
កាស៊ីណូ Naga Corp ដែលកំពុងប្រតិបត្តិការកាស៊ីណូ ណាហ្គាវើល តែមួយគត់នៅទីក្រុងភ្នំពេញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុមហ៊ុន កាស៊ីណូ Naga Corp ដែលកំពុងប្រតិបត្តិការកាស៊ីណូ ណាហ្គាវើល តែមួយគត់នៅទីក្រុងភ្នំពេញបង្ហាញកំណើនប្រាក់ចំណេញនៅឆមាសទី ១ រហូតដល់ ១៨០ លានដុល្លារ ដោយសារកំណើនភ្ញៀវទេសចរចិន។ នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាសរបស់ក្រុមហ៊ុន។
ប្រាក់ចំណេញរបស់ណាហ្គានៅឆមាសទី ១ ឆ្នាំនេះស្មើនឹងទឹកប្រាក់ ២ ដងនៃចំនួនប្រាក់ចំណេញ ១ ឆ្នាំពេញរបស់អេស៊ីលីដា ដែលជាធនាគារធំជាងគេនៅកម្ពុជាពីឆ្នាំ ២០១៧។ ឆ្នាំ ២០១៧ អេស៊ីលីដាទទួលបានប្រាក់ចំណេញសុទ្ធ (ចំណេញបន្ទាប់ពីបង់ពន្ធរួច) ៩១,៦ លានដុល្លារ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Naga Corp ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនក្រុងហុងកុង និងជាប្រតិបត្តិករសណ្ឋាគារ និងកាស៊ីណូណាហ្គាវើល នៅកម្ពុជាបានបង្ហាញថា Naga 1 និង Naga 2 ទទួលបានកំណើនភ្ញៀវយ៉ាងខ្លាំងនៅឆមាសទី ១ ឆ្នាំនេះស្របតាមកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាជាពិសេសភ្ញៀវជនជាតិចិន។
របាយការណ៍ដដែលបង្ហាញថាគ្រាន់តែក្នុងរយៈពេល ៤ ខែដំបូងឆ្នាំនេះ ភ្ញៀវចិនកើនឡើងរហូតដល់ ៧៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្តីជូនដំណឹងរបស់ Naga Corp បង្ហាញថា៖ «ទីក្រុងភ្នំពេញក្លាយជាទីតាំងដ៏គួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងសម្រាប់ប្រតិបត្តិករ [កាស៊ីណូ] និងអ្នកមកលេងកម្សាន្តមកពីតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីបូព៌ា ជាពិសេសប្រទេសចិន»។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «កត្តាទាំងនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនបន្តចូលទីផ្សារថ្មីនេះ ហើយធ្វើឲ្យអាជីវកម្មកើនឡើង និងកាន់តែរីកធំធាត់»។
ណាហ្គាវើល គឺជាមណ្ឌលកម្សាន្តរួមបញ្ចូលគ្នារវាងកាស៊ីណូ និងសណ្ឋាគារតែមួយគត់នៅទីក្រុងភ្នំពេញ ហើយក៏ជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកាស៊ីណូរយៈពេល ៧០ ឆ្នាំ។
អាជ្ញាប័ណ្ណនេះមានសុពលភាពរហូតដល់ឆ្នាំ ២០៦៥។ ក្រុមហ៊ុននេះក៏ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខសម្រាប់ប្រតិបត្តិការសេវាកម្មកាស៊ីណូរយៈពេល ៤១ ឆ្នាំនៅភ្នំពេញផងដែរ ដែលសិទ្ធិផ្តាច់មុខនេះនឹងផុតកំណត់នៅឆ្នាំ ២០៣៥។
តាមរបាយការណ៍ប្រាក់ចំណូលសរុបរបស់ណាហ្គានៅឆមាសទី ១ ឆ្នាំនេះមានរហូតដល់ជិត ៧៣៣ លានដុល្លារកើនឡើង ១៦២ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណេញមុនបង់ពន្ធចំនួន ១៨៤,៥ លានដុល្លារ ខណៈត្រូវចំណាយលើការបង់ពន្ធមានចំនួន ៤,៤ លានដុល្លារ។
របាយការណ៍ដដែលបង្ហាញថា ចំណូលមិនមែនល្បែងរបស់ណាហ្គាវើល ដែលបានមកពីប្រតិបត្តិការសណ្ឋាគារ អាហារភេសជ្ជៈ និងសេវាកម្សាន្តនានានៅឆមាសទី ១ ក្នុងឆ្នាំនេះមានចំនួន ១៩ លានដុល្លារ។
ខណៈកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មកាស៊ីណូនៅឡើយ បច្ចុប្បន្នឧស្សាហកម្មនេះត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
តាមលោក រស់ ភីរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតមកទល់ខែមិថុនាឆ្នាំនេះក្រសួងបានផ្តល់អាជ្ញាប័ណ្ណលើអាជីវកម្មកាស៊ីណូជាង ១០០ នៅកម្ពុជាភាគច្រើនត្រូវបានអនុញ្ញាតឲ្យដាក់ទីតាំងនៅតាមបណ្ដោយព្រំដែន។
កាលពីឆ្នាំ ២០១៧ ប្រាក់ចំណូលពន្ធបានពីវិស័យកាស៊ីណូមានប្រមាណ ៣៧ លានដុល្លារ៕