ភ្នំពេញៈ ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ ​២០១៨ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ធ្លាក់​ចុះ​ប្រមាណ​ជិត​ ១០ ភាគរយ បើ​ធៀប​​នឹង​ឆ្នាំ ​២០១៧។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​​​ដែល​បាន​​ធ្វើ​សវនកម្ម​​របស់​ធនាគារ​នេះ។​

របាយការណ៍​បាន​បង្ហាញ​​​ថា ក្នុង​ឆ្នាំ ​២០១៨ ធនាគារ អេស៊ីលីដា ទទួល​បាន​ប្រាក់​ចំណេញ​ ​៨៤ ០០៩ ២៦៨​​​ ដុល្លារ​​ដោយ​ធ្លាក់​ចុះ​ ៩,២ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៧ ដែល​មាន​ចំនួន​ ៩២ ៥២៧ ៩៩៨​​ ​ដុល្លារ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​​ពី​​ម្សិលមិញ​ថា ការ​ធ្លាក់ចុះ​​កំណើន​ប្រាក់​ចំណេញ​កាល​ពី​ឆ្នាំ ​២០១៨ គឺ​ដោយសារ​នៅ​ឆមាស​ទី​១ ធនាគារ​មិន​​សូវ​រីក​ចម្រើន តែ​វា​បាន​​ស្ទុះ​កើន​ខ្ពស់​​​ចាប់​ពី​ឆមាស​ទី​២ ​មក​។

លោក​លើក​ឡើង​ថា ដោយសារ​ឆ្នាំ ​២០១៧ ធនាគារ​មិន​សូវ​​​​រីក​ចម្រើន​ ដូច្នេះ​កាល​ដើម​ឆ្នាំ ​២០១៨ ធនាគារ​បាន​​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធសាស្រ្ត​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ និង​អតិថិជន ព្រម​ទាំង​​កែ​លម្អ​គុណភាព​សេវាកម្ម​មួយ​ចំនួន​​ឲ្យ​​​កាន់​តែ​ប្រសើរ​ ដូច្នេះ​ហើយ​​ធ្វើ​ឲ្យ​មាន​​ការ​ចំណាយ​ច្រើន​ទៅ​​លើ​ការ​បណ្តុះបណ្តាល​ធនធាន​​មនុស្ស​។

លោក​ថ្លែង​​​ថា៖ ​​«បើ​យើង​មើល​ខ្ទង់​ចំណាយ​​​ទៅ​លើ​ការ​បណ្តុះបណ្តាល​កាល​ពី​ឆ្នាំ ​២០១៨ គឺ​មាន​ការ​ចំណាយ​ច្រើន​»។

របាយការណ៍​ខាង​លើ​​បាន​ឲ្យ​​​ដឹង​ទៀត​​ថា កាល​ពី​ឆ្នាំ ​២០១៨ ​ធនាគារ អេស៊ីលីដា ទទួល​បាន​ចំណូល​ពី​ការ​ប្រាក់​ចំនួន ៤២៣ ២៥៦ ១៨៤ ​ដុល្លារ និង​ចំណូល​កម្រៃ​និង​ជើងសា ៦៤ ៤១៣ ៤១៨​ដុល្លារ។ ចំណែក​ការ​ចំណាយ​ទៅ​លើ​​ការ​ប្រាក់​វិញ​មាន​ចំនួន ១៥១ ៤០៤ ៦៨២​ដុល្លារ និង​ចំណាយ​កម្រៃ និង​ជើងសា​មាន​ចំនួន ៧៤៩ ៥០១ ​ដុល្លារ​។​

សម្រាប់​ឆ្នាំ ​២០១៩ នេះ ​ធនាគារ​រំពឹង​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​មាន​កំណើន​ខ្ពស់​ឡើង​វិញ។

លោក អ៊ិន ចាន់នី ​អះអាង​ថា​៖ «​ដោយសារ​កាល​ពី​ឆ្នាំ ​២០១៨ ធនាគារ​​​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​បាន​​​​ច្រើន​ ដូច្នេះ​​នៅ​ឆ្នាំ ​២០១៩ នេះ​ យើង​រំពឹង​ថា ធនាគារ​អេស៊ីលីដា នឹង​មាន​កំណើន​ខ្ពស់​ឡើង​វិញ​»​៕