ភ្នំពេញៈ ក្រុមហ៊ុន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ដែល​បណ្ណ​បំណុល​សាជីវកម្ម​របស់​ខ្លួន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​សម្រាប់​រយៈពេល ៩ ខែ​ដំបូង​ក្នុងឆ្នាំនេះ​ដោយ​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង​យ៉ាង​ខ្លាំង ៨៧ ភាគរយ​។

LOLC គឺជា​ក្រុមហ៊ុន​ទី​ ២ ​ដែលមាន​បណ្ណ​បំណុល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) ​ដែល​បាន​ចុះបញ្ជី​ជាផ្លូវការ​កាលពី​ខែ​ឧសភា ដើម្បី​ប្រមូល​មូលនិធិ​ចំនួន ២០ ​លាន​ដុល្លារ​ សម្រាប់​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​។

យោងតាម​ឯកសារ​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្នុង​រយៈពេល ៩ ​ខែ​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ប្រាក់​ចំណូល​ពី​អត្រា​ការប្រាក់​សរុប​របស់ LOLC កើនឡើង ៣៩ ភាគរយ​ដល់​ជាង ៧៩ ​លាន​ដុល្លារ ខណៈ​ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន ២២,៧៨ លាន​ដុល្លារ​កើនឡើង ៨៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក សុខ វឿន អគ្គនាយក​ក្រុមហ៊ុន LOLC បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ដែល​ផ្ញើជូន​ផ្សារហ៊ុន​ថា ក្រុមហ៊ុន LOLC បាន​រក្សា​កំណើន​ប្រកប​ដោយ​គុណភាព​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី ៣ ឆ្នាំ​ ២០១៩ ដោយ​បង្កើន​ផលបត្រ​កម្ចី​របស់​ខ្លួន​ដល់ ៦៩១ ​លាន​ដុល្លារ កើន​ ៤២ ភាគរយ​ ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៨​។ ផលបត្រ​ដែល​ស្ថិត​ក្នុង​ហានិភ័យ​ចំនួន​ ០,៩២ ភាគរយ​ ដែល​ទាប​ជាង​កម្រិត​មធ្យម​របស់​ឧស្សាហកម្ម​។

លោក​បាន​ឲ្យ​ដឹងថា​ចំនួន​អ្នក​ខ្ចីប្រាក់​បាន​កើនឡើង ១៩ ភាគរយ ដល់ ២៧៩ ៧០៤ ​នាក់​។ សមតុល្យ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ជាង ៣៩៦ ​លាន​ដុល្លារ កើនឡើង ៧០ ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ៣០២ ៤១៥ ​នាក់​ កើនឡើង​ ៦៨ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​កំណើន​ដ៏រហ័ស​នៃ​ផលបត្រ និង​សមតុល្យ​ប្រាក់​បញ្ញើ​ចង្អុល​បង្ហាញថា LOLC គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​គួរ​ឲ្យ​ទុកចិត្ត ដែល​ផ្ដល់​សេវា​ដ៏ល្អ​បំផុត​ដល់​អតិថិជន ធានា​ការពារ​អតិថិជន និង​ផ្ដល់​ផលិតផល​ប្រាក់​បញ្ញើ និង​កម្ចី​ប្រកប​ដោយ​ភាពប្រកួតប្រជែង និង​នវានុវត្តន៍​»​។

យោង​តាម​ក្រុមហ៊ុន LOLC នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​នឹងដាក់​បង្ហាញ​កម្មវិធី​ធនាគារ​ចល័ត iPay របស់​ខ្លួន ដែល​អាច​ឲ្យ​អតិថិជន​ពិនិត្យមើល​គណនី​ធនាគារ​របស់​ពួកគេ​ធ្វើ​ប្រតិបត្តិការ​ (​សាកសួរ​ទឹកប្រាក់ របាយការណ៍​ខ្នាតតូច ផ្ទេរប្រាក់ ទូទាត់ បញ្ចូល​ទូរស័ព្ទ និង​សេវា​ផ្សេងៗ​ទៀត​) តាម​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ​។

ក្រុមហ៊ុន LOLC គ្រោង​នឹង​ចេញ​កាត​អេធីអឹម​ផ្ទាល់​របស់ខ្លួន​ដែល​អាច​ឲ្យ​អតិថិជន​ប្រើប្រាស់​កាត​អេធីអឹម​នេះ​នៅ​តាម​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​ដែលជា​សមាជិក​របស់​ប្រព័ន្ធ CSS​។ ក្រុមហ៊ុន LOLC នឹងដាក់​ពង្រាយ​ធនាគារ​ថេប្ល៊ិត (Tablet banking) ដែល​នឹង​អាច​ឲ្យ​មន្ដ្រី​របស់ខ្លួន​ប្រតិបត្តិការ​ភារកិច្ច​របស់​ពួកគេ​តាម​ឧបករណ៍​ថេប្ល៊ិត ដែល​លើក​កម្ពស់​ផលិតភាព ប្រសិទ្ធផល និង​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​សរុបមក​យើង​នឹង​ព្យាយាម​បង្កើត​ឱកាស​ច្រើន​បំផុត​ដែល​ភាព​ជោគជ័យ​នៅពេល​បច្ចុប្បន្ន​របស់​យើង​បើកចំហ​សម្រាប់​ពួកយើង​។ យើង​មាន​ទំនុក​ចិត្ត​ថា ក្រុមហ៊ុន LOLC ត្រូវ​ស្ថិត​នៅ​ទីតាំង​ដ៏ល្អ​ក្នុង​ការនាំយក​តម្លៃបន្ថែម​ទៅ​ដល់​អតិថិជន ក្រុមវិនិយោគិន និង​ភាគទុនិក​របស់​ខ្លួន​»៕ LA