ភ្នំពេញៈ លោកស្រី​ Heather Wheeler ប្រេសិត​ពាណិជ្ជកម្ម​របស់​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម​បាន​ថ្លែង​អះអាងថា​លោកស្រី​នឹង​ខិតខំ​កៀរគរ​វិនិយោគិន​ និង​ធុរជន​អង់គ្លេស​សិក្សា​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា ​ដើម្បី​ពង្រីក​ការវិនិយោគ និង​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​ទាញយក​នូវ​ផលចំណេញ​ពី​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​កំពុង​ទទួលបាន​។

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ទាំង​ ៤៦ ​ផ្សេងទៀត​ដែល​បានទទួល​ការអនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ពី​ចក្រភព​អង់គ្លេស បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស​បានប្រកាស​ផ្តល់ឱ្យ​កាលពី​ថ្ងៃ​ ១៧ ​ខែ ធ្នូ​ ឆ្នាំ​ ២០២០​។ អង់គ្លេស​ជា​ប្រទេស​នាំចូល​ដ៏ធំ​បំផុត​មួយ​របស់​កម្ពុជា​នៅ​សហគមន៍​អឺរ៉ុប​ដែលមាន​ចំណែក​ទីផ្សារ​ប្រមាណ​ជា​ ២៥ ​ទៅ​ ៣០ ​ភាគរយ​ នៃ​ការនាំចេញ​សរុប​ទៅកាន់​ទីផ្សារ​តំបន់​មួយ​នេះ​។

ប៉ុន្តែ​អង់គ្លេស​បានសម្រេច​ចិត្ត​ចាកចេញ​ពី​សមាជិកភាព​តំបន់​អឺរ៉ុប​តាមរយៈ​ប្រជាមតិ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

ការលើកឡើង​របស់​លោកស្រី Heather ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន សូរស័ក្តិ កាលពី​ថ្ងៃទី​ ១៨ ខែ កុម្ភៈ ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។

លោកស្រី​បាន​កត់ស្គាល់​អំពី​ភាព​រីកចម្រើន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ និង​សក្តានុពល​នាំចេញ​របស់​កម្ពុជា ព្រមទាំង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​សម្របសម្រួល​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ធុរជន និង​វិនិយោគិន​អង់គ្លេស​នៅ​កម្ពុជា​នាពេល​កន្លងមក​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទាក់ទាញ​វិនិយោគិន​អង់គ្លេស​មក​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​ដែល​កម្ពុជា​សម្រេច​បាន​នាពេល​បច្ចុប្បន្ន​»​។

លោកស្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មកលើ​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ដែល​ជា​សសរស្តម្ភ​មួយ​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​អំពី​គម្រោង​គាំទ្រ​ពន្លឿន​ផ្នែក​សេដ្ឋកិច្ច (Accelerated COVID Economic Support-ACES) ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​អង់គ្លេស​សម្រាប់​ប្រទេស​នៅ​អាស៊ាន​។

ក្នុង​ជំនួប​សន្ទនា​នោះ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា ចក្រភព​អង់គ្លេស​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការអភិវឌ្ឍ​វិស័យ​អាទិភាព ​ដូចជា​វិស័យ​អប់រំ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​តាមរយៈ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ដែល​ចូល​ជា​ធរមាន​ចាប់ពី​ខែមករា ឆ្នាំ​ ២០២១ មកនេះ ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​-​អឺរ៉ុប​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើកំណែទម្រង់​ស្ថាប័ន និង​បទប្បញ្ញត្តិ​នានា​សម្រាប់​ការធ្វើ​សមារណកម្ម​សេដ្ឋកិច្ច និង​បង្ហាញ​ឆន្ទៈ​ដ៏មោះមុត​ក្នុង​ការពង្រីក​ដៃគូ​ពាណិជ្ជកម្ម​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​នៅក្នុង​តំបន់​»​។

លោក​ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចការ​ដៃគូ​សន្ទនា​រវាង​ចក្រភព​អង់គ្លេស និង​អាស៊ាន​ដែលជា​តំបន់​មាន​សក្តានុពល​ដ៏ខ្លាំង ហើយ​បាន​ជម្រាប​ភាគី​អង់គ្លេស​ថា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​ ២០២១ និង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ នៅ​ឆ្នាំ​ ២០២២ ខាងមុខ​។

យោងតាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​បាន​ឈានដល់ ៨១៣,២២ លាន​ដុល្លារ​ ក្នុង​រយៈពេល ១១ ខែ​នៃ​ឆ្នាំមុន​គឺ​ធ្លាក់ចុះ​ ១៧,៦១ ភាគរយ​ ពី​ចំនួន ៩៨៧,០៩ លាន​ដុល្លារ​ ដែល​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​។

ការនាំចេញ​របស់​កម្ពុជា​ក្នុងអំឡុង​ពេលនេះ​មាន​តម្លៃ ៧៦៦,៧៧ លាន​ដុល្លារ​ ធ្លាក់ចុះ ១៦,០២ ភាគរយ​ពី ៩១៣,០១ លាន​ដុល្លារ​។ ចំណែក​ការនាំ​ចូល​របស់​កម្ពុជា​ពី​ចក្រភព​អង់គ្លេស​មានតម្លៃ ៤៦,៤៥ លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​ធ្លាក់ចុះ​ ៣៧,៣០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ​ដែល​មាន ៧៤,០៨ លាន​ដុល្លារ​។

ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ទំនិញ​ភាគច្រើន​របស់​កម្ពុជា​នាំចេញ​ទៅកាន់​ចក្រភព​អង់គ្លេស រួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ​ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ខណៈ​ការនាំ​ចូល​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​ភាគច្រើន​មាន​រថយន្ត​ និង​គ្រឿង​ម៉ាស៊ីន​៕ LA