
ធនាគារអេស៊ីលីដា នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ប្រាក់ចំណេញសុទ្ធរបស់ អេស៊ីលីដា ដែលជាធនាគារធំជាងគេបើគិតពីទ្រព្យសកម្មនិងទំហំកម្ចីនៅឆ្នាំ ២០១៧ បានធ្លាក់ចុះ ២៧ ភាគរយពី ១២៧,៣ លានដុល្លារ កាលពីឆ្នាំ ២០១៦ មកនៅ ៩២,៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចេញផ្សាយកាលពីថ្ងៃចន្ទ។
លោកស្រី សូ ផនណារី អនុប្រធានប្រតិបត្តិការធនាគារអេស៊ីលីដាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្លាក់ចុះប្រាក់ចំណេញរបស់ធនាគារនេះ ដោយសារតែការកើនឡើងនៃសំវិធានធនឥណទានបាត់បង់ (កម្ចី ដែលប្រឈមនឹងការបាត់បង់) ពី ១៣,៦ លានដុល្លារក្នុងឆ្នាំ ២០១៦ រហូតដល់ ៣៤,២ លានដុល្លារក្នុងឆ្នាំ ២០១៧។
លោកស្រីបន្តថា៖ «នៅឆ្នាំ ២០១៧ តម្លៃផលិតផលកសិកម្មបានធ្លាក់ចុះ ដែលធ្វើឲ្យប្រាក់ចំណូលរបស់កសិករធ្លាក់ចុះ ហើយវាបានប៉ះពាល់ដល់លទ្ធភាពសងត្រឡប់»។
លោកស្រីបន្ថែមថា កូនបំណុលរបស់ធនាគារនៅសងត្រឡប់ ប៉ុន្តែគ្រាន់តែមិនគ្រប់ចំនួនទៅតាមកិច្ចសន្យាសងត្រឡប់។ លោកស្រីបន្តថា៖ «ការកើនឡើងនៃកម្ចីដែលប្រឈមនឹងការបាត់បង់ជាការក្រើនរំឭកថា យើងត្រូវតែពង្រឹងគុណភាពកម្ចីរបស់យើង»។
របាយការណ៍បង្ហាញថា ទ្រព្យសកម្មសរុបរបស់ធនាគារនៅតែបន្តកើនឡើងដល់ជាង ៥,២៤ ពាន់លានដុល្លារកើនឡើងជាង ១២ ភាគរយធៀបនឹងចុងឆ្នាំ ២០១៦ ដែលមាន ៤,៦៦ ពាន់លានដុល្លារ។
ខណៈកម្ចីរបស់ធនាគារ អេស៊ីលីដា បានកើនឡើង ៨,៥៨ ភាគរយ រហូតដល់ ៣,០៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០១៧ កម្ចីមិនដំណើរការរបស់ធនាគារធៀបនឹងកម្ចីសរុបមានអត្រា ២,១៤ ភាគរយ ដែលចំនួនបានកើនឡើងពី ០,៦៨ ភាគរយ កាលពីឆ្នាំ ២០១៦។ នេះបើតាមរបាយការណ៍៕