ភ្នំពេញៈ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ភាគ​ច្រើន​សុទ្ធ​តែ​បង្ហាញ​ពី​កំណើន​​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ​២០១​៨ ​ដែល​បង្ហាញ​ពី​កំណើន​​ប្រតិបត្តិការ​ល្អ​របស់​ក្រុមហ៊ុន​ទាំង​នោះ​។

ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន ​ភ្នំពេញ​អេសអ៊ីហ្សិត ​ភីអិល​ស៊ី ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​​ត្រី​មាស​​ទី​៤ ឆ្នាំ ​២០១៨ បាន​កើន​​ឡើង​ជិត ៤៥០ ​ភាគរយ​បើ​ធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​​ពី​ឆ្នាំ ​២០១៧ ខណៈ​ដែល​​ប្រាក់​ចំណេញ​របស់​​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើន​ឡើង​តែ​​ជាង​ ៩ ​ភាគរយ​។ នេះ​បើ​​យោង​​តាម​របាយការណ៍​ដែល​​ក្រុមហ៊ុន​នីមួយៗ​បាន​ផ្ញើ​ទៅ​កាន់​ផ្សារហ៊ុន។​

ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​ហ្រ្គេនធ្វីន ​របស់​តៃវ៉ាន់ ​​ទទួល​បាន​ចំណូល​សរុប​ចំនួន​ជាង​ ៣៨,៩៤ ​លាន​​ដុល្លារ ​កើន​ឡើង​ ​១១៧,៩៧ ​ភាគរយ ​ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​ត្រីមាស​ទី៤ ​នេះ​កើន​ឡើង ​១១៣,​៩៨​ ​​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៧​ រហូត​ដល់ ​២៦៤ ​៥៨៧ដុល្លារ​។ ​រយៈ​ពេល ​១២ ​ខែ​ ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​ទទួល​បាន​ចំណូល​សរុប ១២០ ​លាន​ដុល្លារ។​

របាយការណ៍​របស់​ក្រុមហ៊ុន​​ភ្នំពេញ​ អេសអ៊ីហ្សិត​ ភីអិលស៊ី ​​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ បាន​​ឲ្យ​​ដឹង​ថា ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ​២០១៨ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​​ចំណេញ​ប្រហែល​ ៥,១៥ ​លាន​​​​ដុល្លារ​កើន​ឡើង​​ ៤៤៥,​២៣ ភាគរយ​បើ​​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ ​២០១៧ ខណៈ​ចំណូល​​សរុប​របស់​ប្រតិបត្តិករ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ទទួល​បាន​​ជាង ​១០ លាន​​ដុល្លារ ​កើន​ឡើង ​២០១,៥៦ ​ភាគរយ​ក្នុង​រយៈ​ពេល​​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​​ភ្នំពេញ ​អេសអ៊ីហ្សិត​ ភីអិលស៊ី បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​ក្រុមហ៊ុន​អាច​ទទួល​បាន​ប្រាក់​ចំណេញ​បន្ទាប់​​ពី​​​ខាតបង់​ចំនួន​ ៣ ​ត្រីមាស​​ជាប់​ៗ​គ្នា ដែល​កត្តា​ចម្បង​​ជួយ​​​ឲ្យ​មាន​កំណើន​ដ៏​ច្រើន​នេះ គឺ​​ដោយ​សារ​​​ភាព​ជោគជ័យ​នៃ​ប្រតិបត្តិការ​នៃ​ការ​ទិញ​ និង​ការ​ជួល​ដី​​​។​

ជា​មួយ​គ្នា​នេះ​ ក្រុមហ៊ុន​បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តល់​នូវ​ភាព​ជោគជ័យ​ជា​បន្ត​ទៅ​ទៀត ដោយ​ផ្អែក​​​លើ​យុទ្ធសាស្រ្ត​មួយ​ចំនួន​​រួមទាំង​​ការ​ទិញ​ដី​បន្ថែម និង​ការ​ពង្រីក​បន្ថែម​នូវ​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេងៗ​។

ជា​មួយ​គ្នា​នេះ របាយការណ៍​របស់​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​​​​ត្រីមាស​ទី៤ ឆ្នាំ​២០១៨ ​ក្រុមហ៊ុន​ទទួល​​បាន​ប្រាក់​ចំណេញ​​ប្រហែល​ ២៧៩ ៩​៨​៦ ​​ដុល្លារ​កើន​ឡើង​ ៩,៦៣ ​ភាគរយ លើ​ប្រាក់​ចំណូល​​ជាង ១៨ ​​លាន​ដុល្លារ ដែល​​កើន​ឡើង ២០,០៥ ភាគរយ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​​ថា កំណើន​ប្រាក់​ចំណូល​របស់​​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ គឺ​ដោយសារ​​​បរិមាណ​ទំនិញ​ និង​កុងតឺន័រ​​ឆ្លង​កាត់​​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ​២០១៨ បាន​​កើន​​រហូត​ដល់ ១៣៧ ៧០​៩​ TEU ​ពី​ចំនួន ១៨ ៨១៩ TEU កាល​ពី​ត្រីមាស​ទី​៤ ឆ្នាំ ២០១៧។

សម្រាប់​តម្លៃ​ការ​ជួញ​ដូរ​កាល​​ពី​ថ្ងៃ​ម្សិលមិញ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភ្នំពេញ​ អេសអ៊ីហ្សិត ភីអិលស៊ី បាន​ធ្លាក់​​ចុះ ​១,០២ ​ភាគរយ មក​នៅ​​ត្រឹម ២ ៩១០ ​រៀល​ រីឯ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​​ធ្លាក់ចុះ ​០,៦៣ ​ភាគរយ មក​នៅ​​ត្រឹម ១២ ៥៨០ ​រៀល​ និង​កំពង់ផែ​ភ្នំពេញ ​ធ្លាក់​ចុះ ០,២១ ​​ភាគរយ មក​នៅ​ ​៩ ៤៨០​រៀល​។

ភាគហ៊ុន​របស់​​​ក្រុមហ៊ុន​កាត់​ដេរ​ ហ្រ្គេនធ្វីន កើន​ឡើង​ ៩,៦​៣ ​​​ភាគរយ ដល់​ ៤ ៧៨០ ​រៀល និង​​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក​ភ្នំពេញ​ កើន ​០,៣៦ ​ភាគរយ ដល់ ​៥ ៦០០ ​រៀល៕​LA