ភ្នំពេញៈ ប្រាក់ចំណេញ​ក្នុង​ការិយបរិច្ឆេទ (​ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​) របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ​ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា (CSX) រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ​ជិត ៥០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​ឡើងវិញ ដោយ​សវនករ​ឯករាជ្យ BDO បាន​ឲ្យ​ដឹងថា សម្រាប់​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទទួល​បាន​ប្រាក់ចំណេញ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ៨,៩៧ ​លាន​ដុល្លារ​កើន​ ៤៦,៩ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​មាន​ ៥,៩៨ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ត្រីមាស​ទី​ ៣ កន្លងមក​កំពង់ផែ​ភ្នំពេញ​ទទួល​បាន​ប្រាក់ចំណេញ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ៣,៤៥ ​លាន​ដុល្លារ​ធ្លាក់ចុះ ៩,១ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។ របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ត្រីមាស​ទី​ ៣ PPAP ទទួលបាន​កុងតឺន័រ​ឆ្លងកាត់​ចំនួន ៩២ ៤៩៤ TEU កើន​ ៤៤,៤៣ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

អ្នកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា (CSX) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ល្ងាចម្សិលមិញ​ថា ការកើនឡើង​នៃ​សកម្មភាព​ប្រតិបត្តិការ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ទំនុកចិត្ត​របស់​វិនិយោគិន​បានធ្វើ​ឲ្យ​ប្រាក់ចំណូល និង​តម្លៃ​ភាគហ៊ុន​របស់ PPAP កើនឡើង​ជា​លំដាប់​។ អ្នកស្រី​ថ្លែងថា​៖ «​លទ្ធផល​នៃ​កំណើន​ប្រាក់ចំណេញ​សុទ្ធ​រហូត​ដល់​ជិត​​ ៥០ ​ភាគរយ​នេះ គឺ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រសិទ្ធភាព​របស់​ក្រុមហ៊ុន PPAP»​។

បើតាម​អ្នកស្រី សុផានីតា តម្លៃ​ភាគហ៊ុន​របស់ PPAP កាលពី​ចុង​ត្រីមាស​ទី ៣ ឆ្នាំ​ ២០១៨ មាន​តម្លៃ​ត្រឹមតែ ៦ ៤០០ ​រៀល​តែប៉ុណ្ណោះ ខណៈដែល​នៅ​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ បាន​កើន​ដល់ ១២ ៧៨០ ​រៀល​៕LA