ភ្នំពេញ: ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) ​បាន​ប្រកាស​ពី​ការកើន​ប្រាក់ចំណេញ​សុទ្ធ ៤០,៥ ​ភាគរយ ​រហូតដល់ ២០,៧ ​ពាន់​លាន​វ៉ុន​ (១៧,៤ ​លាន​ដុល្លារ​) កាលពី​ឆ្នាំមុន​។

PPC Bank ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន JB Financial Group បានបង្ហាញ​ពី​ទ្រព្យសកម្ម​សរុប ១,០៧ ពាន់​ពាន់​លាន​វ៉ុន​ (៨៩,៩ ​ពាន់​ដុល្លារ​) ​កើនឡើង​ ២១,៧ ​ភាគរយ ​កាលពី​ឆ្នាំមុន​។ ធនាគារ​បាន​ផ្តល់ប្រាក់​កម្ចី​សរុប ៦៣០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង ២៤,១ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ចំណូល​បាន​ពី​ការប្រាក់ ៣៤,១ ​លាន​ដុល្លារ​ កើនឡើង ៣១,៤ ភាគរយ ​ក្នុង​រយៈពេល​នេះ​។

លោក Shin Changmoo ប្រធាន PPC Bank បាន​ប្រាប់​សារព័ត៌មាន Korea JoongAng Daily ថា កំណើន​យឺត ស្រប​ពេល​បទប្បញ្ញត្តិ​មូលធន​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​វិស័យ​ធនាគារពាណិជ្ជ​»​។

លោក​បន្តថា​៖ «​វា​រឿង​សំខាន់​ដែល​យើង​ត្រូវ​គ្រប់គ្រង​ក្នុង​ការទាញយក​ប្រាក់ចំណេញ​យ៉ាង​ច្រើន​ពី​ការពង្រីក​បណ្តាញ​អតិថិជន និង​ពង្រឹង​សេវាកម្ម​ឌីជីថល​របស់​យើង​»​។

ធនាគារ​ឲ្យ​ដឹងថា ខ្លួន​បាន​បន្ទាប​ការចំណាយ​តាមរយៈ​ការផ្តល់​មូលធន​ក្នុងស្រុក​ជំនួស​ឲ្យ​ការ​ផ្ដល់ទុន​ពី​ប្រទេស​កូរ៉េ​។

ធនាគារ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​មិន​ដូច​ធនាគារ​កូរ៉េ​ផ្សេងទៀត ធនាគារ PPC Bank ទទួល​បាន​មូលធន ១០០ ភាគរយ​ ពី​ទីផ្សារ​ក្នុងស្រុក​។ ការនាំយក​មូលធន​ក្នុង​អត្រា​ការប្រាក់​ទាប​ពី​ប្រទេស​កូរ៉េ ហើយ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​នឹង​នាំទៅរក​អត្រា​ការប្រាក់​ខ្ពស់ ប៉ុន្តែ​វា​នឹង​ប្រឈម​កម្រិត​បទប្បញ្ញត្តិ​នៃ​អត្រា​ប្តូរប្រាក់​បរទេស​។ ធនាគារ​បន្តថា​៖ «PPC Bank បាន​បញ្ចុះតម្លៃ​ដោយ​ផ្តល់​ការប្រាក់​សន្សំ​ទាប ហើយ​ជំនួយ​ឲ្យ​ការប្រាក់​បញ្ញើ​ថេរ​ខ្ពស់​»​។

លោក Jong Weon Ha អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) និង​ជា​ប្រធាន​ប្រតិបត្តិការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយមាន​កំណើន​ដ៏រឹងមាំ​និង​ប្រកប​ដោយ​ស្ថិរភាព​របស់​ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​គឺជា​កត្តា​ដ៏សំខាន់​ដែល​ទាក់ទាញ​ក្រុម​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​កាន់តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​គ្រាន់តែ​ចង់​មើលឃើញ​ក្រុម​វិនិយោគិន​កូរ៉េ​កាន់តែ​ច្រើន​វិនិយោគ​មិន​គ្រាន់តែ​ក្នុង​វិស័យ​ធនាគារ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​វិស័យ​មាន​សក្តានុពល​ផ្សេងៗ​ទៀត​»​។

របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​បាន​កើនឡើង ២៥ ​ភាគរយ ខណៈ​ប្រាក់កម្ចី​បាន​កើនឡើង​ ២៦ ភាគរយ​ ពី​ឆ្នាំ​ ២០១៨​។ ការផ្តល់​កម្ចី​នៅក្នុង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ទាំង​ ៧ បាន​កើនឡើង​ដល់ ១៩,៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ២២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​៕