ក្រុងហុងកុងៈ តម្លៃ​ប្រេងឆៅ​បាន​មើលឃើញ​ការកើនឡើង​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការវាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេងឆៅ​ ២ ​កន្លែង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​កាត់បន្ថយ​ទិន្នផល​ពាក់កណ្ដាល​នៅក្នុង​ប្រទេស​ផលិត​ប្រេង​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​។

ការវាយប្រហារ​នេះ​បាន​ជំរុញ​ឲ្យ​មានការ​បារម្ភ​ផ្នែក​ភូមិសាស្ដ្រ​នយោបាយ​នៅពេល​ថ្មីៗ ខណៈ​ដែល​លោក ដូណាល់ ត្រាំ បាន​ស្ដីបន្ទោស​ប្រទេស​អ៊ីរ៉ង់​ក្នុង​ករណី​វាយប្រហារ​ទីតាំង​ផលិត​ប្រេង​ទាំង​ ២ ​នេះ និង​បាន​បង្កើន​លទ្ធភាព​ការវាយប្រហារ​ផ្នែក​យោធា​លើ​ប្រទេស​នេះ​។

តម្លៃ​ប្រេងឆៅ Brent ក្នុង​កិច្ចសន្យា​អនាគត​បាន​កើនឡើង ១២ ​ដុល្លារ​នៅ​ ២-៣ ​នាទី​ដំបូង​នៃ​ការជួញដូរ​ក្នុង​ផ្សារហ៊ុន​គិត​ជា​ប្រាក់​ដុល្លារ​ចាប់​តាំងពី​កិច្ចសន្យា​អនាគត​ប្រេងឆៅ​ប្រភេទ Brent នេះ​ត្រូវបាន​ដំណើរការ​កាលពី​ឆ្នាំ​ ១៩៨៨ មក​ដែល​កើនឡើង​ជិត ២០ ភាគរយ ខណៈ​ដែល​តម្លៃ​ប្រេងឆៅ WTI បាន​កើនឡើង​ជាង ៨ ​ដុល្លារ ឬ​ ១៥ ​ភាគរយ​មុនពេល​ធ្លាក់ចុះ​មកវិញ​នាពេល​បន្ទាប់មក​។

ការវាយប្រហារ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ហូធី​ដែល​គាំទ្រ​ដោយ​ទីក្រុង​តេអេរ៉ង់​នៅក្នុង​ប្រទេស​ជិតខាង​យេម៉ែន​បាន​ធ្វើ​ឡើង​ទៅលើ​ទីតាំង​ទាំង​ ២ ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Aramco ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ការវាយប្រហារ​នេះ​បាន​បង្ក​ឲ្យ​បាត់បង់​ការផ្គត់ផ្គង់ ៦ ​ភាគរយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចេញពី​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​។

លោក ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា អាមេរិក​ត្រៀម​ឆ្លើយតប​នឹង​ការវាយប្រហារ​នេះ ខណៈ​ដែល​លោក Mike Pompeo រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹងថា​៖ «​អាមេរិក​នឹង​ធ្វើ​ការងារ​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​ជាច្រើន​របស់ខ្លួន​ដើម្បី​ធានាថា ទីផ្សារ​ថាមពល​នៅតែ​រក្សា​ការផ្គត់ផ្គង់​ល្អប្រសើរ ហើយ​អ៊ីរ៉ង់​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ការឈា្លន​ពាន​របស់ខ្លួន​»​។

ទីក្រុង​តេអេរ៉ង់​បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​មានការបារម្ភ​ឡើងវិញ​ជុំវិញ​ជម្លោះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​នាវា​ដឹក​ប្រេង​កាលពី​ដើម​ឆ្នាំនេះ ដែល​ក៏​ត្រូវបាន​ស្ដីបន្ទោស​ថា បង្កឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់​ផងដែរ​។

លោក Jeffrey Halley អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន OANDA បាន​មានប្រសាសន៍ថា​៖ «​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា កំពុង​កើនឡើង​យ៉ាង​រហ័ស ដែល​មាន​ន័យ​ថា រឿងរ៉ាវ​នេះ​នឹង​បន្ត​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​សប្ដាហ៍​នេះ សូម្បីតែ​បន្ទាប់ពី​មាន​ក្តីបារម្ភ​ភ្លាមៗ​លើ​ទីផ្សារ​ប្រេង​នៅ​ព្រឹក​នេះ​»៕ LA