ភ្នំពេញៈ ខេប៊ីគូកមីន (KB Kookmin Bank) ​ជា​ធនាគារ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ចប់​ការទូទាត់​ដែល​មាន​តម្លៃ ៦០៣ ​លាន​ដុល្លារ​លើ​ភាគហ៊ុន​ ៧០ ​ភាគរយ ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ និង​ការកំណត់​ទិសដៅ​ទិញ​ភាគហ៊ុន​ដែល​នៅសល់​ដើម្បី​ប្រែក្លាយ​ប្រាសាក់ ទៅជា​ធនាគារពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា​។

យោងតាម​សេចក្ដី​ប្រកាស​បាន​ពី​ប្រាសាក់​កាលពី​ថ្ងៃទី​ ១៣ ខែ​មេសា​ ធនាគារ​ខេប៊ីគូកមីន​បាន​ទិញ​ភាគហ៊ុន​ ៧០ ​ភាគរយ​ ប្រកប​ដោយ​ជោគជ័យ​របស់​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​កាលពី​ថ្ងៃទី​ ១០ ខែ​ មេសា ឆ្នាំ​ ២០២០​។ វា​អាចធ្វើ​ឲ្យ​ប្រាសាក់​ក្លាយ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ KB Financial Group​។ KB Financial Group ក៏​គ្រោង​នឹងដាក់​បញ្ចូល​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង នៅពេល​ដែល​ខ្លួន​បាន​ទិញ​​ភាគហ៊ុន ៣០ ​ភាគរយ​ ដែល​នៅសល់​នៅពេល​អនាគត​។

កាលពី​ខែធ្នូ ធនាគារ​ខេប៊ីគូកមីន​បាន​សម្រេច​ចិត្ត​ក្នុង​ការទិញ​ភាគហ៊ុន​ ៧០ ​ភាគរយ​ នៅក្នុង​គ្រឹះស្ថាន​ដែល​ទទួល​ប្រាក់​បញ្ញើ​សន្សំ​មីក្រូហិរញ្ញវត្ថុ (MDI) ដែល​ខ្លួន​នឹង​ទិញ​ពី LOLC Holdings Plc ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ស្រីលង្កា​ ក្នុង​តម្លៃ​ ៦០៣,៤ ​លាន​ដុល្លារ​។

ប្រាសាក់​បាន​ទទួល​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការលក់​ភាគហ៊ុន ៧០ ​ភាគរយ​ ឲ្យ​ធនាគារ​ខេប៊ីគូកមីន​ (KB) ​ដែល​មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​ ២៩ ខែមករា​។

លោក ស៊ឹម សេនាជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រាសាក់​បាន​ឲ្យ​ដឹងថា ការវិនិយោគ​របស់ KB លើ​ប្រាសាក់​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មកលើ​ប្រទេស​កម្ពុជា និង​ប្រាសាក់​។

លោក​ថ្លែងថា​៖ «​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រាសាក់ សូម​ស្វាគមន៍​ភាគទុនិក​ថ្មី​របស់​យើង គឺ​ធនាគារ​ខេប៊ីគូកមីន​ដែល​នឹង​ជ្រោមជ្រែង​ប្រាសាក់​ក្នុង​ការបន្ត​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព ដើម្បី​ពង្រីក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា ប្រាសាក់​តែងតែ​នាំមុខគេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយមាន​បណ្ដាញ​ប្រតិបត្តិការ​ធំជាងគេ​ក្នុងចំណោម​ MDI លទ្ធភាព​រកប្រាក់​ចំណេញ​ខ្ពស់ និង​ធានាបាន​នូវ​កំណើន​ប្រកប​ដោយ​និរន្តរភាព​លើ​សម្ពាធ​ឥណទាន និង​តុល្យភាព​ប្រាក់​បញ្ញើ​សន្សំ​។

លោក​បន្តថា ​ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ចុង​ក្រោយនេះ​គ្រឹះស្ថាន​របស់លោក​សម្រេច​បាន​លទ្ធផល​សំខាន់ៗ​ជាច្រើន​កាលពី​ឆ្នាំ​ ២០១៩ ដូច​ជា​ ទី​១ សម្រេចបាន​ទ្រព្យសកម្ម​សរុប​ចំនួន ៣,១១ ​ពាន់​លាន​ដុល្លារ​ ទី​២ សមតុល្យ​ឥណទាន​សរុប ២,៥០ ​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​អតិថិជន​សេវា​ឥណទាន​សរុប ៤១៧ ០០០ ​នាក់ ទី​៣ អនុបាត​ឥណទាន​មិន​ដំណើរការ​មាន​ត្រឹមតែ​ ០,៤ ​ភាគរយ​ទាប​ជាង​អត្រា​ទីផ្សារ ទី​៤ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន​ ១,៧៨ ​ពាន់​លាន​ដុល្លារ និង​មាន​គណនី​បញ្ញើ​សន្សំ​ចំនួន ៧៤២ ០០០​។

លោក​លើកឡើង​ថា​៖ «​លទ្ធផល​ដែល​ប្រាសាក់​សម្រេច​បាន​មកនេះ ដោយសារ​តែ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន និយតករ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ប្រាសាក់​ក្នុង​ការអនុវត្ត​យុទ្ធសាស្ដ្រ​របស់​យើង ការធ្វើ​ពិពិធកម្ម​សេវា​ហិរញ្ញវត្ថុ និង​ការបណ្ដុះ​វប្បធម៌​បុគ្គលិក​នាំ​មក​នូវ​ការរីកចម្រើន​ជាមួយ​គ្នា និង​ការទាញយក​អត្ថប្រយោជន៍​ពី​បម្រែបម្រួល​ទីផ្សារ​»​។

លោក​លើកឡើង​ថា​៖ «​ដោយមាន​ការវិនិយោគ​ពី​ខេប៊ី ប្រាសាក់​នឹង​នាំមក​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ទំនើបៗ​រួមមាន សេវា​ហិរញ្ញវត្ថុ​ឌីជីថល និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បទពិសោធ ធនាគារ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ជូន​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូច និង​មធ្យម​»​។

លោក Hur Yin ប្រធាន​នាយកប្រតិបត្តិ​របស់​ធនាគារ​ខេប៊ី គូកមីន បាន​ឲ្យ​ដឹងថា​៖ «​ការ​ទិញយក​ប្រាសាក់​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការពង្រីក​បណ្ដាញ​ធនាគារ​សម្រាប់​សាធារណជន​ទូទៅ​របស់​ធនាគារ ខេប៊ី គូកមីន នៅ​ទ្វីបអាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​សកល​របស់​ខេប៊ី​»​។

លោក​បាន​បន្តថា​៖ «​ជាមួយ​នឹង​ផែនការ​រយៈពេល​វែង​ក្នុង​ការប្រែក្លាយ​ប្រាសាក់​ទៅ​ជា​ធនាគារពាណិជ្ជ យើង​សង្ឃឹមថា​នឹង​អភិវឌ្ឍ​ប្រាសាក់​ឲ្យ​កា្លយ​ជា​ធនាគារ​ឈានមុខ​គេ តាមរយៈ​ការផ្ទេរ​សមត្ថភាព​ផ្នែក​ធនាគារ​ដ៏រឹងមាំ​របស់​ខេប៊ី និង​ការធ្វើឲ្យ​ប្រាសាក់​ក្លាយ​ទៅ​ជា​គ្រឹះ​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»៕LA