
បុគ្គលិកកំពុងឈររង់ចាំស្វាគមន៍អតិថិជននៅការិយាល័យកណ្តាលរបស់ធនាគារ ABA នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ធនាគារ ABA Bank បានរាយការណ៍ប្រាក់ចំណេញសុទ្ធ ៧១,៨ លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ៥៥ ភាគរយ ធៀបនឹង ៤៦,២ លានដុល្លារកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
របាយការណ៍នេះ ឲ្យដឹងថា កំណើនប្រាក់ចំណេញ ៥៥ ភាគរយ របស់ធនាគារនេះ ដែលស្របនឹងកំណើនផលបត្រកម្ចី និងការកើនឡើងសាខាប្រតិបត្តិការ គឺជាកតា្តជំរុញដ៏សំខាន់នៃកំណើនរបស់ធនាគារនេះ។
របាយការណ៍បង្ហាញថា ផលបត្រប្រាក់បញ្ញើ បានកើនឡើងដល់ ២,២ ពាន់លានដុល្លារ ធៀបនឹង ១,៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ខណៈផលបត្រកម្ចី បានកើនឡើងដល់ ១,៨ ពាន់លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គ្រាន់តែក្នុងឆ្នាំ ២០១៨ ធនាគារនេះ បានដាក់ឲ្យដំណើការសាខាថ្មីចំនួន ១៥ កន្លែង។ គិតត្រឹមដំណាច់ឆ្នាំនេះ ធនាគារ ABA Bank មានអ្នកដាក់ប្រាក់បញ្ញើ ៤២៦ ០០០ នាក់ កើនឡើងពី ២៣២ ០០០ នាក់ កាលពីឆ្នាំមុន ជាមួយនឹងបុគ្គលិក ៤ ២១៣ នាក់ និងសាខាប្រតិបត្តិការ ៦៦ ទូទាំងប្រទេសនេះ។
លោក Askhat Azhikhanov អគ្គនាយកធនាគារ បានឲ្យដឹងថា៖ «ខណៈមូលដ្ឋានអតិថិជនរបស់យើងកើនឡើង យើងមើលឃើញអតិថិជនកាន់តែច្រើនឡើងៗ ដែលមកទីតាំងរបស់យើង យើងបង្កើនម៉ោងការងាររបស់សាខាមមាញឹកមួយចំនួន»។
លោកថា៖ «យុទ្ធសាស្ដ្រទូរស័ព្ទចល័តដំបូងរបស់យើង និងទំនុកចិត្តលើបច្ចេកវិទ្យា បានក្លាយជាកត្តាជំរុញកំណើនគណនីដ៏សំខាន់របស់យើងដែលនាំយកមូលនិធិមានតម្លៃទាប និងអាចជឿទុកចិត្តបាន និងផ្ដល់អត្ថប្រយោជន៍ប្រកបដោយការប្រកួតប្រជែងនៅក្នុងទីផ្សារនេះ»។
ធនាគារ ABA Bank នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលបោះផ្សាយមូលបត្របំណុលទី៣ នៅផ្សារមូលបត្រកម្ពុជា បន្ទាប់ពីធនាគារនេះទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC)។
ធនាគារនេះគ្រោងនឹងប្រមូលមូលនិធិ ១០០ ពាន់លានរៀល (២៥ លានដុល្លារ) តាមរយៈការចេញមូលបត្របំណុលសាជីវកម្មលើកដំបូងរបស់ខ្លួន ហើយប្រាក់បានពីការចេញមូលបត្របំណុលនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើប្រតិបត្តិការ ព្រមទាំងកំណើននៅក្នុងអាជីវកម្មផ្ដល់កម្ចី។
របាយការណ៍នេះ បង្ហាញថា ធនាគារ ABA គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងខេត្តថ្មីចំនួន ២ បន្ថែមទៀត នៅឆ្នាំ ២០១៩ នេះ។
លោក Azhikhanov ថ្លែងថា៖ «យុទ្ធសាស្ដ្រផ្ដល់កម្ចីរបស់យើង សម្រាប់ឆ្នាំ ២០១៩ នឹងបន្តការផ្ដោតលើការផ្ដល់កម្ចីអាជីកម្ម។ ស្របជាមួយនឹងបេសកកម្ម និងចក្ខុវិស័យសាជីវកម្មរបស់យើង យើងនឹងបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនក្នុងស្រុក ដែលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនរបស់ពួកគេ»។
ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើងជាង ២,៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើង ៦៥ ភាគរយ កាលពីចុងឆ្នាំ ២០១៧ ខណៈប្រាក់ចំណេញលើការវិនិយោគមានចំនួន ២៨ ភាគរយ។
ធនាគារជាតិនៃកម្ពុជាបង្ហាញថា មានធនាគារពាណិជ្ជ ៤៣ ធនាគារឯកទេស ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៤ នៅក្នុងប្រទេស កម្ពុជា ត្រឹមឆ្នាំ ២០១៨៕LA