ក្រុងហ្ស៊ូរិចៈ ធនាគារ​ស្វ៊ីស Credit Suisse កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ពី​កំណើន​ប្រាក់​ចំណេញ​ខ្ពស់​នៅ​ត្រីមាស​ទីមួយ​ដោយសារ​កំណែទម្រង់​ដ៏ធំ​មួយ​ដែល​កំពុង​អនុវត្ត​គិត​ចាប់ពី​ឆ្នាំ ២០១៥ មក​នោះ​បាន​នាំ​មក​នូវ​លទ្ធផល​ប្រាក់​ចំណេញ​ខ្ពស់​។

ធនាគារ​ធំ​ជាង​គេ​ទី​ ២ ​​របស់​ប្រទេស​ស្វ៊ីស​ បន្ទាប់ពី​ធនាគារ UBS មួយ​នេះ​បាន​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់​ឡើងវិញ​លើ​សកម្មភាព​របស់​ខ្លួន​លើ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជុំវិញ​ការ​ផ្តល់សេវា​ធនាគារ​ដល់​ក្រុម​ឈ្មួញ​។

ធនាគារ Credit Suisse បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា កំណែទម្រង់​ដែល​បាន​ដាក់​ដំណើរការ បន្ទាប់ពី​ធុរជន​ជនជាតិ​បារាំង​លោក Tidjane Thiam បាន​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​កាលពី​ឆ្នាំ​ ២០១៥ មក​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង «​ការយក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ប្រសិទ្ធភាព​» ផង​ដែរ​។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​យើង​បាន​ផ្លាស់ប្តូរ​ធនាគារ Credit Suisse ក្នុង​រយៈពេល​តិចជាង ៣ ឆ្នាំ​»​។

នៅ​ត្រីមាស​ទី​មួយ​ក្នុង​ឆ្នាំ ២០១៨ នេះ​ធនាគារ​នេះ​បាន​ប្រកាស​ពី​កំណើន​ប្រាក់​ចំណេញ ១៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់ ៦៩៤ លាន​ស្វ៊ីសហ្វ្រង់ (៧០៦ ​លាន​ដុល្លារ ឬ ៥៧៩ លាន​អឺរ៉ូ​)​។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ការចំណាយ​ប្រចាំ​ត្រីមាស ត្រូវ​បាន​កាត់បន្ថយ​មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​» ក្នុង​រយៈពេល ៥ ឆ្នាំ​។

សេចក្តី​ប្រកាស​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ៨០ ភាគរយ​នៃ​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំណេញ​ស្នូល​របស់​ធនាគារ​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើតឡើង​តាមរយៈ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ និង​សកម្មភាព​ធនាគារ​វិនិយោគ​ដែល​បាន​កើនឡើង ៤១ ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥​។

លោក Thiam បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ​ថា​៖ «​យើង​មាន​ផែនការ​ធ្វើឲ្យ​ឆ្នាំ​ ២០១៨ ក្លាយជា​ឆ្នាំ​នៃ​ការអបអរសាទរ​លទ្ធផល​ការងារ​របស់​យើង​»៕ BP