ភ្នំពេញៈ ប្រាសាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា ទទួល​បាន​កម្ចី​ចំនួន ១៥០ ​លាន​ដុល្លារ​ពី​ធនាគារ ខេប៊ី គូកមីន​ (Kookmin Bank) ដែលជា​ម្ចាស់​ភាគទុនិក​ថ្មី​របស់ខ្លួន ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ពង្រីក​ការផ្ដល់​កម្ចី ទោះបី​ជា​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹងថា កម្ចី​បាន​ពី​ធនាគារ ខេប៊ី គូកមីន ត្រូវ​ចែកជា​ ២ គឺ​អនុបំណុល​ក្នុង​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ​សម្រាប់​រយៈពេល ៧​ ​ឆ្នាំ និង​កិច្ចសន្យា​ផ្តល់ទុន​ក្នុង​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ​សម្រាប់​រយៈពេល ៣ ​ឆ្នាំ​។

លោក សាយ សូនី អនុប្រធាន​នាយក​ប្រតិបត្តិ​ប្រាសាក់​បាន​បញ្ជាក់ថា ការផ្ដល់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​ឲ្យ​ប្រាសាក់​ពង្រឹង​មូលធនកម្ម​ឲ្យ​កាន់តែ​រឹងមាំ និង​បង្កើន​សន្ទនីយភាព​ដើម្បី​បំពេញ​តាម​តម្រូវការ​អាជីវកម្ម​របស់​ប្រាសាក់ ក៏​ដូចជា​ការផ្ដល់​លទ្ធភាព​ច្រើន​បន្ថែមទៀត​ដល់​ប្រាសាក់​លើ​ការពង្រីក​ការផ្ដល់​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​បំផុត តូច និង​មធ្យម​ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ស្ដ្រី ដើម្បី​រក្សា​និរន្តរភាព​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​។

លោក​បាន​ថ្លែងថា​៖ «​ទោះបី​ស្ថិត​ក្នុង​ពេលវេលា​នៃ​ភាពមិន​ច្បាស់លាស់​នេះ​ក៏ដោយ ប្រាសាក់​នៅតែ​អាច​ទទួល​បាន​ការជឿជាក់​ពី​ធនាគារ ខេប៊ី គូកមីន តាមរយៈ​ការផ្ដល់​ឥណទាន​​នេះ​។ នេះ​ជា​ការបង្ហាញ​ពី​ទំនុកចិត្ត​ដ៏រឹងមាំ​មិន​រង្គោះរង្គើ​មកលើ​ប្រាសាក់ និង​មកលើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​វែងឆ្ងាយ​នៃ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​របស់​កម្ពុជា​»​។

លោក Chang-Su Choi នាយក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ធុរកិច្ច​សកល​នៃ​ធនាគារ ខេប៊ី គូកមីន បាន​ថ្លែងថា កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​ធនាគារលោក ដើម្បី​ជំរុញ​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម (MSME) សម្រាប់​ការរួមចំណែក​ដល់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក​លើក​ឡើង​ថា​៖ «​យើង​រីករាយ​ក្នុង​ការផ្ដល់​ឥណទាន ដើម្បី​ឲ្យ​ប្រាសាក់​អាច​ផ្ដល់​ឥណទាន​នេះ​បន្ត​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម (MSME) នៅក្នុង​ប្រទេស​កម្ពុជា​។ សកម្មភាព​នេះ​នឹង​ចូលរួម​ចំណែក​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ព្រមទាំង​បង្កើត​ការងារ​ក្នុង​ស្ថានភាព​ប្រឈម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​»​។

កាលពី​ពាក់កណ្ដាល​ខែ​មេសា KB Kookmin Bank(KB) ដែលមាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​សេអ៊ូល​បាន​ចំណាយ​ប្រាក់ ​៦០៣,៤ លាន​ដុល្លារ​សម្រាប់​ភាគហ៊ុន​ ៧០ ​ភាគរយ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​។ ធនាគារ​នេះ​គ្រោង​នឹង​ទិញ​ភាគហ៊ុន​នៅសល់ ៣០ ​ភាគរយ​ក្នុង​ប្រាសាក់​រយៈពេល​ ២ ​ឆ្នាំ​បន្ទាប់ពី​ប្រតិបត្តិការ និង​បញ្ចប់​ការទិញ​ភាគហ៊ុន​។

ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​ ២០២០ ប្រតិបត្តិការ​ដ៏រឹងមាំ​របស់​ប្រាសាក់​ត្រូវ​បាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល​ដែល​បាន​កើនឡើង​ដល់ ២ ៦៥៩ ​លាន​ដុល្លារ និង​សមតុល្យ​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន ១៩២៨ ​លាន​ដុល្លារ​។ ទ្រព្យសកម្ម​សរុប​របស់​ប្រាសាក់​បាន​កើនឡើង​ច្រើនជាង ៣ ៣៩០ ​លាន​ដុល្លារ​៕LA