ក្រុង​សានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Google កាលពី​ថ្ងៃ​ចន្ទ​​បាន​រាយការណ៍​​ពី​កំណើន​ប្រាក់​ចំណេញខ្ពស់​​ប្រចាំ​ត្រីមាស ដែល​ត្រូវ​បានជំរុញ​ដោយ​កំណើន​ខ្ពស់​ផ្នែក​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល។

ក្រុមហ៊ុន Alphabet បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ស្តី​ពី​ប្រាក់​ចំណេញ​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​ការ​ព្យាករ​ខ្លាំង​ថា ប្រាក់​ចំណេញ​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៨ បាន​កើន​ឡើង​ជាង ៧០ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ដល់ ៩,៤​ ពាន់​លាន​ដុល្លារ។

ប្រាក់​ចំណូល​នៅ​ក្រុមហ៊ុន​អ៊ីនធឺណិត​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ក្នុង​អំឡុង​ត្រីមាស​​ទី​មួយ​ក្នុង​ឆ្នាំ​នេះ មាន​ចំនួន ៣១,១​ ពាន់​លាន​ដុល្លារ កើន​ឡើង ២៦ ​ភាគ​រយ​ធៀបនឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Alphabet បាន​កើន​ឡើង​បន្តិច​នៅ​ពេលជួញ​ដូរ​ក្រៅ​ម៉ោង បន្ទាប់​ពី​សេចក្តី​ប្រកាស​ពី​របាយការណ៍​ប្រាក់​ចំណេញ​នេះ។

ប្រាក់​ចំណេញ​នៅ​ត្រីមាស​ទីមួយ​ រួម​ទាំង​ប្រាក់​ចំណូល​ម្តង​ម្កាល​ដែល​មាន​ចំនួន ៣​ ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ ដែល​ត្រូវ​បានជឿ​​ថា​ភាគ​ច្រើន​ទទួល​បាន​ពី​កំណើន​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​​ក្នុង​ក្រុមហ៊ុន Uber ដែល​​ផ្តល់​សេវាកម្ម​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​​តាម​​ទូរស័ព្ទ​ទំនើប​។

លោក Ruth Porat ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន Alphabet បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​រាយការណ៍​ប្រាក់​ចំណេញ​មួយ​ថា៖ «​យើង​មាន​កាលានុវត្តភាព​ដ៏​អស្ចារ្យ​នា​ពេល​ខាង​មុខ ហើយ​កំណើន​ប្រាក់​ចំណេញ​ខ្ពស់​របស់​យើង នឹង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​វិនិយោគ​ប្រកប​ដោយ​ទំនុក​ចិត្ត​»។

ក្រុមហ៊ុន Alphabet គឺ​ជា​ក្រុមហ៊ុន​ដ៏ធំ​ដំបូងគេ​នៅ​តំបន់ Silicon Valley ដែល​រាយ​ការណ៍​ពី​ប្រាក់​ចំណេញ​នៅ​ត្រីមាស​ទី​មួយ ហើយ​សេចក្តី​រាយការណ៍​នេះ ធ្វើឡើង នៅ​ពេល​មាន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ពី​របៀប​ដែល​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ឯកជន ត្រូវ​បាន​ការ​ពារ​​ក្នុង​គ្រា​ដែល​មាន​ការ​​ចូល​លួច​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ចំនួន​រាប់​លាន​នាក់។​

សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា ផ្នែកក្រុមហ៊ុន Google នៅ​តែ​មាន​ទំហំ​ច្រើន​នៃ​ប្រាក់​ចំណូល​ ដោយ​មាន​ចំនួន ៣០,៩៩​ ពាន់​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង​ធៀប​នឹង​ប្រាក់​ចំណូល ២៤,៦​ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។​

ប្រាក់​ចំណូល​ពី​ «ប្រភព​ផ្សេង​ទៀត» ​របស់​ក្រុមហ៊ុន​នេះ ដែល​រួម​មាន ផ្នែក​ផលិត​រថយន្ត​ដែល​អាច​បើក​បរ​ដោយ​ខ្លួន​ឯង​បាន​គឺ​ក្រុមហុន Waymo និង​ក្រុមហ៊ុន​វិទ្យាសាស្រ្ត​ជីវិត Verily មាន​ទំហំ​ស្មើ​នឹង ១៥០​ លាន​ដុល្លារ​ធៀប​នឹង​តម្លៃ ១៣២​ លាន​ដុល្លារ៕ AFP/BP