ក្រុង​បាងកកៈ ប្រាក់​បាត​របស់​ប្រទេស​ថៃ អាច​នឹង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈ​ពេល ៧ ខែ​របស់ខ្លួន ដោយ​សារ​វិនិយោគិន​បរទេស​​បន្តចាក​ចេញ​ពី​ផ្សារហ៊ុន​ថៃ​​​ ដោយ​សារ​ងាក​ទៅ​រក​​ការ​វិនិយោគ​ដែល​អត្រា​​​ការ​ប្រាក់​ខ្ពស់​ជាង​មុន​ ​និងដោយ​សារ​​ទស្សនៈ​វិស័យ​សេដ្ឋ​កិច្ច​ប្រសើរ​ជាង​មុន​នៅ​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​យោងតាម​កាសែត​បាង​កក​ប៉ុស្តិ៍។

កាសែត​បាង​កក​ ប៉ុស្តិ៍​ ដែល​បានដក​ស្រង់​ទិន្នន័យ​ពី​ធនាគារ​កណ្តាល​ថៃ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រាក់​បាត​​បាន​បន្ត​ធ្លាក់​ថ្លៃ ដោយ​មាន​តម្លៃ​​ ៣២,៩១ ​បាត​ក្នុង​មួយ​ដុល្លារ​កាល​ពី​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ធ្លាក់​ចុះ ​១,៧៣ ​ភាគរយ​ធៀប​នឹង​​សប្តាហ៍​មុន​មួយ​ទៀត។

មជ្ឈ​មណ្ឌល​​ស្រាវ​ជ្រាវ​ Kasikorn បាន​​ឲ្យ​ដឹង​​ថា​ តម្លៃ​រូបិយប័ណ្ណ​​នេះ​​កំពុង​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះទៅ​រក​ ៣៣ បាត​ ដែលជា​​​តម្លៃ​ទាប​បំផុត​ក្នុង​​រយៈ​ពេល​ ៧ ​ខែ​ធៀប​នឹង​រូបិយប័ណ្ណ​ដុល្លារ​ ហើយ​អាច​ឈាន​ដល់​ចំណុច​នោះ​នា​សប្តាហ៍​នេះ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

មជ្ឈ​មណ្ឌល​នេះ​បាន​ព្យាករ​ថា ប្រាក់​បាត​​នឹង​​ស្ថិត​​​ក្នុង​ចន្លោះ​ពី​​ ៣២,៨០ ទៅ ៣៣,៤០ ​បាត​ក្នុង​​មួយ​​ដុល្លារ​​នៅ​សប្តាហ៍​នេះ។

ការ​ធ្លាក់​ចុះ​​នៃប្រាក់​បាតកើត​មាន​ឡើង​​ដោយ​សារ​​ការ​បន្ត​ហូរ​ចេញ​ការ​វិនិយោគ​របស់​​បរទេស​​ពី​ផ្សារ​ហ៊ុន និង​មូលបត្រ​បំណុល​ថៃ​ បន្ទាប់ពីធនាគារ​កណ្តាល​អាមេរិក​បាន​​ដំឡើង​អត្រា​ប្រាក់​កម្ចី​គោល​ និង​ក្នុង​គ្រា​ដែល​​មាន​ក្តី​បារម្ភ​​អំពី​​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​ និង​ដៃ​គូ​ពាណិជ្ជ​កម្ម​របស់​ខ្លួន។

​កាល​ពី​សប្តាហ៍​មុន វិនិយោគិន​បរទេស​​គឺ​ជា​អ្នក​លក់​សុទ្ធ​នូវ​ភាគ​ហ៊ុន​ពី​​​​ផ្សារ​ហ៊ុន​ថៃ ដែល​មាន​​តម្លៃ ១៣,៨ ​ពាន់​លានបាត​។ ​វិនិយោគិន​ទាំង​នេះ​​បាន​លក់​ភាគ​ហ៊ុន​ចេញ​ក្នុង​តម្លៃ ១៧៦ ​ពាន់​លាន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក៕ NS