
កសិករកំពុងបេះផ្លែម្រេចខ្ចីនៅក្នុងចម្ការម្រេចមួយក្នុងខេត្តរតនគិរីនាពេលកន្លងមក។ បច្ចុប្បន្នដំណាំម្រេចកំពុងប្រឈមនឹងការធ្លាក់ថ្លៃ។ ផា លីណា
ភ្នំពេញៈ ស្របពេលកសិករដំណាំម្រេចកំពុងប្រឈមការខាតបង់ដោយសារតម្លៃធ្លាក់ចុះ និងតម្រូវការទីផ្សារមិនទៀងទាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានផ្សព្វផ្សាយកម្ចីថ្មីមួយផ្តោតលើការផ្តល់កម្ចីសម្រាប់ដំណាំម្រេចដោយរំពឹងថា ទីផ្សារដំណាំនេះអាចល្អឡើងវិញនាពេលខាងមុខ។
ការប្រកាសពីកម្ចីសម្រាប់ដំណាំម្រេចនេះត្រូវបានស្វាគមន៍ពីមន្ត្រីកសិកម្ម និងតំណាងកសិករម្រេចដោយសារតម្រូវការដើមទុនកំពុងកើនឡើងស្របពេលរដូវដាំដុះខិតជិតមកដល់។
ទោះបីយ៉ាងនេះក្តីតំណាងកសិករម្រេចបង្ហាញក្តីសង្ឃឹមតិចតួចពីលទ្ធភាពទទួលកម្ចីដោយសារតែដំណាំនេះមានហានិភ័យខ្ពស់ជាងមុន។
លោក សាយ សូនី អនុប្រធានប្រាសាក់ឲ្យដឹងថា ផលិតផលម្រេចត្រូវបានមើលឃើញនៅក្នុងចក្ខុវិស័យល្អក្នុងរយៈពេលវែង ហើយគ្រឹះស្ថានរបស់លោកនៅតែកំពុងមានឆន្ទៈក្នុងការផ្ដល់កម្ចីដល់កសិករម្រេចសម្រាប់រដូវដាំដុះនេះ។ គិតមកទល់ពេលនេះទំហំកម្ចីសម្រាប់ដំណាំម្រេចនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានចំនួនសរុប ១៨,៥ លានដុល្លារដែលមានអតិថិជន ២ ៧៣២ នាក់។
លោកថ្លែងថា៖ «យើងសង្ឃឹមថាតម្លៃម្រេចនឹងកាន់តែប្រសើរនៅពេលអនាគត ហើយយើងនៅតែគាំទ្រកសិករក្នុងការទទួលបានអត្ថប្រយោជន៍ពីដំណាំនេះ»។
លោកបន្ថែមថា ដំណាំនេះមានហានិភ័យខ្ពស់ជាងពេលមុនដោយសារការធ្លាក់ចុះតម្លៃ ប៉ុន្តែកសិករម្រេចនឹងមិនពឹងលើដំណាំនេះតែមួយជាប្រភពនៃប្រាក់ចំណូលសម្រាប់ការសងកម្ចីនោះទេ។ លោក សាយ សូនី ថ្លែងថាកម្ចីសម្រាប់ម្រេចគឺជាប្រភេទកម្ចីកសិកម្ម ដូច្នេះរយៈពេល និងលក្ខខណ្ឌជាមួយនឹងអត្រាការប្រាក់ដូចគ្នានឹងកម្ចីដំណាំកសិកម្មផ្សេងទៀត។
ទិន្នន័យពីក្រសួងកសិកម្មកម្ពុជាបានបង្ហាញថា គិតមកដល់ឆ្នាំ ២០១៨ តំបន់ដាំដុះម្រេចសរុបទូទាំងប្រទេសមានចំនួន ៧ ៤៧១ ហិកតា កើនឡើង ១២ ភាគរយធៀបនឹងចំនួន ៦ ៦៧៨ ហិកតាកាលពីពាក់កណ្ដាលឆ្នាំ ២០១៧។ ខេត្តត្បូងឃ្មុំ រួមចំណែកជិតពាក់កណ្ដាលនៃតំបន់ដាំដុះម្រេចរបស់ប្រទេសនេះ។
លោក យុន សុផា នាយកប្រតិបត្តិសហករណ៍អភិវឌ្ឍន៍កសិកម្មម្រេចដាមេមត់ នៅខេត្តត្បូងឃ្មុំដែលមានកសិករ ២៨៨ នាក់បានឲ្យដឹងថា តម្លៃម្រេចធ្លាក់ចុះជាហេតុធ្វើឲ្យគ្រឹះស្ថានផ្តល់កម្ចីចាប់អារម្មណ៍ក្នុងវិស័យនេះ។ លោកថ្លែងថា៖ «កសិករក្នុងសហគមន៍របស់ខ្ញុំពិតជាត្រូវការមូលនិធិបន្ថែមក្នុងការបង្កើនការផលិត ដោយសារយើងសង្ឃឹមថាយើងអាចរកបានប្រាក់ចំណេញពីការខាតបង់របស់យើងនៅពេលអនាគត»។
លោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្មបានឲ្យដឹងថា កម្ចីថ្មីសម្រាប់ការផលិតម្រេចល្អប្រសិនបើផ្ដល់ក្នុងអត្រាការប្រាក់សមរម្យ។ លោកបានថ្លែងបន្តថា៖ «ទោះបីជាតម្លៃកំពុងធ្លាក់ចុះក៏ដោយ ក៏កសិករមួយចំនួននៅតែរកប្រាក់ចំណេញពីដំណាំកសិកម្មនេះ ហើយយើងសង្ឃឹមថា តម្លៃនឹងកាន់តែប្រសើរនៅពេលអនាគត»។
លោកបានបន្តថា៖ «កសិករត្រូវការមូលនិធិក្នុងការថែទាំដើមម្រេចដែលមានស្រាប់ និងការដាំដុះដើមម្រេចថ្មី ដូច្នេះការមានកម្ចីកាន់តែច្រើនក្នុងការប្រាក់កាន់តែទាបនឹងមានប្រយោជន៍»៕LA