ភ្នំពេញ៖ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន ៩ ៨៦០ ៨៧៥ ដុល្លារ នៅ​ឆ្នាំ ២០២០ ថយចុះ ១៤ ភាគរយ ធៀបនឹង ២០១៩ ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល។ បើ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​របស់​កំពង់ផែ។

លោក ហ៊ី បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចុះ​បញ្ជី​បោះផ្សាយ​មូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​មហាសន្និបាត​ភាគហ៊ុនិក​លើក​ទី៦ កាល​ពី​ថ្ងៃទី ៥ ឧសភា ដែល​រៀបចំ​តាម​អនឡាញ។

លោក ហ៊ី បាវី ឲ្យ​ដឹង​ទៀត​ថា បរិមាណ​កុងតឺន័រ​មាន​ចំនួន ២៩០ ៨៥៧ TEUs កើន​ឡើង ៣,៤៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។

លោក​ថ្លែង​ទៀត​ថា៖ «ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ គឺ​ជា​ឆ្នាំ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវដី ១៩ តែ​អាជីវកម្ម និង​ប្រតិបត្តិការ​របស់​យើង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ល្អ​ប្រសើរ និង​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​ភ្លាមៗ ទាន់​ពេល​វេលា​ដូចជា ការ​កែ​សម្រួល​ផែនការ​ឆ្នាំ ២០២០ អនុវត្ត​គម្រោង​ណា​ដែល​ចាំបាច់ បម្រើ​ដល់​ការងារ​អាជីវកម្ម និង​ប្រតិបត្តិការ និង​ការ​កាត់​បន្ថយ​ចំណាយ​មិន​ចាំបាច់​ជាដើម»។

លោក​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បាន​ខាង​លើ​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏​មាន​ផែនការ​ការងារ​ជា​អាទិភាព​បន្ត​ទៀត សម្រាប់​អនុវត្ត​ឆ្នាំ ២០២១ នេះ រួមមាន​ការងារ​ពង្រីក​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី៣ ដើម្បី​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ ឱ្យ​បាន​ដល់​ចំនួន ៥០០ ០០០ TEU ក្នុង ១ ឆ្នាំ។

លោក​បន្ត​ទៀត​ថា លើស​ពី​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​បង្កើត​ចំណត​ផែ​រណប​នៅ​ទីតាំង​គីឡូ​ម៉ែត្រលេខ ៦ ចំណត​ផែ​ទន្លេ​បិទ​ UM២ ចំណត​ផែ​កោះរកា និង​ការ​ធ្វើ​ទំនើបកម្ម​ចំណត​ផែ​ពហុ​បំណង TS៣ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ចំណត​ផែ​ទេសចរណ៍​អន្តរជាតិ TS៣ ព្រម​ទាំង​ការងារ​បំពាក់​ឧបករណ៍ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក៏​ដូច​ជា​ការ​កែ​សម្រួល​តម្លៃ​អនុគ្រោះ​លើ​សេវាកម្ម​មួយ​ចំនួន​ទៀត ដើម្បី​ទាក់​ទាញ​អតិថិជន​ឱ្យ​មក​ប្រើ​សេវា​កំពង់ផែ​នេះ​ច្រើន​ថែម​ទៀត៕