ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

បើទោះ​ជា​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ក្តី ក៏​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​អូស្ត្រាលី​មួយ​នេះ​បាន​ឲ្យ​ដឹងថា ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​របស់ខ្លួន​បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម​ចំនួន ៨៩១ លាន​ដុល្លារ​អូស្ត្រាលី (៦០៤ ដុល្លារ​អាមេរិក​) ខណៈ​កាលពី​ឆ្នាំមុន​មាន​ចំនួន ៩៥៣ លាន​ដុល្លារ​អូស្ត្រាលី​។

ក្រុមហ៊ុន​ដែល​មាន​អាយុ ៩៩ ឆ្នាំនេះ​បាន​រងគ្រោះ​ដោយសារ​ការកើនឡើង​ការចំណាយ​លើ​ប្រេងឥន្ធនៈ​ចំនួន ៦១៤ លាន​ដុល្លារ​អូស្ត្រាលី និង​ខាតបង់​ពី​ផលប៉ះពាល់​អត្រា​ប្តូរប្រាក់​ចំនួន ១៥៤ លាន​ដុល្លារ​អូស្ត្រាលី​។

ប៉ុន្តែ​លោក Alan Joyce អគ្គនាយក​របស់​ក្រុមហ៊ុន Qantas មាន​ភាព​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​នេះ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​គ្រា​ដែលមាន​ប្រាក់ចំណេញ​ខ្ពស់​កាលពី​ឆ្នាំមុន​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​បើទោះ​ជា​មាន​បញ្ហា​នានា​ដូចជា​ការចំណាយ​លើ​ឥន្ធនៈ និង​អត្រា​ប្តូរប្រាក់ បរទេស​ក្តី ក៏​យើង​នៅតែ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ពិភពលោក​ដដែល​»​។

ក្នុង​រយៈពេល​ ១២ ​ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​មិថុនា​ប្រាក់​ចំណេញ​មូលដ្ឋាន (underlying profit) មុន​បង់ពន្ធ​ដែល​ជា​រង្វាស់​ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​តែងតែ​ធ្វើ​ដោយ​ដកចេញ​ការចំណាយ​ម្តងម្តាល​បាន​ធ្លាក់ចុះ ១៧ ភាគរយ​មក​នៅត្រឹម ១,៣ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​។

ក្រុមហ៊ុន​អាកាសចរណ៍ Qantas បាន​ប្រកាស​ផ្តល់​ភាគលាភ​ចំនួន ១៣ សេន​ក្នុង​មួយ​ហ៊ុន និង​បាន​ប្រកាស​ពី​ការទិញ​យក​ភាគហ៊ុន​ពី​ទីផ្សារ​មកវិញ​រហូត​ដល់ ៧៩,៧ លាន​ហ៊ុន​។

ក្រុមហ៊ុន​ក៏​នឹង​ផ្តល់​ប្រាក់រង្វាន់​ដល់​បុគ្គលិក​របស់​ខ្លួន​ផងដែរ ដែល​មាន​តម្លៃ​សរុប​រហូត​ដល់ ៣២ ​លាន​ដុល្លារ​។

លោក Joyce បាន​ថ្លែង​ថា​ចក្ខុវិស័យ​សម្រាប់​ក្រុមហ៊ុន​របស់​លោក​មាន​ភាពចម្រុះ​ដោយ​ទីផ្សារ​ទេសចរណ៍​ក្នុង​ស្រុក​ចុះខ្សោយ ហើយ​តម្រូវការ​ធ្វើដំណើរ​របស់​សាជីវកម្ម​នៅ​ថេរ​។

ទោះ​ជា​យ៉ាងណា​លោក​ថ្លែង​ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​មាន «​ទំនុកចិត្ត​» សម្រាប់​ឆ្នាំ​ខាង​មុខ ដោយសារ​ភាគច្រើន​ក្រុមហ៊ុន​ស្ថិត​ក្នុង «​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ​»៕ KC