ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ រក​ប្រាក់​បាន ​​​៣១,​៨ លាន​ដុល្លារ ​​​ពី​ការ​ធ្វើ​បរិវិសកម្ម​​សញ្ញា​បណ្ណ​សាជីវកម្ម​​ ដែល​ជា​​ជំហាន​មួយ​ដើម្បី​ឆ្ពោះ​ទៅ​​ចុះ​បញ្ជី​​នៅ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​ (CSX)​​ នៅ​​ថ្ងៃទី ​៥ ខែ​​ឧសភា ខាង​មុខ​។ ​គ្រឹះស្ថាន​​​មីក្រូហិរញ្ញ​វត្ថុ​​នេះ ​​នឹង​ក្លាយ​ជា​​គ្រឹះស្ថាន​​​ហិរញ្ញវត្ថុ​ទី២ ​ដែល​ចុះ​​បញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​នេះ​ក្នុង​អំឡុង​ពេល​​ការ​រីក​រាល​ដាល​​កូវីដ ១៩ បន្ទាប់​ពី​​ធនាគារ PPCBank ដែល​បាន​ចុះ​បញ្ជី​កាល​ពី​ចុង​សប្ដាហ៍​មុន​។​​​

គ្រឹះស្ថាន​នេះ​ទទួល​បាន​ការ​ធានា​ទាំង​ស្រុង​ដោយ​មូលនិធិ​បរធន​​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ក្រុមហ៊ុន​ធានា​ឥណទាន និង​ជួយ​សម្រួល​ការ​វិនិយោគ ​(CGIF)​​ និង​បាន​ធ្វើ​បរិវិសកម្ម​​ចាប់​ពី​​ថ្ងៃទី ​៦ រហូត​ដល់​ថ្ងៃទី ២២​ ខែ​មេសា ​​ដោយ​នឹង​ចេញ​សញ្ញាបណ្ណ​​ចំនួន ១ ២៧២ ០០០ ​សម្រាប់​​ការ​ដាក់​លក់​ជា​សាធារណៈ​ជាមួយ​នឹង​​តម្លៃ​ចេញ​​លក់​សរុប​ចំនួន​ ១២៧,២ ពាន់​លាន​​រៀល។ អត្រា​ការ​ប្រាក់​ខ្ពស់​​​ជាមួយ​សញ្ញាបណ្ណ​សាជីវកម្ម មាន​ចំនួន ៧,៥ ភាគរយ​ក្នុង ១ ឆ្នាំ​ ដោយ​មាន​រយៈពេល​ ​៣ ឆ្នាំ (​​ការ​ទូទាត់​ពាក់​កណ្ដាល​ឆ្នាំ​)។​​

លោក​ សេង ចាន់ធឿន ​នាយក​គ្រប់គ្រង​​ក្រុមហ៊ុន SBI Royal Securities ដែល​ជា​ភ្នាក់ងារ​ធានា​ទិញ​សម្រាប់​ប្រាសាក់ ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​ថា បើ​ធៀប​នឹង​​ក្រុមហ៊ុន​ចុះ​បញ្ជី​​មុនៗ​​ដូចជា​ Hattha Kaksekar (HKL) កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​(PAP)​​ ​ប្រាសាក់ ​រក​បាន​ដើម​ទុន​ច្រើន​ជាង​គេ​​ពី​ផ្សារ​ហ៊ុន​មួយ​នេះ។ លោក​​បន្ត​ថា ប្រាសាក់​រក​បាន​ប្រាក់​​ ៣១,៨ លាន​ដុល្លារ ខណៈ HKL រក​បាន​ប្រាក់​ ​៣០ ​លាន​ដុល្លារ​ និង PAP ​រក​បាន​ប្រាក់​​ ២៧ លាន​ដុល្លារ។​​

