បាត់​ដំបងៈ បរិមាណ​ទិន្នផល​ដំឡូង​មី​​តាម​បណ្តា​ខេត្ត​ជាប់​​ព្រំដែន​​ជា​មួយ​​ប្រទេស ថៃ ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ ឆ្នាំ ​២០១៨-២០១៩ ខណៈ​តម្លៃ​​មិន​មាន​ការ​ប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់​​សម្គាល់​នោះ​ទេ។ នេះ​បើ​តាម​មន្ត្រី​កសិកម្ម​ខេត្ត។

ជា​ទូទៅ​កសិករ​បាន​ចាប់​ផ្តើម​​ប្រមូល​ផល​ដំឡូង​មី​​ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់ ខែកុម្ភៈ នៃ​រដូវ​កាល​ប្រមូល​ផល​ក្នុង​ឆ្នាំ​នីមួយ​ៗ​ បន្ទាប់​ពី​ការ​ធ្វើ​ការ​ដាំដុះ​នៅ​ក្នុង​ខែ​ឧសភា។

បាត់ដំបង​ ​ជា​ខេត្ត​​ដែល​មាន​​ការ​ដាំដុះ​ដំឡូងមី​ដ៏​ធំ​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស ​កម្ពុជា ប៉ុន្តែ​ការ​ដាំដុះ​​នៅ​​ក្នុង​ឆ្នាំ ​២០១៨​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ដាំដុះ​នេះ​ ដោយ​សារ​តែ​កសិករ​ភាគ​ច្រើន​បាន​ផ្លាស់​ប្តូរ​ការ​ដាំដុះ​​ទៅ​​តាម​ចរន្ត​ទីផ្សារ។

លោក​ថ្លែង​ថា៖ «​ជា​ធម្មតា​ដី​សម្រាប់​ដាំ​ដំឡូងមី និង​ពោត​ក្រហម​ក្នុង​ខេត្ត​បាត់ដំបង ​តែងតែ​ត្រូវ​កសិករ​ប្រើ​ចម្រុះ​គ្នា គឺ​​នៅ​ពេល​ណា​តម្លៃ​ដំឡូងមី​ឡើង​ខ្ពស់​ ពួក​គាត់​នាំ​គ្នា​ដាំ​​ដំឡូងមី ​ពេល​តម្លៃ​ពោត​ក្រហម​ឡើង​ខ្ពស់​ពួក​គាត់​នាំ​គ្នា​​​ដាំ​ពោត»​។ លោក​បន្ត​ថា ដោយ​សារ​កាល​ពី​ឆ្នាំ ​២០១៨ កន្លង​មក​ពោត​មាន​តម្លៃ​ខ្ពស់ ហេតុ​នេះ​ផ្ទៃដី​មួយ​ចំនួន​ត្រូវ​​បាន​កសិករ​យក​ទៅ​ដាំពោត ​ជា​ហេតុ​ធ្វើ​ឲ្យ​ទិន្នផល​ដំឡូងមី​ថយ​ចុះ។

យោង​តាម លោក គឹម ហួត នៅ​​ពេល​ថ្មី​ៗ​នេះ​ក៏​មាន​កសិករ​​ពី​ ២០​-៣០ ភាគរយ​​កំពុង​ប្រែ​ក្លាយ​ដី​ទៅ​ដាំ​ដំណាំ​រយៈ​ពេល​វែង ​ដែល​មាន​ដូច​ជា ផ្លែមៀន និង​ស្វាយ​ ផង​ដែរ។

លោក គឹម ហួត បាន​ឲ្យ​ដឹង​ទៀត​ថា ទិន្នផល​ដំឡូងមី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ប្រមាណ​ ៨០ ​ភាគរយ​ត្រូវ​បាន​នាំ​យក​ទៅ​លក់​នៅ​​ប្រទេស ​ថៃ ខណៈ​ប្រមាណ​ ២០ ​ភាគរយ​ទៀត​ត្រូវ​បាន​ឈ្មួញ​ដឹក​យក​​ទៅ​លក់​នៅ​វៀតណាម​។​

សម្រាប់​ទិន្នផល​ដំឡូងមី​​ នៅ​ក្នុង​ខេត្ត​បាត់ដំបង ​ដែល​ប្រមូល​បាន​ក្នុង​រដូវ​កាល​​ឆ្នាំ ​២០១៨-២០១៩ នេះ​មាន​ការ​ធ្លាក់​ចុះ​​ប្រហែល​ពាក់​កណ្តាល ​បើ​ធៀប​នឹង​រដូវកាល​ឆ្នាំ ២០១៧-២០១៨​។

លោក​ គឹម ហួត ថ្លែង​ថា៖​ «ដោយសារ​ទិន្នផល​ប្រមូល​បាន​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ចុះ​​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​កើន​ឡើង​តិច​តួច​បើ​ធៀប​នឹង​ឆ្នាំ​មុន​​»។​

ទិន្នន័យ​ពី​មន្ទីរ​​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង បាន​​បង្ហាញ​ថា ​ដំឡូងមី​ស្រស់​​ត្រូវ​បាន​កសិករ​លក់​ក្នុង​តម្លៃ​ជា​មធ្យម ២៧០ ​​​រៀល​ក្នុង ​១ ​គីឡូ​ក្រាម ខណៈ​​ដំឡូង​​មី​ស្ងួត​​មាន​តម្លៃ​ ៦៥០ ​រៀល​ដែល​​តម្លៃ​នេះ​ប្រហាក់​ប្រហែល​​ទៅ​នឹង​ឆ្នាំ ​២០១៧​ ដែរ​។

សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​ ២០១៨-២០១៩ ​​ខេត្ត​បាត់ដំបង​ ប្រមូល​ផល​ដំឡូងមី​​បាន​ប្រមាណ​ជាង​ ២ ​លាន​តោន​​ ​ខណៈ​កាល​ពី​រដូវ​កាល​ឆ្នាំ​ ២០១៧-២០១៨ ប្រមូល​ផល​បាន​​ជិត ​៥ លាន​តោន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​មន្ទីរ​​ពាណិជ្ជកម្ម​ខេត្ត។

យោង​តាម​តួលេខ​ ពី​មន្ទីរ​កសិកម្ម​ ខេត្ត នៅ​រដូវ​កាល​ឆ្នាំ​ ២០១៨-២០១៩ ​នេះ​ខេត្ត​បាត់ដំបង មាន​ផ្ទៃ​ដី​ដាំដុះ​ដំឡូងមី​ ១១៣ ៤៩៨​​ ហិកតា ដែល​ក្នុង ​១ ​ហិកតា​​ ផ្តល់​ទិន្នផល​ប្រមាណ ​២៤,៦ ​តោន។

លោក​​ស្រី ឆាយ សុភា ​ឈ្មួញ​នៅ​ក្នុង​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង ​ដែល​ប្រមូល​ទិញ​ដំឡូងមី​ពី​កសិករ បាន​និយាយ​ថា បើ​ទោះ​បី​ជា​ផល​ដំឡូងមី​ នៅ​ឆ្នាំ​នេះ​មាន​បរិមាណ​តិច​ជាង​ឆ្នាំ​មុន​ក៏​ដោយ ក៏​តម្លៃ​មិន​បាន​កើន​ឡើង​​ខ្ពស់​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា៖​ «​ខ្ញុំ​ទិញ​ដំឡូងមី​​ពី​កសិករ​ក្នុង​តម្លៃ​មួយ ​ដែល​អាច​ឲ្យ​ខ្ញុំ​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​មក​ពី​ប្រទេស ​ថៃ បាន​​»។

ដោយ​ឡែក​ លោក ថុន មិថុនា អនុ​ប្រធាន​ការិយាល័យ​ក្សេត្រសាស្រ្ត និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​​ប៉ៃលិន​ បាន​ប្រាប់​ថា សម្រាប់​ស្ថានភាព​​ជា​ទូទៅ​នៃ​ការ​បង្ក​បង្កើន​ផល​ដំឡូងមី​នៅ​ខេត្ត​ប៉ៃលិន​នា​​​រដូវ​កាល​​ឆ្នាំ ​២០១៨-២០១៩ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មក។

លោក​បន្ត​ថា ​តាម​ការ​ប៉ាន់​ស្មាន ​ទិន្នផល​ឆ្នាំ ​២០១៨-២០១៩ ​អាច​នឹង​ទទួល​ជាង ​១,២ ​លាន​តោន​ ខណៈ​កាល​ពី​ឆ្នាំ ២០១៧-២០១៨ បាន​ ​១ ​លាន​តោន​។​

លោក​​បាន​​អះអាង​ថា៖ ​«​សម្រាប់​រដូវកាល​ប្រមូល​ផល​ដំឡូងមី​នៅ​ខេត្ត​ប៉ៃលិន​ឆ្នាំ​នេះ ខ្ញុំ​អាច​និយាយ​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​រដូវ​កាល​មុន ពិសេស​​កំណើន​ទិន្នផល»។

ទិន្នន័យ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ បង្ហាញ​ថា ក្នុង​ឆ្នាំ ​២០១៨ ​ខេត្ត​ប៉ៃលិន ​មាន​ផ្ទៃ​ដី​ដាំ​ដំឡូង​មី ៤៤ ៩០៥ ​ហិកតា ​កើន​ពី​ ៤០ ២០០​ ហិកតា កាល​ពី​ឆ្នាំ ​២០១៧។

តម្លៃ​ជា​មធ្យម​ដែល​កសិករ​លក់​នៅ​ខេត្ត​ប៉ៃលិន គឺ ២៩០ ​រៀល​ក្នុង ១ ​គីឡូ​ក្រាម​សម្រាប់​ដំឡូង​ស្រស់​​ ខណៈ​ដំឡូងមី​ស្ងួត ​មាន​តម្លៃ​ ៧១០ ​រៀល​ កើន​ពី ៣២០ ​រៀល និង​ ៧០០ ​រៀល កាល​ពី​ឆ្នាំ ២០១៧។

តួលេខ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ កាល​ពី​ឆ្នាំ ​២០១៧​ ​បង្ហាញ​ថា​ ការ​ដាំដុះ​ដំឡូងមី​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ ៦១៤ ០០០ ​ហិកតា ​ដោយ​ផ្ដល់​បរិមាណ​ផល​ប្រមាណ ១៣ ៨១៧ ០០០​ តោន​​៕LA