ភ្នំពេញៈ ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តរាជធានីភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនរដ្ឋ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ បានកើនឡើងជិត ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។ នេះបើតាមព័ត៌មាននៅគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃម្សិលមិញ។
របាយការណ៍ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ជូនចំពោះភាគហ៊ុនិក PPAP ដែលធ្វើការត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្ម BDO បង្ហាញថា ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ (គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨) កំពង់ផែ រកចំណូលបាន ២២ ២១១ ១៨៦ ០០០ រៀល (៥ ៤៨៧ ២៥៦ ដុល្លារ) កើន ១៥,៦៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ដែលមាន ១៩ ២០៦ ៥៧១ ០០០ រៀល (៤ ៧៥៨ ៦៨១ ដុល្លារ)។
ព័ត៌មានខាងលើបានឲ្យដឹងទៀតថា ក្នុងត្រីមាសទី៤ ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តភ្នំពេញបានកើនឡើងចំនួន ៦២,៩៤ ភាគរយ ដោយកើនពីចំនួន ៥ ២៥៩ ៥៤៣ ០០០រៀល (១ ២៩៩ ៦១៥ ដុល្លារ) ទៅដល់ ៨ ៥៦៩ ៧១៩ ០០០ រៀល (២ ១១៧ ៥៤៨ ដុល្លារ)។
ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ គឺដោយសារកំពង់ផែទទួលបានកំណើននៃការចេញចូលរបស់កុងតឺន័រ ចំណូលពីការជួល និងចំណូលការប្រាក់។
សម្រាប់ចំណូលរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០១៨ គឺមាន ២០ ៧២២ ៩២៨ ដុល្លារ កើនឡើងពី ១៨ ៨៥៦ ២៩៦ ដុល្លារក្នុងឆ្នាំ ២០១៧៕