លោក​​បាន​ថ្លែងថា​៖ «​វា​ល្អ​សម្រាប់​​ប្រាសាក់ ក្នុង​ការ​ទទួល​​បាន​សន្ទនីយភាព​កាន់​តែ​ច្រើន​​ក្នុង​អំឡុង​ពេល​​នៃ​ស្ថានការណ៍​នេះ។ នេះ​ជា​រឿង​ល្អ​ផ្សេង​ទៀត​​សម្រាប់​ប្រាសាក់ បន្ទាប់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ​ទទួល​បាន​ធនាគារ​ KB ជា​ភាគទុនិក​​ដ៏​សំខាន់​​ថ្មី​មួយ​​ ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​​នៅ​​កូរ៉េ​​»។​​

លោក​បន្ថែម​ថា​៖ «​ជាមួយ​គ្នា​នេះ​ យើង​​បាន​បង្ហាញ​​ប្រវត្តិ​របស់​ប្រាសាក់​ដល់​​​ក្រុម​វិនិយោគិន​​ជា​ស្ថាប័ន​​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ​មាន​ន័យ​ថា វា​បាន​បង្កើត​​ក្រុម​វិនិយោគិន​​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​​កាន់​តែ​ច្រើន​សម្រាប់​​ការ​​ប្រមូល​មូលនិធិ​នៅ​ពេល​អនាគត​។ វា​​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​ទីផ្សារ​មូលធន​ និង​ទីផ្សារ​សញ្ញាបណ្ណ​ផ្ដល់​ជូន ដែល​​​បាន​បង្កើត​ក្រុម​វិនិយោគិន​រួច​រាល់​ ដើម្បី​ផ្ដល់​​មូលនិធិ​សម្រាប់​ការ​ប្រមូល​និធិ​នៅ​ពេល​អនាគត​»។

លោក Jong Weon Ha អនុប្រធាន CSX បាន​ឲ្យ​ដឹង​ថា ប្រាសាក់​កំពុង​ធ្វើ​ការងារ​ជាមួយ CSX លើ​ការ​បំពេញ​ពាក្យ​សុំ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ។ កាល​បរិច្ឆេទ​ចុះ​បញ្ជី​បណ្ដោះ​អាសន្ន​នៅ​​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២០ ​ធ្វើ​ឲ្យ​ប្រាសាក់​ក្លាយ​ជា​ក្រុមហ៊ុន​​ចុះ​បញ្ជី​សញ្ញាបណ្ណ​ទី៦ នៅ CSX ហើយ​នេះ​នឹង​ផ្ដល់​ផលិតផល​សញ្ញាបណ្ណ​ផ្សេង​ទៀត ​ដែល​​ត្រូវ​ធានា​ដោយ​ CGIF។

លោក​ថ្លែង​ថា៖ «ដូច្នេះ CSX នឹង​មាន​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល ហើយ​ក្រុម​វិនិយោគិន​នឹង​មាន​ជម្រើស​ការ​វិនិយោគ​កាន់​តែ​ប្រសើរ។ ការ​ប្រមូល​និធិ​តាម​​រយៈ​ទីផ្សារ​មូលធន គឺ​ជា​ជម្រើស​​ល្អ​បំផុត​ក្នុង​អំឡុង​ពេល​ស្ថានការណ៍​ដ៏​​ពិបាក​នេះ ដោយសារ​តែ​ការ​ពិត​ដែល​ថា វា​ជា​ប្រភព​រយៈពេល​វែង​នៃ​ការ​ផ្ដល់​មូលនិធិ និង​ជា​ពិសេស​សម្រាប់ IPO ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​មិន​ចាំបាច់​បង់​ប្រាក់​អត្រា​ការ​ប្រាក់​តាម​ការ​កំណត់ និង/ឬ ប្រាក់​ដើម​​ត្រឡប់​ទៅ​ក្រុម​វិនិយោគិន​វិញ​នោះ​ទេ»។ លោក​បន្ថែម​ថា​៖ ​«​លើស​ពី​នេះ​ ក្រុមហ៊ុន​អាច​សម្រេច​ចិត្ត​មិន​បែង​ចែក​ភាគ​លាភ អាស្រ័យ​លើ​ស្ថានការណ៍​​ក្រុមហ៊ុន​ជាក់​ស្ដែង»៕​LA​