ក្រុង​សេអ៊ូលៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​កូរ៉េ​ខាង​ត្បូង​ Hyundai Motor បាន​មើល​ឃើញ​កំណើន​​ប្រាក់​​ចំណេញ​សុទ្ធ​ជិត ២៥ ភាគរយ ​​ក្នុង​រយៈពេល​ពី​ខែ​មេសា​​ដល់​ខែ​មិថុនា ដោយសារ​ការ​លក់​រថយន្ត​ប្រភេទ SUV និង​ការ​ធ្លាក់​ថ្លៃ​ប្រាក់​វ៉ុន។

ក្រុមហ៊ុន Hyundai បាន​​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​អំឡុង​​ពេល​នេះ​បាន​កើន​ឡើង ២៣,៣ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន ដល់ ៩៩៩ ពាន់​លាន​វ៉ុន (៨៤៧ លាន​ដុល្លារ) ដែល​រក្សា​បាន​នូវ​និរន្តរភាព​កំណើន​ប្រាក់​ចំណេញ​​​របស់​ខ្លួន​ពី​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​​នេះ។

តួលេខ​នៅ​ត្រីមាសទី​១ ​បាន​បង្ហាញ​​​ពី​​​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន Hyundai បន្ទាប់​ពី​ទទួល​រង​ការ​ខាតបង់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ៨ ឆ្នាំ។

ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​​ឲ្យ​ដឹង​ថា កំណើន​ប្រាក់​ចំណេញ​សុទ្ធ​ដែល​ចេញ​ផ្សាយ​ចុង​ក្រោយ​បំផុត​នេះ «ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ប្រសើរ​ឡើង​នៃ​ផលិតផល​ចម្រុះ​នៃ​​រថយន្ត​ប្រភេទ SUV ថ្មីៗ» និង​បាន​កើត​​​មាន​ឡើង​ បើ​ទោះ​បី​ជា «កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ថយចុះ» ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ក៏​ដោយ។

ក្រុមហ៊ុន Hyundai បាន​បន្ថែម​ថា «ផល​​​ប៉ះពាល់​រូបិយប័ណ្ណ» ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់ចុះ​ប្រាក់​វ៉ុន​របស់​កូរ៉េ​ខាង​ត្បូង ក៏​បាន​ចូលរួម​ចំណែក​ដល់​ការ​កើន​ឡើង​ប្រាក់​ចំណេញ​​ប្រចាំ​ត្រីមាស​នេះ​ផង​ដែរ។

ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​បាន​កើន​ឡើង ៣០ ភាគរយ ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​នេះ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា ដល់ ១,២៤ ពាន់​ពាន់​លាន​​វ៉ុន ខណៈ​ដែល​ប្រាក់​ចំណូល​បាន​កើន​ឡើង ៩,១ ភាគរយ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Hyundai បាន​ធ្លាក់ចុះ ១,១ ភាគរយ ​នៅ​ពេល​បិទ​ការ​ជួញដូរ​​ពី​ម្សិលមិញ៕ AFP/KC