ភ្នំពេញៈ តម្លៃប្រេងសាំងលក់រាយនៅកម្ពុជាបានបន្តកើនឡើងនៅរយៈពេល ៣ ខែចុងក្រោយមកដល់ខែតុលានេះ ខណៈក្រសួងបានបង្កើនរយៈពេលនៃការកំណត់តម្លៃប្រេងលក់រាយកាន់តែវែងជាងមុនដែលធ្វើឲ្យអ្នកមានចំណូលទាប ដូចជា អ្នករត់រ៉ឺម៉កម៉ូតូមិនសប្បាយចិត្ត។
តម្លៃប្រេងសាំងធម្មតាបានបន្តកើនឡើងដល់ ៤ ២០០ រៀលក្នុង ១ លីត្រ រហូតមកដល់ពាក់កណ្ដាលខែតុលា ឆ្នាំនេះ ដែលពី ៣ ៩៥៩ រៀល ក្នុង ១ លីត្រគិតចាប់តាំងពីខែកក្កដាឆ្នាំនេះ។ នេះបើយោងតាមសេចក្តី ជូនដំណឹងដែលបានកំណត់ត្រាតាំងពីខែកក្កដារបស់ក្រសួងពាណិជ្ជកម្ម។
បើទោះបីក្រសួងពាណិជ្ជកម្មបានបញ្ជូលសាំងស៊ូពែរក្នុងការគណនាតម្លៃក៏ដោយ ប៉ុន្តែសាំងស៊ូពែរបានហក់ឡើងដល់ ៤ ៥៥០រៀល។
តម្លៃនេះកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកមានប្រាក់ចំណូលទាប ខណៈថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីរបស់ប្រទេសនេះកំពុងបង្កើនការចំណាយរបស់ពួកគេ។
លោក ហាក់ សាម៉ុន អាយុ ៤២ ឆ្នាំ កំពុងអង្គុយលើរ៉ឺម៉កម៉ូតូរបស់លោក រង់ចាំអតិថិជននៅតាមបណ្ដោយមហាវិថី ម៉ៅសេទុង បានកត់សម្គាល់ថា តម្លៃប្រេងឥន្ធនៈបន្តកើនឡើង បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ហើយថាការកើនឡើងតម្លៃប្រេងសាំងកំពុងលេបត្របាក់ប្រាក់ចំណូលរបស់លោក។
លោកថ្លែងថា៖ «តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន ធ្វើឲ្យពិបាកក្នុងការរកប្រាក់ចំណូលសម្រាប់ជីវិតរបស់អ្នករត់រ៉ឺម៉កម៉ូតូដូចជារូបខ្ញុំ ដែលត្រូវរ៉ាប់រងគ្រួសារប្រចាំថ្ងៃ ព្រមទាំងកូនៗ»។
លោក ហាក់ សាម៉ន ដែលប្រកបរបរជាអ្នករត់រ៉ឺម៉កម៉ូតូ អស់រយៈពេល ៣ ឆ្នាំ តាំងពីឆ្នាំ ២០១៥ បានឲ្យដឹងថា ការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូនក៏ជាបញ្ហាប្រឈមផ្សេងទៀតផងដែរ។
លោកថ្លែងថា៖ «ការប្រកួតប្រជែងនៅក្នុងវិស័យនេះ កំពុងកើនឡើងផងដែរ ខ្ញុំមិនអាចស្វែងរកអតិថិជនបានច្រើនទៀតទេ»។
លោកបន្ថែមថា ការកើនឡើងតម្លៃប្រេងសាំងពិតជាមានរយៈពេលយូរជាងការធ្លាក់ចុះ។
ក្រសួងពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃពុធថា តម្លៃប្រេងសាំងលក់រាយត្រូវបានពឹងផ្អែកលើការប្រែប្រួលតម្លៃលើទីផ្សារពិភពលោក ដោយសារតែកម្ពុជាពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ។
សេចក្ដីប្រកាសនេះឲ្យដឹងថា៖ «តម្លៃប្រេងសាំងលក់រាយនៅទីផ្សារអន្តរជាតិ បច្ចុប្បន្នកំពុងកើនឡើង ដោយសារតែបរិបទនយោបាយពិភពលោក ជាពិសេសនៅក្នុងប្រទេសលោកខាងលិច និងប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ៗ»។
សេចក្ដីប្រកាសនេះបន្តថា៖ «នេះធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា»។
