ភ្នំពេញៈ ​ប្រាសាក់​ ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា ​​បាន​សម្រេច​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ពី​ ១១០ ​លាន​ដុល្លារ ​រហូត​ដល់​​ ១៦៨​ លាន​ដុល្លារ​ ជា​ចំនួន​ច្រើន​ជាង​លក្ខខណ្ឌ​តម្រូវ​​របស់​ធនាគារ​ជាតិ​​រហូត​ដល់​​ទៅ​ជាង​ ៥ ​ដង​។

សេចក្ដី​ប្រកាស​មួយ​ ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ​​ (MDI​) ដូច​ជា​ប្រាសាក់ ​ត្រូវ​បង្កើន​ទុន​ចុះ​បញ្ជី​យ៉ាង​ហោច​ណាស់ ​៣០ ​លាន​ដុល្លារ​។​

លោក​ សាយ ​សូនី ​អនុ​ប្រធាន​ជាន់​ខ្ពស់​នៅ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​សំណើ​របស់​ប្រាសាក់ ​ក្នុង​ការ​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​ ត្រូវ​បាន​យល់​ព្រម​ដោយ​ធនាគារ​ជាតិ​​នៃ​កម្ពុជា (NBC)​ កាល​ពី​ថ្ងៃ​ទី​ ៣១ ​ខែ​ធ្នូ ​ឆ្នាំ ២០១​៨ ​និង​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​សប្ដាហ៍​នេះ​។

លោក​បន្ថែម​ថា ​ការ​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​បង្ហាញ​ថា ​វា​អាច​ឲ្យ​ប្រាសាក់ ​បង្កើន​អាជីវកម្ម ​មិន​គ្រាន់​តែ​បរិមាណ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​គុណភាព ​និង​ប្រសិទ្ធភាព​ផង​ដែរ​។​ លោក​ថ្លែង​ថា​៖ «​យើង​ចាត់​ទុក​វា​ថា​ជា​ការ​សម្រេច​បាន​​ដ៏​សំខាន់​បំផុត​មួយ​ និង​ជា​ការ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ​នៃ​ឆ្នាំ​ ២០១​៩​​»​។ ​​លោក​បន្ត​ថា​៖ «​ការ​បង្កើន​ដើម​ទុន​ចុះ​បញ្ជី​នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​គាំទ្រ​គោល​បំណង​របស់​ NBC ​ដើម្បី​ពង្រឹង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​ និង​គោល​នយោបាយ​ប្រុងប្រយ័ត្ន​»​។​

លោក ​សូនី ​ឲ្យ​ដឹង​ថា ​គិត​នៅ​ត្រឹម​ចុង​​ឆ្នាំ ២០១៨ ​ទ្រព្យ​សកម្ម​សរុប​របស់​ប្រាសាក់​មាន​ចំនួន​សរុប ​២,​៣​៧ ពាន់​លាន​ដុល្លារ​។ កម្ចី​មាន​ចំនួន​ ១,​៩៦ ពាន់​លាន​ដុល្លារ ​ខណៈ​ប្រាក់​បញ្ញើ​បាន​កើន​ឡើង​សរុប​ដល់ ​១,​២៩ ពាន់​លាន​ដុល្លារ​។ ​កាល​​ពី​ចុង​ឆ្នាំ​មុន ​ប្រាសាក់ ​បាន​​ដំឡើង​ម៉ាស៊ីន ​អេធីអឹម ​ជាង ​១២៦ ​គ្រឿង​ ម៉ាស៊ីន​ឆូត​កាត​ ៤៩៨ គ្រឿង ​និង​អ្នក​ប្រើប្រាស់​ធនាគារ​ចល័ត ១១,​២០០ ​នាក់។​

