ភ្នំពេញៈ មន្រ្តីប្រៃសណីយ៍កម្ពុជាឲ្យដឹងថា ប្រៃសណីយ៍កម្ពុជាកំពុងពង្រឹងសេវាកម្មបញ្ញើក្នុងស្រុកដើម្បីប្រកួតប្រជែងជាមួយសេវាកម្មបញ្ញើក្រៅផ្លូវការ។
ការពង្រឹងសេវាកម្មនោះរួមមានការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកពង្រីកបណ្តាញការិយាល័យប្រៃសណីយ៍ដល់កម្រិតស្រុកការបំពាក់ប្រព័ន្ធបចេ្ចកវិទ្យា និងការផ្សព្វផ្សាយដល់មហាជនអំពីសេវាកម្មបញ្ញើប្រៃសណីយ៍កម្ពុជា។
លោក អោក បូរ៉ា នាយកប្រតិបត្តិប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា សេវាបញ្ញើក្នុងស្រុកក្រៅផ្លូវការមានដូចជារថយន្តដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ីកំពុងស្រូបទាញចំណូលយ៉ាងច្រើនពីអាជីវកម្មប្រៃសណីយ៍ក្នុងស្រុក។
លោកបន្តថា ភាពខ្វះខាតជំនាញរបស់បុគ្គលិកកម្រិតនៃការផ្សព្វផ្សាយពីសេវាកម្មបញ្ញើក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីសេវាបញ្ញើក្រៅផ្លូវការដែលមានភាពរហ័សនិងងាយស្រួលជាង។
បើតាមរបាយការណ៍ប្រចាំឆ្នាំប្រៃសណីយ៍កម្ពុជា ក្នុង ឆ្នាំ២០១៣ រកចំណូលសរុបបាន ៤,៥ លានដុល្លារកើន ១២,៥ ភាគរយធៀបនឹង ឆ្នាំ២០១២។ របាយការណ៍បង្ហាញថា ចំណូលពីការប្រើប្រាស់សេវាកម្មបញ្ញើក្នុងស្រុកមានត្រឹម ០,០១ ភាគរយនៃចំណូលសរុបប៉ុណ្ណោះ។
លោកថ្លែងថា៖ «ប្រាក់ចំណូលយើងឆ្នាំនេះកើនតែចំណេញបានតិចដោយសារយើងដំឡើងប្រាក់ខែបុគ្គលិក ហើយម៉្យាងយើងក៏ជួបនឹងការប្រកួតប្រជែងច្រើន។ សូម្បីតែឡានតាក់ស៊ីក៏ដឹកជញ្ជូនសំបុត្ររបស់ប្រៃសណីយ៍ដែរ។ យើងមានច្បាប់ប៉ុន្តែមិនមានការអនុវត្ត»។ លោក អោក បូរ៉ា បានឲ្យដឹងថា ការប្រើសេវាកម្មបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា មានហានិភ័យតិចជាងបញ្ញើក្រៅផ្លូវការ។
ដើម្បីក្លាយជាអ្នកទទួលបញ្ញើសំបុត្រឯកសារស្របច្បាប់ ក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូនត្រូវតែមានអាជ្ញាប័ណ្ណជាអ្នកទទួលនិងចែកចាយបញ្ញើសំបុត្រឬឯកសារមុននឹងមានសិទ្ធិទទួលនិងចែកចាយបញ្ញើសំបុត្រឬឯកសារ។
លោក សុខ ចាន់មុនី ប្រធានសមាគមរថយន្តក្រុងកម្ពុជា (CAMBA) បាននិយាយថា កន្លងមកការទទួលជាបញ្ញើសំបុត្រ ឬឯកសារផ្សេងៗភាគច្រើនជាការយល់ព្រមរវាងអ្នកផ្ញើ និងអ្នកបើកបរប៉ុណ្ណោះ។
លោកបន្តថា អតិថិជនផ្ញើសំបុត្រ ឯកសារ ឬទំនិញផ្សេងៗតាមសេវាកម្មបញ្ញើក្រៅផ្លូវការ ក៏ព្រោះរថយន្តដឹកជញ្ជូន ឬរថយន្តតាក់ស៊ី អាចចែកចាយបញ្ញើបានលឿនរហ័ស និងបត់បែនជាងសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជា។
លោកថ្លែងថា៖ «គេដឹកទៅដល់កន្លែង ទៅដល់ស្រុក និងភូមិឃុំដែលប្រៃសណីយ៍ទៅមិនដល់។ ប្រសិនបើ ប្រៃសណីយ៍អាចទៅដល់តាមស្រុកភូមិដែរនោះខ្ញុំជឿថាឡានក្រុង ឬតាក់ស៊ី មិនហ៊ានរត់សេវានេះទេ»៕