ភ្នំពេញ: បន្ទាប់ពី​ផ្អាក​ដំណើរការ​ចាប់​តាំងពី​ខែ​មីនា ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ជា​សកល​មក​ប្រៃសណីយ៍​កម្ពុជា​ដែល​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ប្រកាស​បើក​ទទួល​បញ្ញើ​ឆាប់រហ័ស​ឡើងវិញ​ហើយ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ប្រៃសណីយ៍​កម្ពុជា​បាន​ចាប់ផ្តើម​បើកទទួល​បញ្ញើ​ឆាប់រហ័ស​ (Express Mail Service) ​ជាធម្មតា​ឡើងវិញ​ដែល​នឹង​ចាប់ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​ ៣ ខែ​សីហា ​តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ការទទួល​បញ្ញើ​នេះ​ទៅកាន់​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួមមាន អូស្ត្រាលី ចិន​ (​ហុងកុង តៃវ៉ាន់​) ជប៉ុន កូរ៉េ អ៊ីស្រាអែល សិង្ហបុរី អារ៉ាប់ UAE វៀតណាម និង​ថៃ​។

ចំណែកឯ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​រួមមាន អូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ ស្វ៊ីស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស ប៉ូឡូញ ស៊ុយអែត អង់គ្លេស និង​អេស្ប៉ាញ ហើយ​ក៏​ទទួលបញ្ញើ​ទៅ​តំបន់​អាមេរិក​ខាងជើង​មាន​សហរដ្ឋអាមេរិក និង​កាណាដា​ផងដែរ​។

កាលពី​ថ្ងៃទី​ ១២ ខែ​មីនា ប្រៃសណីយ៍​កម្ពុជា​បាន​សម្រេច​ផ្អាក​ការទទួល​បញ្ញើ​គ្រប់​ប្រភេទ​ទៅ​អន្តរជាតិ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការបើក​ឲ្យ​ដំណើរការ​ទទួលបញ្ញើ​ឡើងវិញ​នេះ​បន្ទាប់ពី​ប្រៃសណីយ៍​កម្ពុជា​រក​បាន​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។ តារាង​តម្លៃ​បញ្ញើ​ក្នុង​អំឡុងពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​នឹង​ឡើងថ្លៃ​ជាង​មុន​ចំនួន ៨ ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម​។

លោក​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ ១ ​ថ្ងៃ​នៃ​ការបើក​ទទួល​បញ្ញើ​ភ្លាម ប្រៃសណីយ៍​កម្ពុជា​ទទួល​បាន​អតិថិជន​យ៉ាងគំហុក​ចំនួន ៣៧៣ ​នាក់ និង​ទទួលបញ្ញើ​ទម្ងន់ ២ ៨១០ ​គីឡូក្រាម​។

លោក​ថ្លែងថា​៖ «​យើង​រំពឹងថា​ចំណូល​យើង​នឹង​រក្សា​បានល្អ​ ឬ​ក៏​កើនឡើង​ជាង​មុន​ដែល​យើង​រំពឹងថា ចំណូល​នឹង​ទទួលបាន​ក្នុង​រង្វង់ ១ ​លាន​ដុល្លារ​ ក្នុង​ ១ ​ខែ ដោយសារ​ការបញ្ជាទិញ​ទំនិញ​តាម​អនឡាញ​មាន​ការកើនឡើង​ច្រើន​ក្នុង​អំឡុង​ពេល​រីករាលដាល​កូវីដ ​១៩»​។

បើតាម​លោក បូរ៉ា ប្រៃសណីយ៍​កម្ពុជា​រកចំណូល​បាន​ជាង ២,៦៥ ​លាន​ដុល្លារ ក្នុង​រយៈពេល ៦ ​ខែ​ដើមឆ្នាំ ២០២០ ធ្លាក់​ចុះ ៥៥,២៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន​ជាង ៥,៩៣ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ ២០១៩ ប្រៃសណីយ៍​កម្ពុជា​រកចំណូល​បាន ១២ ២៣៧ ៤៥៩ ដុល្លារ​ កើនឡើង​ពី ៣ ៧៧១ ៥៩៨ ដុល្លារ​ កាលពី​ឆ្នាំ​ ២០១១​។

ប្រៃសណីយ៍​កម្ពុជា​ក៏បាន​រួម​វិនិយោគ​លើ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ផងដែរ ដែល​ធនាគារ​នេះ​បាន​មើលឃើញ​ប្រាក់ចំណេញ​ជាង ៣៦,៥២ ​លាន​ដុល្លារ ​ក្នុង​ប្រតិបត្តិការ​រយៈពេល ៥ ឆ្នាំ​។ គ្រាន់តែ​នៅក្នុង​ឆ្នាំ ២០១៨ ធនាគារ​នេះ​រកប្រាក់​ចំណេញ​បាន ១២,៨១ ​លាន​ដុល្លារ​។

ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង ៥០ ភាគរយ​ ដោយ​ធនាគារ​កាណាឌីយ៉ា ៤៥ ភាគរយ ​ដោយ​ក្រុមហ៊ុន Fullerton និង​ភាគហ៊ុន​នៅសល់​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រៃសណីយ៍​កម្ពុជា​៕