NBC ​កាល​ពី​ខែ​មីនា ​ឆ្នាំ ​២០១៦ ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ​ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ដែល​ប្រតិបត្តិការ​នៅ​​កម្ពុជា​ ត្រូវ​បង្កើន​ទុន​ចុះ​បញ្ជី​​អប្បបរមា​​របស់​ខ្លួន​។​ តាម​សេចក្តី​ប្រកាស​​ NBC ​តម្រូវ​ឲ្យ​ធនាគារ​ពាណិជ្ជ​ទាំង​អស់​ ដែ​ល​រួម​ទាំង​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ​របស់​ធនាគារ​បរទេស​ ត្រូវ​បង្កើន​ដើម​ទុន​អប្បបរមា​ ស្មើ​នឹង​ ៧៥ ​លាន​ដុល្លារ​។ ​ធនាគារ​ឯក​​ទេស ​ត្រូវ​តម្រូវ​ឲ្យ​បង្កើន​ដើម​​ទុន​អប្បបរមា​ដល់ ​១៥ ​លាន​ដុល្លារ​ ពី ៧,​៥ ​លាន​ដុល្លារ​​។​ MDI​ តម្រូវ​ឲ្យ​បង្កើន​ដើម​ទុន​អប្បបរមា​ដល់ ៣០ ​លាន​ដុល្លារ​ កើន​ឡើង​ពី ២,៥ ​លាន​ដុល្លារ​។​

លោក ​យុន ​សុវណ្ណា ​នាយក​ប្រតិបត្តិ​ សមាគម​មីក្រូ​ហិ​រញ្ញវត្ថុ​​​កម្ពុជា (CMA)​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​បង្កើន​​ដើម​ទុន​ចុះ​បញ្ជី​របស់​ប្រាសាក់ ​ត្រូវ​បាន​ធានា​ ដោយ​សារ​តែ​ថា ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​កើន​ឡើង​យ៉ាង​រហ័ស​។​

លោក​ សុវណ្ណា ​ឲ្យ​ដឹង​ថា ​នៅ​ពេល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ​កើន​ឡើង​ទាំង​កម្ចី​ និង​ប្រាក់​បញ្ញើ​កាន់​តែ​ច្រើន ​វា​ក៏​នឹង​នាំ​មក​នូវ​​ហានិភ័យ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ​ការ​សម្រេច​​ចិត្ត​ពី​ក្រុមហ៊ុន​នេះ​ ​ក្នុង​ការ​បង្កើន​ដើមទុន​ចុះ​បញ្ជី​​របស់​​ខ្លួន​​នៅ​ក្នុង​ចំនួន​កាន់​តែ​ធំ​ជាង​តម្រូវ​ការ​របស់​ធនាគារ​កណ្ដាល ​​​បាន​បង្ហាញ​ថា ​ជា​ការ​​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ​​ដើម្បី​រក្សា​ស្ថានភាព​ល្អ​ប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ធានា​ទំនុក​ចិត្ត​សម្រាប់​សាធារណ​ជន​។

លោក​​ថ្លែង​ថា​៖ «​សម្រាប់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ​ពេល​ពួក​គេ​កំពុង​រីក​ចម្រើន​កាន់​តែ​ធំ​ឡើង​ៗ ​ពួក​គេ​តែងតែ​ចង់​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ពេញ​លេញ»​។ លោក​បន្ថែម​ថា ​ប្រតិបត្តិករ​អាច​នឹង​គិត​ថា ​ការ​ស្ថិត​នៅ​ជា​ MDI ឬ​ MFI អាច​កម្រិត​​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ផ្ដល់​សេវា​។​

លោក​បញ្ជាក់​ថា​៖ «​ជា​ទូទៅ ​MFI​ និង​ MDI​ តែងតែ​មាន​មហិច្ឆតា ​ក្នុង​ការ​ប្រែ​ក្លាយ​ខ្លួន​ពួក​គេ​ទៅ​ជា​ធនាគារ​មួយ ​ដូច្នេះ​ពួក​គេ​អាច​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ពេញ​លេញ​​​»៕LA