ក្រុងហ្វ្រេងហ្វឺតៈ ក្រុមហ៊ុនផលិតរថយន្ត BMW បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនកំពុងស្ថិតនៅផ្លូវឆ្ពោះទៅរកការសម្រេចបានទិសដៅលទ្ធផលល្អសម្រាប់ឆ្នាំ ២០១៩ បើទោះជាមានស្ថានភាពមិនល្អខ្លះក៏ដោយ បន្ទាប់ពីទទួលបានកំណើនលក់ និងប្រាក់ចំនេញនៅត្រីមាសទី ៣។
ប្រាក់ចំណេញរបស់ក្រុមហ៊ុន BMW បានកើនឡើង ១១,៥ ភាគរយ ដល់ចំនួនជាង ១,៥ ពាន់លានអឺរ៉ូ (១,៦ ពាន់លានដុល្លារ) ដោយសារមូលដ្ឋានប្រៀបធៀបទៅនឹងត្រីមាសទី ៣ ដែលមិនល្អនៅឆ្នាំ ២០១៨ ដែលត្រូវបានដាក់បន្ទុកដោយការធ្វើតេស្តការបញ្ចេញឧស្ម័នការបូន។
លោក Nicolas Peter ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន BMW បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងទទួលបានលទ្ធផលក្នុងកម្រិតខ្ពស់មួយបើធៀបនឹងក្រុមហ៊ុនប្រកួតប្រជែងរបស់យើង និងកំពុងពិចារណាលើស្ថានភាពពិបាកនានាដែលអាជីវកម្មរបស់យើងកំពុងប្រឈម»។
លោក Oliver Zipse អគ្គនាយកក្រុមហ៊ុន BMW បានឲ្យដឹងថា ក្រុមហ៊ុនស្ថិតនៅលើផ្លូវដ៏ល្អឆ្ពោះទៅរកការសម្រេចបានទិសដៅរបស់យើងសម្រាប់រយៈពេលពេញ ១ ឆ្នាំ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្ត BMW របស់អាល្លឺម៉ង់នេះមានភាពត្រូវគ្នាទៅនឹងការអង្កេតរបស់ក្រុមអ្នកវិភាគដែលត្រូវបានអង្កេតដោយក្រុមហ៊ុនស្ថិតិ និងទិន្នន័យ Factset ប៉ុន្តែប្រាក់ចំណេញមានកម្រិតទាបជាងការរំពឹងទុកដោយកើនឡើង ៧,៩ ភាគរយ ដល់ចំនួន ២៦,៧ ពាន់លានអឺរ៉ូ និងប្រាក់ចំណេញប្រតិបត្តិការដែលបានកើនឡើង ៣២,៩ ភាគរយ ដល់ ២,៣ ពាន់លានអឺរ៉ូ។
អនុបាតប្រាក់ចំណេញរបស់ក្រុមហ៊ុនមេដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយក្រុមវិនិយោគិនកើនឡើង ១ ភាគរយ ខណៈផ្នែកអាជីវកម្មរថយន្តតែម្នាក់ឯងបានកើនឡើង ២,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ KC