ភ្នំពេញៈ ប្រៃសណីយ៍កម្ពុជាជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលគ្រោងចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាផងនោះនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រៃសណីយ៍ថៃនៅថ្ងៃនេះស្ដីពីការផ្ដល់សេវាផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករវាងប្រទេសជិតខាងអាស៊ានពីរនេះ។
គំនិតផ្ដួចផ្ដើមនេះនឹងចាប់យកនូវកំណើនប្រាក់ផ្ញើពលករកម្ពុជានៅប្រទេសថៃមកកាន់ស្រុកកំណើត។
លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍បាននិយាយថាប្រាក់ផ្ញើមកពីប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំថ្មីនេះដោយសារពលករចំណាកស្រុកកម្ពុជា កាន់តែច្រើនឡើងៗកំពុងតែនាំគ្នាទៅធ្វើការទីនោះ។
លោកបន្តថា៖ «យើងសហការជាមួយពួកគេតាមរយៈការផ្ដល់សេវាកម្មនេះដោយសារតែយើងបានកត់សម្គាល់ឃើញថាមានប្រជាជនយើងជាច្រើនកំពុងតែធ្វើការនៅទីនោះហើយបានផ្ញើប្រាក់ជាច្រើនមកផ្ទះតាមឈ្មួញខុសច្បាប់ដែលគិតតម្លៃខ្ពស់។
ឥឡូវនេះយើងនឹងផ្ដល់ភាពងាយស្រួលហើយជាសេវាកម្មរហ័សទាន់ចិត្តសម្រាប់ពួកគេ។ នៅពេលដូចគ្នានេះដែរការគិតលើសេវាកម្មគឺថោកល្មមទោះបីជាប្រៀបធៀបជាមួយធនាគារពាណិជ្ជហើយវាមានសុវត្ថិភាពបំផុត»។ លោកបន្ថែមថាសេវានេះនឹងចាប់ផ្ដើមជាផ្លូវការសម្រាប់សាធារណជននៅថ្ងៃដដែលនេះ។
តាមទិន្នន័យជាផ្លូវការពីអាដហុក បានបង្ហាញថាមានកម្មករអន្តោប្រវេសន៍កម្ពុជាប្រហែល៤០ម៉ឺននាក់កំពុងតែធ្វើការស្របច្បាប់ក្នុងប្រទេសថៃ។ ចំនួននេះមិនរាប់បញ្ចូលកម្មករខុសច្បាប់នោះទេ។
លោក អោក បូរ៉ា បានបន្តទៀតថាប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយវៀតណាមតាំងពីចុងឆ្នាំមុនខណៈពួកគេបានទទួលជោគជ័យរួចហើយជាមួយសេវាកម្មនេះក្នុងប្រទេសបារាំង។
លោកថ្លែងថា៖«ខ្ញុំគិតថាយើងមិនប្រឆាំងជាមួយធនាគារពាណិជ្ជនោះទេដោយសារតែយើងធ្វើអ្វីៗគ្រប់យ៉ាងគោរពទៅតាមច្បាប់»។
លោក អោក បូរ៉ានិយាយថាប្រៃសណីយ៍កម្ពុជាគ្រោងចុះហត្ថលេខាជាមួយគ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ដោយលើកឡើងថាគេនឹងចុះហត្ថលេខាជាមួយឡាវនិងម៉ាឡេស៊ីក្នុងឆ្នាំនេះ។ រហូតមកដល់ពេលនេះប្រៃសណីយ៍កម្ពុជាមានការិយាល័យចំនួន៣០ទូទាំងប្រទេស។
រដ្ឋាភិបាលបានយល់ព្រមឲ្យប្រៃសណីយ៍កម្ពុជាក្លាយខ្លួនជាក្រុមហ៊ុនឯកជនតាំងពីថ្ងៃទី១ខែមករាឆ្នាំ២០១១។ បន្ទាប់ពីការក្លាយខ្លួនជាឯកជនមកប្រាក់ចំណូលបានកើនឡើងយ៉ាងខ្លាំងប្រហែលជា៦០ភាគរយដល់៣,៧៥លានដុល្លារក្នុងឆ្នាំ២០១១បើធៀបនឹងឆ្នាំ២០១០។
បច្ចុប្បន្ននេះប្រៃសណីយ៍កម្ពុជាកំពុងតែបម្រើសេវាកម្មរបស់ខ្លួនចំនួន១៩២ប្រទេសក្នុងពិភពលោក៕