ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្ញើ​ទៅ​កាន់ (CSX) កាល​ពី​ថ្ងៃ​ពុធ នៅ​ចុង​ត្រីមាស​ទី​២ ​ឆ្នាំ ​២០២០ ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន ​៣ ៣៥៣ លាន​ដុល្លារ កើន​ឡើង ​១៩,៩ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៩​។ តុល្យភាព​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ​១ ៩៣១ លាន​ដុល្លារ និង​ផលបត្រ​កម្ចី​ដុល​មាន​ចំនួន ​២ ៦៦៥ លាន​ដុល្លារ​។​

នៅ​ត្រីមាស​ទី​២​ ឆ្នាំ ​២០២០ ប្រាក់​ចំណេញ​មុន​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​បាន​ធ្លាក់ចុះ ​៦៣ ៦២៨ លាន​​រៀល ស្មើ​នឹង​ដក ​៤៩,០៧ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៩​។ «​ការ​ធ្លាក់​ចុះ​ចំនួន​ប្រាក់​ចំណេញ​នៅ​ឆ្នាំ​នេះ ភាគ​ច្រើន​ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទូទាំង​ពិភព​លោក​ដល់​សេដ្ឋកិច្ច​ទាំង​អស់ ​និង​គ្រប់​ប្រទេស​ទូទាំង​ពិភព​លោក​»​។​

លោក Kwi Sang JUN ប្រធាន​ប្រាសាក់​​បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​សង្គម សេដ្ឋកិច្ច ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ត​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ដាក់​ចេញ​កាល​ពី​ខែមីនា និង​កំពុង​បន្ត​អនុវត្ត​នូវ​សារាចរ​ណែនាំ​ក្នុង​ការ​ផ្ដល់​ឥណទាន​អំឡុង​ពេល​នេះ និង​ការ​រៀបចំ​ឥណទាន​នៃ​ការ​សង​ប្រាក់​កម្ចី​ឡើង​វិញ​ដល់​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩​។​

លោក​ថា​៖ «​ទោះបី​ជា​ភាព​មិន​ច្បាស់លាស់​នៅ​ពេល​នេះ​ក៏​ដោយ ប្រាសាក់ បាន​បន្ត​រីក​ចម្រើន​ក្នុង​គ្រប់​វិស័យ​ដែល​រួម​មាន​ទ្រព្យ​សកម្ម​សរុប ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី ប្រាក់​ចំណេញ​ព្រម​ទាំង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ យើង​បាន​គ្រប់គ្រង​យ៉ាង​រលូន អនុវត្ត​ការ​ផ្ទេរ​កម្មសិទ្ធិ និង​បាន​ចុះ​បញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​ប្រាសាក់​ប្រកប​ដោយ​ជោគជ័យ​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ជាមួយ​នឹង​ការ​ចុះ​បញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​នេះ ប្រាសាក់​ប្រមូល​មូលនិធិ​បាន ​៣១,៨ ​លាន​ដុល្លារ​។​

លោក​លើក​ឡើង​ថា​​៖ «​វិបត្តិ​ជំងឺ​កូវីដ ​១៩ បាន​កំពុង​រាត​ត្បាត និង​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច ដែល​​បាន​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​នៃ​ប្រវតិ្តសាស្ដ្រ​មក​នេះ​»​។ លោក​បន្ត​ថា វិស័យ ​៣ ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត គឺ​ទេសចរណ៍ ការ​នាំចេញ​ផលិតកម្ម និង​សំណង់ ​ដែល​វា​បាន​រួម​ចំណែក​ជាង ​៧០ ​ភាគរយ ​នៃ​កំណើន​សេដ្ឋកិច្ច និង ​៣៩,៤ ភាគរយ​នៃ​ការងារ​ដែល​មាន​ប្រាក់​ខែ​សរុប​កាល​ពី​ឆ្នាំ ​២០១៩​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ថ្ងៃ​អង្គារ បា​នកែ​តម្រូវ​ការ​ព្យាករ​កំណើន​ឆ្នាំ ​២០២០ ​របស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ​មក​នៅ​ត្រឹម​ដក ​៤,០ ​ភាគរយ ពី​ការ​ព្យាករ​លើក​មុន​ដក ​៥,៥ ​ភាគរយ​។ ធនាគារ​នេះ​បាន​ដំឡើង​ការ​ព្យាករ​ដល់​ ​៥,៩ ​ភាគរយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ​២០២១៕ LA