តម្លៃប្រេងនៅទីផ្សារអន្តរជាតិបានកើនឡើងនៅសប្ដាហ៍នេះ ដល់កម្រិតខ្ពស់រយៈពេល៤ឆ្នាំ ដោយតម្លៃប្រេងឆៅ Brent ជិត ៨៥ ដុល្លារក្នុង ១ បារ៉ែល ដោយសារការបារម្ភលើការយឺតយ៉ាវក្នុងការផ្គត់ផ្គង់លើពិភពលោក ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក លើប្រទេស អុីរ៉ង់។
ក្រសួងតែងធ្វើការគណនាតម្លៃប្រេងឥន្ធនៈលក់រាយរៀងរាល់ ១០ ថ្ងៃម្ដង ដោយពឹងផ្អែកលើតម្លៃជួញដូរប្រេងឆៅនៅក្នុងប្រទេស សិង្ហបុរី។
ប៉ុន្តែ រយៈពេលត្រូវបានអូសបន្លាយដល់ ១៥ ថ្ងៃ ចាប់តាំងពីខែកក្កដា ឆ្នាំនេះ។ មន្ដ្រីមកពីក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេជុំវិញករណីនេះ។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរណាមួយគួរត្រូវប្រកាសជាសាធារណៈដើម្បីឲ្យមហាជនបានដឹង។
លោកលើកឡើងថា ការអូសបន្លាយរយៈពេលយូរជាង ១០ ថ្ងៃ ដោយមិនបានប្រាប់ពីមូលហេតុអាចជាផលប្រយោជន៍ណាមួយនៅពីក្រោយហើយថាតើការពន្យារពេលនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកណា?»។
លោកបន្ថែមថា ផ្ទុយទៅវិញ រដ្ឋាភិបាលគួរតែកាត់បន្ថយពន្ធនាំចូល ឬផ្ដល់ការឧបត្ថម្ភធនដល់អ្នកប្រើប្រាស់។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឲ្យដឹងថា ខណៈកម្ពុជាជាប្រទេសនាំចូល ហើយប្រទេស អីុរ៉ង់ និងអាមេរិក កំពុងស្ថិតលើភាពស្មុគស្មាញផ្នែកនយោបាយការប្រែប្រួលតម្លៃប្រេងឥន្ធនៈ ពិតប្រាកដណាស់បានប៉ះពាល់ដល់កម្ពុជា។
លោកថ្លែងថា៖ «យើងមិនអាចគេចផុតពីផលប៉ះពាល់បានទេ នៅពេលតម្លៃប្រេងឥន្ធនៈបានប្រែប្រួល នៅទីផ្សារអន្តរជាតិ»។
លោកបន្តថា៖ «ប៉ុន្តែយើងគួរតែយល់ដឹងក្នុងការប្រើប្រាស់ប្រេងឥន្ធនៈឲ្យកាន់តែមានប្រសិទ្ធភាព និងមានប្រយោជន៍សម្រាប់ឧស្សាហកម្ម ឬព្យាយាមរកឲ្យឃើញក្នុងការធ្វើអ្វីឲ្យកាន់តែប្រសើរដើម្បីជំនួសជាជាងការពឹងផ្អែកលើប្រេងឥន្ធនៈ»។
ប៉ុន្តែលោក ម៉ី កល្យាណ ឲ្យដឹងថារដ្ឋាភិបាលគួរតែពិនិត្យមើលអាជីវកម្មផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា និងស្វែងរកមធ្យោបាយដើម្បីគ្រប់គ្រងវា។
លោក ផេង ហៀង អ្នករត់ម៉ូតូឌុបនៅទីក្រុងភ្នំពេញបានឲ្យដឹងថា បញ្ហាប្រឈមមិនមែនគ្រាន់តែតម្លៃប្រេងសាំងប៉ុណ្ណោះទេ ប៉ុន្តែសេវាហៅតាក់ស៊ីជិះដូចជា Pass App និងរថយន្តក្រុងសាធារណៈ កំពុងធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់លោកផងដែរ។
លោកថ្លែងថា៖ «មិនគ្រាន់តែតម្លៃប្រេងសាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្ញុំត្រូវតែប្រកួតប្រជែងជាមួយសេវាហៅតាក់ស៊ីជិះ និងរថយន្តក្រុងផងដែរ ខ្ញុំស្ទើរតែដាច់ខ្យល់ហើយពេលនេះ»៕LA