ក្រុងស៊ាងហៃៈ ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ Tencent របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​បាន​កើនឡើង ៣៥ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២ ខណៈ​ដែល​ក្រុមហ៊ុន​បាន​បន្ត​គេច​ចេញពី​ការបង្ក្រាប​របស់​ទីក្រុង​ប៉េកាំង​លើ​ការលេង​ហ្គេម​អនឡាញ និង​បង្កើន​កំណើន​ហ្គេម​លើ​ទូរស័ព្ទ​ចល័ត​។

ក្រុមហ៊ុន Tencent ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សិន-ចិន និង​ជា​ប្រតិបត្តិការ​កម្មវិធី​ផ្ញើ​សារ និង​ទូទាត់​ចំណាយ​ចល័ត WeChat បាន​ឲ្យ​ដឹងថា ប្រាក់​ចំណេញ​សុទ្ធ​មាន ២៤,១ ពាន់​លាន​យន់ (៣,៥ ​ពាន់​លាន​ដុល្លារ​) នៅក្នុង​រយៈពេល ៣ ខែ​ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣០ ខែ​មិថុនា​។ បរិមាណ​នេះ​លើសពី​ការប៉ាន់​ប្រមាណ​ជា​មធ្យម​របស់​ក្រុមអ្នកវិភាគ​ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែល​ថា​មាន​ចំនួន ២១,១ ​ពាន់​លាន​យន់​។

ប្រាក់ចំណូល​សរុប​បាន​កើនឡើង ២១ ​ភាគរយ​ក្នុង​ចំនួន ៨៨,៨ ​ពាន់​លាន​យន់​ភាគច្រើន​ត្រូវបាន​ជំរុញ​ដោយ​កំណើន​ហ្គេម​ទូរស័ព្ទ​ចល័ត សេវា​ទូទាត់​ពាណិជ្ជកម្ម និង​អាជីវកម្ម​មាតិកា​ឌីជីថល​។

ប្រាក់ចំណូល​ពី​ហេ្គម​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Tencent បាន​កើនឡើង ២៦ ​ភាគរយ​ក្នុង​រយៈពេល ៣ ​ខែ​នេះ​។

ប៉ុន្តែ​ក្រុមហ៊ុន Tencent ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​លើ​ការលេង​ហ្គេម​ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​មុន និង​បាន​ឈាន​ទៅ​រក​ការបង្កក​ការអនុម័ត​អាជ្ញាប័ណ្ណ​អស់​រយៈពេល​ជាច្រើន​ខែ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​នេះ​បាន​រក្សា​កំណើន​ប្រាក់ចំណូល​ពី​ហ្គេម « Honour of Kings» ដែល​ជា​ហេ្គម​ដ៏​ពេញនិយម ហើយ​បាន​ចាប់ផ្ដើម​គិត​ប្រាក់​ពី​អ្នកលេង​ហ្គេម​ថ្មី​ដែល​ចំណងជើង​ថ្មី «Peacekeeper Elite» ហ្គេម «Player-Unknown''s Battlegrounds» ដែលមាន​អ្នកលេង​សកម្ម​ប្រចាំថ្ងៃ​ជាង ៥០ លាន​នាក់​ចាប់តាំងពី​ដាក់​ដំណើរការ​កាលពី​ខែឧសភា​។

ក្រុមហ៊ុន Tencent បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ដកចេញ​ហ្គេម​ចាស់ៗ ហើយ​ហ្គេម​ថ្មី​ដែល​បាន​ទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល​ត្រូវ​បាន​អភិវឌ្ឍ​រួមគ្នា​ជាមួយ​កម្លាំង​ទ័ពអាកាស​របស់​ប្រទេស​ចិន​។

ទោះបី​ជា​ក្រុមហ៊ុន​កំពុង​បង្ហាញ​សញ្ញា​នៃ​ការស្ទុះ​ងើប​ឡើងវិញ​ក៏ដោយ ក៏​ការបង្ក្រាប​ការលេង​ហ្គេម​បាន​កាត់បន្ថយ​តម្លៃ​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន Tencent ប្រហែល ២៥០ ពាន់​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំ​មុន និង​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ដល់​ចុងឆ្នាំ​ ២០១៨​។

លោក David Dai អ្នកវិភាគ​នៅ​ទីក្រុង​ហុងកុង​ប្រចាំ​ក្រុមហ៊ុន Bernstein បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News ថា​៖ «​យើង​រំពឹង​ថា​ប្រាក់​ចំណូល​លេង​ហ្គេម​នឹង​កើនឡើង​ជាថ្មី ចាប់ផ្ដើម​ពី​ត្រីមាស​ទី​ ២ ទៅ​»៕ LA