ក្រុង​ម៉ុម​បៃៈ ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ Tata Motors របស់​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ពុធ​ បាន​រាយ​ការណ៍​ការថយ​ចុះ​ប្រាក់​ចំណេញសុទ្ធ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ ដោយ​ធ្លាក់ចុះ​ ៥០ ភាគ​រយ​ ​ដោយសារ​ការ​វិនិយោគ​ម្ដង​ម្តាល​ដ៏​ច្រើន និង​ការ​ធ្លាក់​ចុះ​ការ​លក់​។

​ក្រុម​ហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ុមបៃ​​មួយនេះ​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សុទ្ធ​​​រួម​បញ្ចូល​គ្នា​​ក្នុង​រយៈ​ពេល​ ៣ ខែ​ គិត​ត្រឹម​ថ្ងៃទី ១ ​ខែ​មីនា បាន​ថយ​ចុះ​មក​​នៅ​ត្រឹម​ ២១,២៥​ពាន់​​លាន​រូពី (​៣១០,​៥៣ លា​នដុល្លារ​) ធៀប​នឹង ៤៣,៣៦ ពាន់​លាន​រូពី​កាល​ពី​ឆ្នាំ​មុន។

​​ក្រុម​អ្នក​វិភាគ​បាន​ព្យា​ករ​ថា ​ក្រុម​ហ៊ុន​ Tata Motors​ នឹង​កត់​ត្រា​ប្រាក់​ចំណេញ​សុទ្ធ​ ៥៥០ លាន​ដុល្លារ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ទាំង​នោះ​ មិន​បាន​ដឹង​ពី​ការ​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ​ ដែល​ក្រុម​ហ៊ុននេះ​​​ថា​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​ធ្លាក់ចុះ​ប្រាក់​ចំណេញ​នោះ​ទេ។

​លោក Guenter Butschek អគ្គនាយក​ក្រុមហ៊ុន Tata Motors ​បាន​​ឲ្យដឹង​​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ថា​៖ «​ឆ្នាំ​សារពើ​ពន្ធ​ ២០១៨ គឺជាឆ្នាំ​​ដ៏ល្អ​បំផុត​មួយ​សម្រាប់​ក្រុម​ហ៊ុន​ Tata Motors ជា​មួយ​នឹង​​ការ​បំបែក​កំណត់​ត្រា​​ប្រតិ​បត្តិ​ការលក់ ចំណែក​ទីផ្សា​រ​កើន​ឡើង​ ហើយ​អាជីវកម្ម​​តែ​ឯក​ឯង (មិន​រាប់បញ្ចូល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ) ​​ទទួល​បាន​ប្រាក់​ចំណេញ​ មុន​ពេល​ការ​ចំណាយ​ម្ត​ង​ម្តាល»។

​ក្រុម​ហ៊ុន Tata Motors ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​វិនិយោគ ​៤,​៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​មិន​បាន​បញ្ជាក់​ សម្រាប់​ការ​ផលិត​រថយន្ត​ Jaguar Land Rover ឈាន​មុខ​គេ​របស់​ខ្លួន។

​ក្រុម​ហ៊ុន​បាន​បន្ថែម​ថា ប្រាក់​ចំណូល​រួម​បញ្ចូល​គ្នា​​នៅ​ត្រីមាស​ទី ៤ បាន​កើន​ឡើង​ដល់​ ៩១២,​៧៩ ពាន់​លាន​រូពី​ ធៀប​នឹង​ ៧៨៧,​៤៧ ពាន់​លាន​រូពី​កាល​ពី​ឆ្នាំ​មុន៕ AFP/LA