផ្អែកលើ​ព័ត៌មាន​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា តើ​ចំនួន​ប៉ុន្មាន​ដែល​ពួកគេ​មាន​បំណង​ចំណាយ ឬ​ការលក់​ភាគហ៊ុន​។ ឧទាហរណ៍​កំណើន​ប្រាក់ចំណូល​របស់ PAS នឹង​ផ្ដល់​ចក្ខុវិស័យ​អំណោយផល​សម្រាប់​ក្រុមហ៊ុន​នេះ អាស្រ័យ​ហេតុនេះ​អាច​ជំរុញ​តម្លៃ​កើនឡើង​តាមរយៈ​ការបង្កើន​តម្រូវការ​ភាគហ៊ុន​»​។

លោក​បន្តថា មាន​កម្លាំង​ជាច្រើន​ដែល​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​វិនិយោគ​លើ​កំពង់ផែ ដូចជា PAS ជា​សហគ្រាស​រដ្ឋ​ដែល​ប្រតិបត្តិការ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែមួយគត់​នៅក្នុង​ប្រទេស ​កម្ពុជា ដោយ​បង្ហាញ​ភាពល្អ​ប្រសើរ​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​ជាមួយ​នឹង​ប្រាក់ចំណូល និង​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​បាន​បន្ថែមថា​៖ «​ដោយ​មិន​រាប់បញ្ចូល​ភាគហ៊ុន​ចំនួន​ច្រើន​ដែល​ជួញដូរ​តាមរយៈ​វិធីសាស្ដ្រ​ជួញដូរ​តាម​ការចរចា (NTM) កាលពី​ខែ​ឧសភា តម្លៃ​ជួញដូរ​ជា​មធ្យម​របស់ PAS នៅតែ​ត្រូវ​ចាត់ទុកថា​ខ្ពស់​ធៀប​នឹង​ក្រុមហ៊ុន​ចុះបញ្ជី​ផ្សេងទៀត​កាលពី​ឆ្នាំ​ ២០១៩»​។

តាម​របាយការណ៍​ចំនួន​កុងតឺន័រ​ដែល​ផ្ទុក​នៅ​កំពង់ផែ​ SAP បាន​កើនឡើង​ ១៧ ​ភាគរយ​ ដែល​កើនឡើង​ដល់​សរុប ៦៣៣ ០៩៩ TEU ត្រឹម​ចុង​ឆ្នាំ​ ២០១៩ ធៀប​នឹង ៥៤១ ២២៨ TEU កាលពី​ឆ្នាំ​ ២០១៨៕LA