The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រេងឆៅ​ឡើង​ថ្លៃ ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​កាត់បន្ថយ​ទិន្នផល

ប្រេងឆៅ​ឡើង​ថ្លៃ ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​កាត់បន្ថយ​ទិន្នផល

Content image - Phnom Penh Post
បុគ្គលិក​កំពុង​បូម​ប្រេង​ចេញ​ពី​រថយន្ត​បញ្ចូល​ក្នុង​ស្ថានីយ​ប្រេង​។ AFP

ប្រេងឆៅ​ឡើង​ថ្លៃ ខណៈ​អារ៉ាប៊ីសាអ៊ូឌីត​គាំទ្រ​កាត់បន្ថយ​ទិន្នផល

ក្រុងញូវយ៉កៈ ផ្សារភាគហ៊ុន​ពិភពលោក​មាន​លទ្ធផល​ចម្រុះ​កាលពី​ថ្ងៃ​ចន្ទ មុន​ពេល​មាន​ការចេញផ្សាយ​ទិន្នន័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​អាមេរិក និង​មុនពេល​មាន​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ខណៈ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​ដោយសារ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ថាមពល​របស់​អារ៉ាប៊ីសាអ៊ូឌីត​បានបង្ហាញ​សញ្ញា​ការពារ​តម្លៃ​ប្រេង​។

សន្ទស្សន៍​របស់​ផ្សារហ៊ុន​ធំៗ​របស់​អាមេរិក​បាន​បញ្ចប់​ការជួញដូរ​ដោយ​ប្រែប្រួល​តិចតួច មុន​ពេល​មាន​ការចេញ​ផ្សាយ​របាយការណ៍​តម្លៃ​ទំនិញ​ប្រើប្រាស់ និង​ការ​លក់រាយ​សម្រាប់​ខែសីហា​នៅ​សប្តាហ៍​នេះ​។

លោក Art Hogan ប្រធាន​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន National Securities បាន​ថ្លែងថា វិនិយោគិន​ស្ថិត​ក្នុង​គោលជំហរ «​កំពុង​រង់ចាំ​មើល​»​។

សន្ទស្សន៍ Dow របស់​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក​កើនឡើង ០,១ ​ភាគរយ​ដល់ ២៦ ៨៣៥,៥១ ​ពិន្ទុ​នៅពេល​បិទ​ការជួញដូរ ខណៈ​សន្ទស្សន៍ S&P 500 នៅ​ថេរ​នៅត្រឹម ២ ៩៧៨,៤៣ ​ពិន្ទុ​។

សន្ទស្សន៍ Nasdaq របស់​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក​បាន​ធ្លាក់ចុះ ០,២ ​ភាគរយ​មក​នៅត្រឹម ៨ ៩៨៧,៤៤ ​ពិន្ទុ​នៅពេល​បិទ​ការជួញដូរ​កាលពី​ម្សិលមិញ​។

តម្លៃ​ប្រេង​បាន​ឡើងថ្លៃ ខណៈ​ព្រះអង្គម្ចាស់ Abdulaziz bin Salman ដែល​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត​បាន​មាន​បន្ទូល​ថា ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​នាំចេញ​ប្រេង​ឆៅ​ទាំងអស់ ដែល​ជា​ការបង្ហាញ​មួយ​ថា ព្រះអង្គ​នឹង​គាំទ្រ​ដល់​ការកាត់បន្ថយ​ទិន្នផល​ប្រេង​ឆៅ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ការផ្គត់ផ្គង់​លើស​នៅក្នុង​ទីផ្សារ និង​ការធ្លាក់ចុះ​តម្លៃ​។

តម្លៃ​ប្រេងឆៅ​ប្រភេទ Brent North Sea បាន​កើន ១,០២ ដុល្លារ​ដល់ ៦២,៥២ ​ដុល្លារ​ក្នុង ​១ ​បារ៉ែល ខណៈ​តម្លៃ​ប្រេងឆៅ WTI កើន ១,៣៣ ​ដុល្លារ​ដល់ ៥៧,៨៥ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​៕ KC

អត្ថបទគួរចាប់អារម្មណ៍