ក្រុងឡាអេៈ ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក Philips របស់​ប្រទេស​ហូឡង់ កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​ការ​ថមថយ​ប្រាក់​ចំណេញ​ ២៧ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១ មួយ​ផ្នែក​បាន​រង​ផលប៉ះពាល់​ដោយសារ​ការចំណាយ​លើ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ និង​ការទិញ​យក​ក្រុមហ៊ុន​មួយ​ចំនួន ខណៈ​ក្រុមហ៊ុន​នេះ​អភិវឌ្ឍ​កញ្ចប់​វិនិយោគ​របស់​ខ្លួន​។

ក្រុមហ៊ុន Philips បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ប្រាក់​ចំណេញ​សុទ្ធ​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​ ១ ​មក​នៅត្រឹម ៩៤ លាន​អឺរ៉ូ (១១៥ លាន​ដុល្លារ​) ធៀប​នឹង​ចំនួន ១២៨ លាន​អឺរ៉ូ​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៧​។

ដោយ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​ផលិត​អំពូល ពងមាន់ ឧបករណ៍​អេឡិចត្រូនិក និង​ឈុត​ទូរទស្សន៍ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាំស្ទែរដាំ​មួយ​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ទាំង​នេះ​នៅពេល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​តំបន់​អាស៊ី​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​លើ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប និង​វិស័យ​សុខាភិបាល​ដូចជា​ការថត​កាំរស្មីអ៊ិច​ដោយ​កុំព្យូទ័រ និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​។

ការលក់​នៅ​ត្រីមាស​ទី​ ១ មាន​ចំនួន ៣,៩ ពាន់​លាន​អឺរ៉ូ​ធ្លាក់​ចុះ ២ ភាគរយ​ធៀប​នឹង​ប្រាក់​ចំណេញ​ចំនួន ៤,០៣ លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​ ២០១៧​។

តែ​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​បញ្ហា​ដែល​បណ្តាល​មកពី​ការប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ និង​ការធ្លាក់​ចុះ​ផ្នែក​ផលិត​អំពូល​ពងមាន់ Philips Lighting ។

លោក Frans van Houten នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Philips បាន​ឲ្យ​ដឹង​ថា៖ «​បើទោះ​ជា​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ក៏​ឆ្នាំ ២០១៨ នេះ​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​»៕ BP