ភ្នំពេញៈ ទោះបី​ជា​តម្លៃ​ផ្សារហ៊ុន​ពិភពលោក និង​តំបន់​បាន​ធ្លាក់ចុះ​រង​ឥទ្ធិពល​ដោយសារ​ការរីករាលដាល​កូវីដ​១៩ ក្ដី​តែ​ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​សញ្ញាបណ្ណ​សាជីវកម្ម​របស់​ខ្លួន​ដោយ​ជោគជ័យ​លើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែល​ធ្វើឲ្យ​ផ្សារហ៊ុន​មួយ​នេះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​កើនឡើង​ដល់​ ១១ ​ក្រុមហ៊ុន​។

ប្រាសាក់​បាន​ប្រមូល​មូលនិធិ​ជាង​ ៣១,៨ ​លាន​ដុល្លារ​ប្រកប​ដោយ​ជោគជ័យ​ពី​សញ្ញាបណ្ណ​សាជីវកម្ម​ជាមួយ​នឹង​ភាគហ៊ុន​ចំនួន​ ១ ២៧២ ០០០ និង​អត្រា​ការប្រាក់​ខ្ពស់​របស់​សញ្ញា​បណ្ណសាជីវកម្ម​គឺ​ ៧,៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ដោយ​មាន​រយៈពេល​ ៣ ​ឆ្នាំ (​ការទូទាត់​ពាក់កណ្ដាល​ឆ្នាំ​)​។

លោក ស៊ឹម សេនាជាតិ ប្រធាន​នាយកប្រតិបត្តិ​ប្រាសាក់​បាន​ឲ្យ​ដឹង​ក្នុងអំឡុង​ពិធី​ចុះបញ្ជី​នេះ​នៅ CSX ថា​គ្រឹះស្ថាន​របស់លោក​បាន​ទទួល​ការយល់ព្រម​ការចុះបញ្ជី​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) កាលពី​ថ្ងៃទី​ ២ ខែមេសា​។ សញ្ញាបណ្ណ​នេះ​ត្រូវបាន​ធានា​យ៉ាង​ពេញលេញ​ដោយ​មូលនិធិបរធន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង ក្រុមហ៊ុន Credit Guarantee and Investment Facility (CGIF)​។

លោក​បាន​ថ្លែងថា​៖ «​ពិតណាស់​ការបោះ​ផ្សាយ​សញ្ញា​បណ្ណសា​ជីវកម្ម​ប្រាសាក់​នៅ​ផ្សារមូលបត្រ​កម្ពុជា​មិន​ត្រឹមតែ​អនុញ្ញាត​ឱ្យ​ប្រាសាក់​ទទួលបាន​នូវ​ប្រភព​ទុន​មាន​រយៈពេល​វែង និង​មាន​ប្រភព​ទុន​ថ្មី​មួយទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់ជូន​គុណវុឌ្ឍ​យ៉ាង​ពេញលេញ​ដល់​ប្រាសាក់​ក្នុងនាម​ជា​គ្រឹះស្ថាន​ដែល​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​មាន​តម្លាភាព​ហិរញ្ញវត្ថុ​ និង​អនុវត្តបាន​ពេញលេញ​តាម​បទប្បញ្ញត្តិ​នានា​។

លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​បន្ថែម​លើ​នេះ​យើង​ខ្ញុំ​ជឿជាក់​ថា​ការបោះ​ផ្សាយ​មូលបត្រ​បំណុល​នេះ​ក៏​នឹង​ចូលរួមចំណែក​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ ការអភិវឌ្ឍ​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ និង​ពង្រីក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​បន្ថែមទៀត​។

លោក ហុង សុហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា ប្រាសាក់​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​ ១១ នៅលើ​ផ្សារហ៊ុន​នេះ និង​ជា​ក្រុមហ៊ុន​ទី​ ៦ ​ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។

