ក្រុង​ញូវយ៉កៈ ក្រុមហ៊ុន Citigroup កាល​ពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​កំណើន​ប្រាក់​ចំណេញ​ប្រចាំ​​ត្រីមាស​ទី២ ដោយសារ​កំណើន​​ផ្តល់​ប្រាក់​កម្ចី និង​ការ​ចំណាយ​​ទាប​ជាង​មុន បើ​ទោះ​ជា​មាន​​ក្តី​បារម្ភ​ជុំវិញ​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​ក្តី។

Citigroup គឺ​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ទី១ ​​ក្នុង​ចំណោម​ធនាគារ​ធំៗ​បំផុត​របស់​អាមេរិក​ដែល​បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​នៅ​សប្តាហ៍​នេះ ដោយ​ធនាគារ​នេះ​បាន​កត់ត្រា​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ៤,៨ ពាន់​លានដុល្លារ កើន​ឡើង ៦,៩ ភាគរយ ​នៅ​ត្រីមាស​ទី២ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រាក់​ចំណេញ​ត្រូវ​បាន​ជួយ​ជំរុញ​ដោយ​កំណើន​ម្តងម្តាល​ចំនួន ៣៥០ លាន​ដុល្លារ ​ដែល​ទទួល​បាន​ពី​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​របស់​គេហ​ទំព័រ​ជួញដូរ Tradeweb ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុមហ៊ុន Citigroup និង​ធនាគារ​ធំៗ​ផ្សេង​ទៀត។

ប្រាក់​ចំណូល​បាន​កើន​ឡើង ១,៦ ភាគរយ​ដល់ ១៨,៨​ ពាន់​លាន​ដុល្លារ។

លទ្ធផល​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ធនាគារ​នានា​បាន​ព្យាយាម​ជចៀស​ឆ្ងាយ​​ចេញ​ពី​បរិយាកាស​មិន​ល្អ​ដែល​កើត​មាន​ឡើង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ​ដែល​កំពុង​បន្ត​កើត​មាន និង​ការ​រំពឹង​ទុក​ពី​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក ដោយសារ​កំណើន​សេដ្ឋកិច្ច​ថមថយ​សម្ទុះ។ ការ​ទម្លាក់​អត្រា​ការ​ប្រាក់​របស់​ធនាគារ​​កណ្តាល ជា​ធម្មតា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ធនាគារ។

លោក Michael Corbat អគ្គនាយក​ក្រុមហ៊ុន Citigroup ថ្លែង​ថា៖ «យើង​បញ្ចៀស​​ចេញ​ពី​បរិយាកាស​មិន​ប្រាកដ​ប្រជា​​ដោយ​ជោគជ័យ​តាមរយៈ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​របស់​យើង និង​តាមរយៈ​ការ​បង្ហាញ​ការ​គ្រប់គ្រង​ការ​ចំណាយ​ ឥណទាន និងហានិភ័យ​ប្រកប​ដោយ​វិន័យ»។

ក្រុមហ៊ុន Citigroup បាន​រាយការណ៍​ពី​ការ​ធ្លាក់ចុះ​ប្រាក់​ចំណូល​ពី​ធនាគារ​វិនិយោគ ដោយ​ប្រាក់​ចំណូល​ពី​សេវា​ប្រឹក្សា និង​ធានា​ទិញ​មូលបត្រ​បាន​ធ្លាក់ចុះ។

ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទទួល​បាន​កំណើន​ពី​ការ​ផ្តល់​កម្ចី​សរុប និង​ប្រាក់​បញ្ញើ​សរុប។

ការ​ចំណាយ​បាន​ធ្លាក់ចុះ ដោយ​ក្រុមហ៊ុន​បាន​ចំណាយ​កាន់​តែ​តិច​លើ​បៀវត្សរ៍ ​និង​សំណង​ដល់​បុគ្គលិក និង​ការ​វិនិយោគ​លើ​​បច្ចេកវិទ្យា។ ក្រុមហ៊ុន​ក៏​ចំណាយ​លើ​ពន្ធ​តិច​ជាង​មុន​ផង​ដែរ៕ AFP/KC