ក្រុងអាស្តាណាៈ ប្លុកពាណិជ្ជកម្មសហភាពសេដ្ឋកិច្ចអឺរ៉ូ អាស៊ី (EEU) ដែលដឹកនាំដោយប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នមួយជាមួយប្រទេសអ៊ីរ៉ង់ និងរៀបចំផែនការចរចាតំបន់ពាណិជ្ជកម្មសេរីមួយ។ នេះបើយោងតាមការឲ្យដឹងរបស់ប្រទេសកាហ្សាក់ស្ថានដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សានេះ។
កិច្ចព្រមព្រៀងនេះដែលត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាននេះ ធ្វើឡើងខណៈដែលសហរដ្ឋអាមេរិកកំពុងរៀបចំឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់មានដំណើរការឡើងវិញ និងបានព្រមានក្រុមហ៊ុនជាច្រើនមិនឲ្យធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ិស្លាមមួយនេះ។
កិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះនឹងបន្ទាបពន្ធនាំចូលលើទំនិញរាប់រយមុខ និងកំណត់ ពេលវេលា ៣ ឆ្នាំសម្រាប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។
លោក Tigran Sargsyan ប្រធានគណៈកម្មការដែលគ្រប់គ្រងប្លុកនេះបានថ្លែងថា៖ «ក្រុមអ្នកចរចារបស់យើងនៅពេលនេះនឹងកំណត់ភារកិច្ចសម្រាប់អនាគត»។
ក្រសួងសេដ្ឋកិច្ចកាហ្សាក់ស្ថានឲ្យដឹងថា កិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះ គ្របដណ្ដប់លើទំនិញមួយចំនួនដោយអ៊ីរ៉ង់បន្ទាបពន្ធនាំចូលលើទំនិញ ២៤៦ មុខ ខណៈសមាជិក EEU បានធ្វើសម្បទានលើទំនិញ ១៧៥ ប្រភេទ។
កិច្ចព្រមព្រៀងនេះគឺជាការបង្ហាញថាក្រុងម៉ូស្គូ និងសម្ព័ន្ធមិត្តមិនដើរតាមនយោបាយរបស់អាមេរិក៕ LA