លោក​ថ្លែងថា៖ «​មូលនិធិ​ដែល​បាន​ប្រមូល​ពី​ផ្សារហ៊ុន​នេះ​នឹង​ក្លាយជា​ប្រភព​មូលនិធិ​ថ្មី​មួយ​សម្រាប់​ប្រាសាក់​។ វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​គ្រឹះស្ថាន​ក្នុងការ​ធ្វើ​ពិពិធកម្ម​ប្រមូល​មូលនិធិ សម្រាប់​ការពង្រីក​អាជីវកម្ម​។ ខ្ញុំ​សង្ឃឹមថា ប្រាសាក់​នឹង​បន្ត​ប្រមូល​មូលនិធិ​កាន់តែច្រើន​ពី​ផ្សារមូលបត្រ​មួយ​នេះ​សម្រាប់​ជម្រើស​មូលនិធិ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​ប្រាសាក់​ត្រូវ​ពិចារណា​ការចុះបញ្ជី​មូលបត្រ​កម្មសិទិ្ធ ដើម្បី​អាច​ឲ្យ​សាធារណជន​អាច​កាន់កាប់​ភាគហ៊ុន​របស់​ខ្លួន​ផងដែរ​។ ផ្សារមូលបត្រ​កម្ពុជា​រីករាយ​ក្នុង​ការជួយ​សម្រួល និង​ឲ្យ​មាន​ភាពកាន់តែ​ងាយស្រួល​លើ​នីតិវិធី​ចុះបញ្ជី និង​លក្ខខណ្ឌ​តម្រូវ ជាពិសេស​ដូចជា​ប្រាសាក់ ខណៈ​ដែល​ជា​ស្ថាប័ន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​រួចហើយ​សម្រាប់​ការចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា CSX ​បាន​ក្លាយ​ជា​កន្លែង​វិនិយោគ​មួយ​សម្រាប់​ក្រុម​វិនិយោគិន​សាធារណៈ ដើម្បី​វិនិយោគ​លើ​ផ្សារហ៊ុន​នេះ និង​ជា​ប្រភព​ទុន​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ឯកជន​។

លោក​បន្ថែមថា​៖ «​ប្រាសាក់​បាន​ប្រមូល​មូលនិធិ​ប្រហែល​ ៣២ ​លាន​ដុល្លារ ក្នុង​អំឡុង​ពេលវេលា​ដ៏លំបាក​នេះ​ដែល​មានន័យថា ក្រុម​វិនិយោគិន​មាន​ទំនុកចិត្ត​លើ​គ្រឹះស្ថាន​នេះ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ថ្មីៗ​នេះ SECC បានចេញ​បទប្បញ្ញត្តិ​ថ្មី​មួយ​ស្ដីពី​សញ្ញា​បណ្ណសា​ជីវកម្ម​សម្រាប់​ក្រុម​វិនិយោគិន​ដែល​មាន​គុណវុឌ្ឍ​គ្រប់គ្រាន់​ដែលមាន​ស្រាប់​»​។

លោក ហុង សុហួរ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​ឧសភា​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១១ ក្នុងចំណោម​នោះ​ក្រុមហ៊ុន​ ៥ ​ចុះបញ្ជី​មូលបត្រ និង​ក្រុមហ៊ុន​ ៦ ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម និង​មូលធន​រួម​ចំនួន​ ២២៣ ​លាន​ដុល្លារ​។

គិត​ត្រឹម​ខែមីនា ប្រាសាក់​សម្រេច​បាន​ទ្រព្យសកម្ម​សរុប​តម្លៃ​ ៣,២៨ ​ពាន់​លាន​ដុល្លារ​មាន​ផលបត្រ​កម្ចី​ ២,៧២ ​ពាន់​លាន​ដុល្លារ ដោយ​មាន​អ្នក​ខ្ចី​ជាង​ ៤២១ ៣៧៤ ​នាក់​ចំណែក​អត្រា​កម្ចី​មិន​ដំណើរការ​ចំនួន ០,៤៧ ​ពិន្ទុ​ភាគរយ ទាប​ជាង​កម្រិត​ទីផ្សារ និង​ប្រាក់​បញ្ញើ​ ១,៨១ ​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​គណនី​ជាង​ ៦១៦ ៣៧២៕ LA