ភ្នំពេញៈ NagaWorld ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​កាស៊ីណូ​ផ្តាច់មុខ​នៅ​ទីក្រុង​ភ្នំពេញ​បង្ហាញ​ប្រាក់ចំណូល​ដុល​ពី​ការលេង​ល្បែង​ (GGR) របស់​ខ្លួន​ចំនួន​ ២០ ​ភាគរយ​ រហូត​ដល់​ជាង​ ១,២៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ ២០១៩ ​នេះ​។ នេះ​បើតាម​គេហទំព័រ GGRAsia ដែល​យោង​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ​ផ្សារហ៊ុន​ហុងកុង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។

យោងតាម​របាយការណ៍​ក្រុមហ៊ុន NagaCorp បាន​បន្ថែម​ថា​ខ្លួន​បាន​កត់ត្រា​ប្រាក់ចំណូល​ពី​លេងល្បែង​សុទ្ធ​ចំនួន ៦១៦,៣ ​លាន​ដុល្លារ​ ក្នុង​រយៈពេល ៩ ​ខែ​ គិត​ត្រឹម​ថ្ងៃទី ​៣០ ខែ​ កញ្ញា ​ដោយ​កើនឡើង ២៨,៥ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​ឲ្យ​ដឹងថា៖ «​លទ្ធផល​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ ៩ ​ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ បង្ហាញ​ថា​ក្រុមហ៊ុន​នេះ​បន្តដំណើរ​កំណើន​របស់​ខ្លួន​»​។ ក្រុមហ៊ុន​បន្តថា​៖ «​កំណើន​ចំនួន​អាជីវកម្ម​ថ្នាក់​វីអាយភី​ត្រូវបាន​ជំរុញ​ដោយ​លំហូរ​ចូល​យ៉ាងខ្លាំង​ជា​បន្ត​នៃ​ការមក​ដល់​របស់​ក្រុម​ពាណិជ្ជករ ភ្ញៀវទេសចរ ជាពិសេស​នៅ​ NagaWorld ២ ដែល​មាន​អតិថិជន​លំដាប់​ខ្ពស់​ច្រើន​»​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ស្ថិរភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ការកែលម្អ​បរិយាកាស​ប្រតិបត្តិការ​កំណើន​អាជីវកម្ម​នៅ Naga ២ កំណើន​ភ្ញៀវទេសចរ ការពង្រីក​អាជីវកម្ម​វីអាយភី​ស្ថិត​ក្នុង​ចំណោម​ហេតុផល​សម្រាប់​លទ្ធផល​កំណើន​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ ​នេះ​។

ភ្ញៀវទេសចរ និង​អ្នក​លេងល្បែង​មក​ចិនដីគោក​ត្រូវ​បាន​មើលឃើញ​ថា ជា​អតិថិជន​មាន​ប្រាក់​ច្រើន​បំផុត​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បាន​មក​កម្ពុជា​។

គម្រោង Naga 3 ដែល​មាន​ទីតាំង​ស្ថិត​នៅ​អតីត​តំបន់​អគារ​ប៊ុលឌិង បាន​ចាប់ផ្តើម​ធ្វើតេស្ត​ដី និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​បុកគ្រឹះ​ក្នុង​តំបន់ ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​នឹងត្រូវ​បាន​តែងតាំង​ក្នុង​ពេល​ឆាប់ៗ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «​រយៈពេល​នៃ​ការបុក​គ្រឹះ​ត្រូវ​បាន​រំពឹងថា​នឹង​មាន​រយៈពេល​ចន្លោះ​ពី ១៨ ​ខែ ទៅ ២៤ ​ខែ​»៕