ទីក្រុងរីយ៉ាដ: Aramco ដែលជាក្រុមហ៊ុនថាមពលយក្សរបស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតកាលពីថ្ងៃអង្គារបានបង្ហាញពីការកើនឡើងប្រាក់ចំណេញ ៣០ ភាគរយនៅត្រីមាសទី ១ ដែលលើសពីការព្យាករ ជាសញ្ញានៃការរើបឡើងវិញពីទីផ្សារប្រេងដែលដាំក្បាលចុះកាលពីឆ្នាំមុនដែលបានបង្កឡើងដោយជំងឺរាតត្បាត។
ក្រុមហ៊ុន Aramco បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងដល់ ២១,៧ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបទៅនឹង ១៦,៧ ពាន់លានដុល្លារនៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២០ ដោយសារទីផ្សារប្រេងកាន់តែខ្លាំង និងកម្រិតចម្រាញ់ប្រេងឡើងខ្ពស់។
លទ្ធផលដ៏ខ្ពស់នេះកើតឡើង បន្ទាប់ពីប្រាក់ចំណេញដ៏ខ្លាំងដែលបានប្រកាសកាលពីខែមុនដោយក្រុមហ៊ុន ប្រេងធំៗរបស់អាមេរិកដូចជា ExxonMobil និង Chevron រហូតដល់ក្រុមហ៊ុន BP របស់អង់គ្លេស និងក្រុមហ៊ុន Total របស់បារាំង។
លោក Amin Nasser អគ្គនាយកក្រុមហ៊ុន Aramco បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "សម្ទុះដែលផ្តល់ដោយការស្ទុះងើបសេដ្ឋកិច្ចសកលបានពង្រឹងទីផ្សារថាមពល។ ដោយមើលឃើញពីសញ្ញាវិជ្ជមានសម្រាប់តម្រូវការថាមពលនៅឆ្នាំ ២០២១ មានហេតុផលជាច្រើនទៀតដែលត្រូវមានសុទិដ្ឋិនិយមថាថ្ងៃល្អប្រសើរនឹងមកដល់ហើយ ខណៈពេលដែលបញ្ហាខ្វះចន្លោះខ្លះនៅតែមានយើងមានជំហរល្អ...នៅពេលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ"។
ប្រាក់ចំណូលទាបរបស់ក្រុមហ៊ុនកាលពីឆ្នាំមុនបានដាក់សម្ពាធលើហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៅពេលដែលទីក្រុងរីយ៉ាដប្រឈមនឹងឱនភាពថវិកាដែលមានចំនួនច្រើនហើយបន្តគម្រោងជាច្រើនពាន់លានដុល្លារ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេង។
ប្រាក់ចំណេញនៅត្រីមាសទី ១ កើនលើសការប៉ាន់ស្មានប្រមាណ ២០ ពាន់លានដុល្លារដោយក្រុមហ៊ុន RBC Capital Markets ដែលបាននិយាយថាលទ្ធផលបានបង្ហាញពី "អានុភាពរបស់ Aramco ចំពោះការកើនឡើងតម្លៃទំនិញ"៕ RR










