ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរាយការណ៍អំពីភាពល្អប្រសើរនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងឆមាសទី ១ ឆ្នាំនេះ ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោកក៏ដោយ។
យោងតាមរបាយការណ៍របស់ PPAP ផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃសុក្រឲ្យដឹងថា ប្រាក់ចំណូលកំពង់ផែនេះមានចំនួនជាង ១២,៨៦ លានដុល្លារ នៅក្នុងឆមាសទី ១ ធៀបនឹង ១១,៦៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងជាង ១០ ភាគរយ។ ចំណែកប្រាក់ចំណេញដុលរបស់កំពង់ផែបានកើនឡើង ១៤ ភាគរយ ក្នុងតម្លៃ ៨,៩០៣ លានដុល្លារ ធៀបនឹង ៧,៨០១ លានដុល្លារ។
លោក ហ៊ី បាវី អគ្គនាយក PPAP បានឲ្យដឹងកាលពីខែមិថុនា ថា ទោះបីជាការរីករាលដាលជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប៉ុន្តែកំពង់ផែនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីលើកកម្ពស់ប្រតិបត្តិការអាជីវកម្ម តាមរយៈការកាត់បន្ថយការចំណាយ និងការផ្អាកការវិនិយោគដែលមិនបន្ទាន់។
លោកថ្លែងថា៖ «ទោះបីបច្ចុប្បន្នវិបត្តិជំងឺកូវីដ ១៩ នៅតែកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា និងតំបន់ធំៗរបស់ពិភពលោក ប៉ុន្តែ PPAP នៅតែប្រកាន់ខ្ជាប់ជាមួយនឹងទិសដៅកំណត់របស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន»។
លោកឲ្យដឹងថា កំពង់ផែទើបនឹងដាក់ឲ្យដំណើរការវិធានការមួយចំនួនដើម្បីការពារផលប៉ះពាល់ ដែលរួមមានការកែតម្រូវផែនការអាជីវកម្មឆ្នាំ ២០២០ ការកាត់បន្ថយការចំណាយមិនចាំបាច់ ការផ្អាកការវិនិយោគដែលមិនចាំបាច់ និងផ្ដោតការយកចិត្តទុកដាក់ទៅលើគម្រោងសំខាន់ៗដើម្បីបង្កើនកំណើនប្រតិបត្តិការអាជីវកម្ម។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា កំណើនវិជ្ជមានរបស់ PPAP បានឆ្លុះបញ្ចាំងពីប្រតិបត្តិការអាជីវកម្មកាន់តែប្រសើរ ដោយសារតែសកម្មភាពនាំចូល និងនាំចេញទំនិញកាន់តែច្រើនទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា អាជីវកម្ម PPAP នឹងបន្តរីកចម្រើនបន្ថែមទៀត ដោយសារតែការពិតដែលថា នៅតែមានការរឹតបន្តឹងការធ្វើដំណើរមួយចំនួន ហើយជំងឺកូវីដ ១៩ នៅតែកំពុងរីករាលដាល ប៉ុន្តែប្រជាជនចាំបាច់ត្រូវរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត និងបន្តធ្វើអាជីវកម្ម ដូច្នេះសកម្មភាពកំពង់ផែនេះនៅតែមានសារៈសំខាន់ ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។ អាជីវកម្ម PPAP នឹងកាន់តែល្អប្រសើរឡើងនៅត្រីមាសបន្ទាប់ ហើយជាលទ្ធផលតម្លៃភាគហ៊ុននឹងកើនឡើងថែមទៀត»៕LA